ព័ត៌មានជាតិ
ថៃពង្រីកសមរភូមិសង្គ្រាមស្ទើរតែពេញមួយបណ្ដោយបន្ទាត់ព្រំដែន បង្ខំឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួន
យោធាថៃបានពង្រីកសមរភូមិប្រយុទ្ធមកលើកម្លាំងកម្ពុជា ស្ទើរតែពេញមួយបន្ទាត់ព្រំដែនដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ។ យោធាថៃបានបើកការបាញ់ប្រហារដោយចាប់ផ្ដើមចេញពីខេត្តព្រះវិហារ ពង្រីកមកដល់ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងយោធភូមិភាគទី៤ និងទី៥របស់កម្ពុជា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ ការណ៍នេះបង្ខំឱ្យកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួន ឆ្លើយតបទៅនឹងការឈ្លានពាននេះ។

ក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា យោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយោធ ភូមិភាគទី៤ នៅក្នុងតំបន់ភ្នំខ្មោច ចាប់តាំងពីវេលាម៉ោង ០៤:៤៥នាទីទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត រួមមាន៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ និងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របី។

ក្រសួងការពារជាតិបន្ថែមថា យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។
យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។
សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញហើយ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាពសិន។
ការឆ្លើយតបដោយអាវុធរបស់កម្ពុជាធ្វើឡើងរយៈពេលជាង២៤ម៉ោង ក្រោយថៃបើកការបាញ់ប្រហារតាំងពីវេលាម៉ោង២ ថ្ងៃទី៨ ខែធ្នូ។ ការឆ្លើយតបរបស់កម្ពុជា ឆ្លើយតបដោយយោងតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារក្សាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ។

ប្រទេសកម្ពុជា និងថៃមានព្រំដែនជាប់គ្នាប្រវែងជាង៨០០ គីឡូម៉ែត្រ ក្នុងនោះខេត្តដែលជាប់ជាមួយថៃមានចំនួន៧ ដូចជាខេត្តព្រះវិហារប្រវែង ១២៩ គីឡូម៉ែត្រ, ខេត្តឧត្តរមានជ័យ២២៤ គីឡូម៉ែត្រ, ខេត្តបន្ទាយមានជ័យ១៥៣ គីឡូម៉ែត្រ, ខេត្តបាត់ដំបង១៤៤ គីឡូម៉ែត្រ, ខេត្តប៉ៃលិន ៤៣ គីឡូម៉ែត្រ, ខេត្តពោធិ៍សាត់៨០ គីឡូម៉ែត្រ និងខេត្តកោះកុង៥០ គីឡូម៉ែត្រ ក្នុងនោះមានព្រំដែនដើរតាមខ្សែទឹកមានប្រវែងជាង ២១០ គីឡូម៉ែត្រ និងព្រំដែនដើរតាមដីគោកមានប្រវែងប្រមាណ ៥៩៥ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
រាជរដ្ឋាភិបាលបានបែងចែកប្រទេសកម្ពុជា ចេញជា៦យោធភូមិភាគ ក្នុងនោះខេត្តជាប់ព្រំដែនថៃ គឺដូចជាខេត្តព្រះវិហារ, ឧត្ដរមានជ័យគឺស្ថិតនៅក្នុងយោធភូមិភាគ៤។ ខេត្តបន្ទាយមានជ័យ,បាត់ដំបង,ប៉ៃលិន,ពោធិ៍សាត់ ស្ថិតនៅយោធភូមិភាគទី៥ ចំណែកខេត្តកោះកុង ស្ថិតនៅក្នុងយោធភូមិភាគទី៣៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


