Connect with us

ព័ត៌មានជាតិ

ផ្គើនអាមេរិក យោធាថៃបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើកម្ពុជា នៅព្រឹកថ្ងៃ១៤ធ្នូនេះ

បានផុស

នៅ

ការវាយប្រហារឈានចូលថ្ងៃទី៨​ បើទោះជាមានការអំពាវនាវពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអះអាងថា ចាប់តាំងពីវេលារំលងអធ្រាត្រ បន្តដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបាញ់ផ្លោងចូលតំបន់ព្រះវិហារ ប្រាសាទខ្នារ តំបន់បឹងត្រកួន ភូមិជោគជ័យ និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅតំបន់ថ្មដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយនៅថ្ងៃអាទិត្យនេះថា ថៃបានបន្តរំលោភបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានចុះតហត្ថលេខាកាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

បើតាមលោកស្រី ម៉ាលី សុជាតា ស្ថានភាពគំរាមកំហែង និងសកម្មភាពឈ្លានពានពីសំណាក់យោធាថៃលើទឹកដីកម្ពុជានៅតែកើតមានឡើង ដោយយោធាថៃបន្តបាញ់ប្រហារមកលើកម្ពុជា ចាប់តាំងពីវេលារំលងអធ្រាត្រ រហូតចូលដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

កំណត់ត្រាវាយប្រហារដែលបង្ហាញដោយអ្នកនាំពាក្យក្រសួងការពារជាតិ គឺនៅវេលាម៉ោង២:៤០នាទីរំលងអធ្រាត្រ ថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ ម៉ោង៣:១០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្ដើមបង្កើនរថក្រោះ និងកម្លាំងថ្មើរជើងចូលមកបន្ថែមទៀតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ និងគាំទ្រដោយការបាញ់កាំភ្លើងធំ ផ្សែងពុល និងគ្រាប់បែកចង្កោម វេលាម៉ោង៥:៣០នាទីព្រឹក យោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងធំចូលទៅភូមិសាស្ត្រប្រាសាទខ្នារ។

នៅវេលាម៉ោង៥:៥៥នាទីព្រឹក យោធាថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក៤គ្រាប់ នៅភូមិសាស្ត្រអូរភ្លុកដំរី ក្នុងឃុំថ្មដា ម៉ោង៦:០៨នាទីព្រឹក យោធាថៃបានចាប់ផ្ដើមការវាយប្រហារនៅភូមិសាស្ត្រច១ នៅម៉ោង៦:៣០នាទីព្រឹក យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន វេលាម៉ោង៧:៤៩នាទីព្រឹក យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រ ភូមិជោគជ័យ និងវេលាម៉ោង ៨:១៥នាទី ថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់១គ្រាប់នៅភូមិសាស្ត្រច១។

ប្រតិបត្តិការយោធាតាមបណ្តោយព្រំដែន​ជាមួយកម្ពុជាពេលនេះ គឺជាផ្គើននឹងសម្ដីរបស់លោក​ ដូណាល់ ត្រាំ ដោយធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានអះអាង​ថា លោកបានសម្របសម្រួលឱ្យមានបទឈប់បាញ់ជាថ្មីរវាងកម្ពុជា និងថៃ។

បន្ទាប់ពីបានជជែកជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃសុក្រ លោក ត្រាំ ថា មេដឹកនាំទាំងពីរ បានយល់ព្រមបញ្ឈប់ការបាញ់ទាំងអស់។ ដំណាលគ្នានេះ បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ាន បានប្រាប់ឱ្យកម្ពុជា និងថៃ ត្រូវបញ្ចប់សកម្មភាពយោធាចាប់ពីម៉ោង​១០​យប់​ថ្ងៃ​សៅរ៍តទៅ។

ការសម្របសម្រួលរបស់លោក ត្រាំ និងលោក អាន់វ៉ា ត្រូវបានកម្ពុជាសាទរ តែសម្រាប់នាយករដ្ឋមន្ត្រីថៃ បែរ​ជា​ចេញ​មុខ​មក​ទទូច​ទាំង​ទទឹង​ទិស​ថា មិនមានបទឈប់បាញ់ណាមួយត្រូវបានធ្វើឡើងនោះ​ឡើយ។ ប៉ុន្តែយ៉ាងណា លោក អាន់វ៉ា បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រមុខការពារជាតិម៉ាឡេស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែន ដោយ​អាមេរិកផ្តល់ការគាំទ្រដល់ការត្រួតពិនិត្យតាមផ្កាយរណបសម្រាប់ការអនុវត្តបទឈប់បាញ់នេះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម