Connect with us

ព័ត៌មានជាតិ

អាជីវកម្ម​ចំនួន ៣ ជាប់​កាតព្វកិច្ច​ចាំបាច់​ត្រូវ​ទិញ​ធានារ៉ាប់រង​ការពារ​គ្រោះថ្នាក់

បានផុស

នៅ

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃនិយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​បញ្ជាក់​ថា យោងតាម​ច្បាប់​បាន​តម្រូវ​ឲ្យ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំនួន ៣ ត្រូវ​ជាប់​កាតព្វកិច្ច​​ទិញ​ធានារ៉ាប់រង​ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​​កើត​ឡើង​។

លោក ប៊ូ ច័ន្ទភីរូ​ បាន​ថ្លែង​ថា កាតព្វកិច្ច​បាន​ន័យ​ថា ​ជា​ការ​​ចាប់​បង្ខំ​ត្រូវ​តែ​អនុវត្ត​​ដាច់ខាត​ដែល​កំណត់​ដោយ​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃនិយ័តករ​ធានារ៉ាប់រង​កម្ពុជា​

លោក​ពន្យល់​យោងតាមច្បាប់ដែលបានអនុម័តដាក់ឱ្យប្រើប្រាស់តាំងពី​ឆ្នាំ ​២០០០ ដែល​បាន​​កំណត់​លើ​អាជីវកម្ម​ដែល​ច្បាប់​តម្រូវ​ឲ្យ​ទិញ​ធានារ៉ាប់រងរួមមាន៖

១).យានយន្ត​ប្រកប​អាជីវកម្ម​

ច្បាប់​បាន​កំណត់​ថា ម្ចាស់​យានយន្ត​ដែល​ប្រកប​អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​មាន​ការធានារ៉ាប់រង​យានយន្ត​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ណាមួយ លើ​ភារៈទទួល​ខុស​ត្រូវចំពោះ​រាល់ការខូចខាតបង្កឡើងដល់តតិយជន ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយយានយន្ដរបស់ខ្លួន។

២).យានយន្តដឹកជញ្ជូនអ្នកដំណើរ​

ច្បាប់​កំណត់ថា ប្រតិបត្តិករអាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ រួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ត្រូវ​មាន​ភារៈ​ទទួលខុសត្រូវ​ចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ទោះ​បី​មធ្យោបាយ​នោះ​ចរាចរ​តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែក​ក៏ដោយ។

៣). ការដ្ឋាន​សាងសង់

​ច្បាប់​បាន​កំណត់ថា រូបវន្តបុគ្គលឬនីតិបុគ្គលដែល​ជា​ម្ចាស់ការដ្ឋាន ត្រូវមានកិច្ចសន្យា​ធានារ៉ាប់រង​លើភារៈ​ទទួលខុស​ត្រូវ​ការ​ដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងរូបរាងកាយ និង​ទ្រព្យ​សម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។

លោក ប៊ូ ច័ន្ទភីរូ បាន​បន្ត​ថា ជារួមច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់​អាជីវកម្មដឹក​ជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋាន​សាងសង់ ត្រូវទិញ​ធានារ៉ាប់រង​ភារៈទទួលខុស​ត្រូវ​ចំពោះ​រាល់ការខូចខាតបង្កឡើងដល់តតិយជន ដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន។

ការ​​ធានារ៉ាប់រងជា​កាតព្វកិច្ច​​ ក្នុង​ច្បាប់ក៏បានកំណត់ទោសទណ្ឌ​ចំពោះបុគ្គល​ដែលល្មើស​មិនអនុវត្ត​តាម​កាតព្វកិច្ច​ទាំងនេះ។ លោក ប៊ូ ច័ន្ទភីរូ បញ្ជាក់​បន្ថែម។

បើ​តាម​មន្រ្តី​និយ័តករធានារ៉ាប់រងកម្ពុជា​ ទោះ​បី​ច្បាប់​ធានារ៉ាប់រង​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​តាំងពីឆ្នាំ ២០០០ មាន​កត្តា​ចំនួន ៣ ដែល​បណ្តាល​ឲ្យ​ការអនុវត្តនៅ​មាន​កម្រិត​ទាប​រួម​មាន៖

ទី១).ម្ចាស់​យានយន្ត ម្ចាស់អាជីវកម្ម​ដែលប្រកបអាជីវកម្មដឹកជញ្ជូន និង​ម្ចាស់ការដ្ឋាន​ពុំទាន់​បាន​ជ្រាប​ពី​កាតព្វកិច្ច​ដែលត្រូវទិញ​ធានារ៉ាប់រង​សម្រាប់​ការប្រកប​អាជីវកម្ម

ទី២).ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច​ដល់សាធារណជន ព្រម​ទាំង​តួអង្គ​ពាក់ព័ន្ធ​ពុំទាន់មានភាពទូលំទូលាយ

ទី៣).ក្រសួងស្ថាប័ន​ដែល​មានសមត្ថកិច្ច​អនុវត្ត ពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការ​អនុវត្ត​ការធានារ៉ាប់រង​នេះ​នៅឡើយ។

ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជាបាន​រៀបចំ “ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យ​ធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយ​បាន​កំណត់​យក​ការពង្រឹងការអនុវត្តការធានារ៉ាប់រងជា​កាតព្វកិច្ច ជា​ផែនការអាទិភាព​មួយតាម​រយៈ​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ការ​អនុវត្ត​ការធានារ៉ាប់រង ដែល​ត្រូវ​បាន​កំណត់ជាកាតព្វកិច្ច ក្នុងច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ។

​ពាក់ព័ន្ធ​​ការអនុវត្ត​ធានារ៉ាប់រងជា​កាតព្វកិច្ច​នេះ លោក​ស្រី តិមា វិច្ឆិកាល អភិបាល​រង​រាជធានី​ភ្នំពេញ​​បានលើកគោលការណ៍​ដ៏​សាមញ្ញ​មួយ​គឺ​នៅ​ពេល​ដែល​មាន​គ្រោះ​​កើតឡើង អាច​​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជា​ច្រើន ហេតុនេះ​ចាំបាច់​ត្រូវ​មានការ​ចែក​រំលែក​ការទទួលខុសត្រូវ។

លោក​ស្រី តិមា វិច្ឆិកាល អភិបាល​រង​រាជធានី​ភ្នំពេញ

លោក​ស្រី​​ពន្យល់ថា​ ហេតុអ្វី​និយាយដូចនេះ? ព្រោះ​ពេលមាន​គ្រោះថ្នាក់មួយកើតឡើង នោះ​មិន​មែន​ជះ​ឥទ្ធិពលតែ​នៅ​លើ​​​មនុស្សម្នាក់​នោះទេ វា​នឹង​ប៉ះពាល់​ដល់មនុស្ស​ដទៃទៀត។ ការ​ធានារ៉ាប់​រង​គឺ​ដើម្បី​ធានា​ថា នៅពេល​ដែលមានហេតុការណ៍អាក្រក់​កើតឡើង​ជាយថាហេតុ បុគ្គលិក​ឬ​ក្រុម​មនុស្ស​ដែល​ទទួល​រងគ្រោះ​ នឹង​មិន​ទទួល​រង​ទម្ងន់នៃ​ការ​ខាត​បង់​តែម្នាក់ឯងនោះទេ ពិសេសការ​ខាត​បង់​ផ្នែក​ហិរញ្ញវត្ថុ​។

លោក​ស្រី​ជឿជាក់​ថា ការធានារ៉ាប់រងជាកាតព្វកិច្ច​ពិតជាមាន​សារៈសំខាន់ណាស់ ក្នុងការរួមចំណែក​ការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ច​របស់រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត​កំពុង​មានការអភិវឌ្ឍ​លើគ្រប់វិស័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម