ព័ត៌មានជាតិ
លែងកូនក្ដាមថ្មជាង ៤០០ គីឡូក្រាម នៅតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តកោះកុង
មន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូ និងប្រជាសហគមន៍ចំនួន ២ ក្នុងខេត្តកោះកុង បានរួមគ្នាលែងកូនក្តាមថ្មជាង ៤០០ គីឡូក្រាម ចូលទៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រាមក្រសោប និងបឹងកាឆាង ស្រុកមណ្ឌលសីមា។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បង្ហាញឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ថា ក្នុងន័យដើម្បីស្តារធនធានជលផល និងលើកកម្ពស់ដល់ប្រព័ន្ធអេកូឡូស៊ី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទើបខិតខំលែងធនធានជលផលនៅតំបន់អភិរក្សសំដៅដើម្បីស្តារធនធានជលផល និងលើកកម្ពស់ដល់ជីវចម្រុះប្រព័ន្ធអេកូឡូស៊ី។

លោកអនុរដ្ឋលេខាធិការ គូសបញ្ជាក់ថា ការអភិរក្សធនធានជលផលមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់ចំណូលសេដ្ឋកិច្ចក្នុងសហគមន៍របស់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរ។ បន្ថែមលើនេះ លោកក៏ស្នើដល់ប្រជានេសាទទាំងអស់ចូលរួមការពារអភិរក្សធនធានជលផលដែលកំពុងមានបន្ថែមទៀតទៅអនាគត ចៀសវាងការនេសាទខុសច្បាប់ហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។

លោក ខ្វៃ អាទិត្យា បានបន្តថា ក្រៅពីលែងក្តាមពូជទាំងអស់នេះហើយ សូមប្រជាសហគមន៍បន្តដាំស្តារព្រៃកោងកាងបន្ថែមទៀត ដើម្បីបង្កើនគម្របព្រៃបៃតងកាន់តែច្រើន។ ក្រសួង និងមន្ទីរបរិស្ថានរាជធានី-ខេត្ត បានបណ្តុះកូនឈើប្រមាណជិត ៥ លានដើម ចែកជូនដល់មហាជន គ្រឹះស្ថានអប់រំ វិស័យឯកជន យកទៅដាំដុះនៅផ្ទះ វត្តមាន ឬទីសាធារណៈសហគមន៍នានា។ ជាក់ស្តែងនៅឆ្នាំ ២០២៦ នេះ គ្រោងចែកកូនឈើ ៣ លានដើម បន្ថែមទៀត។

ចំណែក លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង ចាត់ទុកការលែងកូនក្តាម និងពូជក្តាមថ្មនៅតំបន់សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងពាមក្រសោប និងតំបន់ការពារធនធានធម្មជាតិបឹងកាឆាងនេះ ជាការធានាសន្តិសុខស្បៀងអាហារទៅថ្ងៃមុខ ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋតាមតំបន់ឆ្នេរ និងបន្សាំការប្រែប្រួលអាកាសធាតុផងដែរ។

លោកអភិបាលរងខេត្តកោះកុង បន្តថា ខេត្ត ក៏មានវារីវប្បកម្មចិញ្ចឹមក្តាមថ្ម ក្តាមសេះ និងត្រី សំដៅដល់មិនរំពឹងលើការនេសាទបែបធម្មជាតិនោះឡើយ។

គួរកត់សម្គាល់ថា ក្ដាម ក៏ដូចជាធនធានជលផលសមុទ្រជាច្រើនប្រភេទ កំពុងរងគ្រោះពីការនេសាទ និងថយចុះគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ការបង្កាត់ពូជក្ដាមថ្មនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន តាមរយៈការលែងចូលក្នុងសមុទ្រ ព្រៃកោងកាង និងសហគមន៍នេសាទនានា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


