ព័ត៌មានជាតិ
តំណាង UN បញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តសហការគ្នាលើកកម្ពស់វិស័យអប់រំនៅកម្ពុជា
លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (United Nations) បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តសហការគ្នាលើកកម្ពស់វិស័យអប់រំ តាមរយៈការរៀបចំសិស្សឱ្យរួចរាល់សម្រាប់ទទួលយកការអប់រំ ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការរៀនសូត្រ និងការបន្តផ្តល់ឱកាសអភិវឌ្ឍសមត្ថភាពកាន់តែច្រើនសម្រាប់យុវជន។

លោកស្រីបានបញ្ជាក់ដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
មានប្រសាសន៍នាឱកាសនេះ លោកស្រីតំណាង UN បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជាក្នុងអំឡុងពីរទសវត្សរ៍មកនេះ ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។ ជាមួយនេះដែរ លោកស្រី បានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការយុទ្ធសាស្ត្រ និងអាទិភាពថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តគាំទ្រកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍លោកស្រី Vladanka Andreeva ចំពោះការវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទីពីរ ក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពកំណែទម្រង់ការអប់រំ និងអាទិភាពថ្មីដែលក្រសួងបាននិងកំពុងផ្តោតយកចិត្តទុកដាក់រួមមាន៖ ការលើកកម្ពស់ការអប់រំកុមារតូច, កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍, ការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី (NGS), កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំឌីជីថល, ការជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM), ការលើកកម្ពស់សុខភាពសិក្សា ការអភិវឌ្ឍយុវជន និងជំនាញសតវត្សទី២១, កំណែទម្រង់ឧត្តមសិក្សា និងការអភិវឌ្ឍវិស័យកីឡា។
បើតាមក្រសួងអប់រំ ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ “ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌”។

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរលោកស្រី Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា ក្រោមការដឹកនាំសម្របសម្រួលរបស់លោកស្រី នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការសហប្រជាជាតិកាន់តែរីកចម្រើន ជាពិសេសនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាកាន់តែច្រើនបន្ថែមទៀត៕




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


