Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ស្នើថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំយកចិត្តទុកដាក់អនុវត្តតួនាទីខ្លួនប្រកបដោយព្រហ្មវិហារធម៌

បានផុស

នៅ

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុងពោធិ៍សាត់ បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំឱ្យយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួនប្រកបដោយព្រហ្មវិហារធម៌ និងបង្កើនសាមគ្គីភាពផ្ទៃក្នុង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់ និងបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងក្លឹបគ្រូបង្រៀនប្រចាំក្រុងពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំអូរចំបក់។

ថ្លែងនាឱកាសនោះ លោកអភិបាលខេត្ត បានជម្រាបជូនថា ការបង្កើត “ក្លឹបគ្រូបង្រៀន” នេះឡើង គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ លោក ខូយ រីដា ក៏បានផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ រក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើជាគំរូនៃសាមគ្គីភាព ទាំងក្នុងសាលា និងក្នុងក្លិប, រៀបចំសោភណ្ឌភាព និងបរិស្ថាន ទាំងក្នុងនិងក្រៅសាលាឱ្យបានស្អាតល្អ, បន្តការអភិវឌ្ឍសមត្ថភាព ស្របតាមយុគសម័យឌីជីថល ដើម្បីបណ្ដុះកូនចៅអ្នកពោធិ៍សាត់ឱ្យកាន់តែខ្លាំង, គណៈកម្មការថ្មី ត្រូវរៀបចំផែនការសកម្មភាពឱ្យច្បាស់លាស់ និងបម្រើសមាជិកដោយភាពស្មោះត្រង់។

កិច្ចសំណេះសំណាលនាឱកាសនោះ មិនត្រឹមតែជាការជួបជុំតាមផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់បំផុតចំពោះ “វិស្វករព្រលឹង” ដែលបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម