ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ កត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារខ្មែរទូទាំងប្រទេសរស់នៅប្រកបដោយសុវត្ថិភាពបំផុត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា កត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារខ្មែរទូទាំងប្រទេសរស់នៅប្រកបដោយសុវត្ថិភាពបំផុត និងការអភិវឌ្ឍ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី ១១៥ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅទីស្តីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃសុក្រ ៣ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងបន្តការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា នេះក៏ជាឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានភាគផលពីកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយសមធម៌ និងសមភាព តាមរយៈការបន្តគិតគូរដល់ស្ត្រីដែលបម្រើការក្នុងវិស័យមាសបៃតង ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍នានារបស់ក្រសួង។

គួរបញ្ជាក់ថា ក្នុងអាណត្តិទី ៧ នេះ ក្រសួងទេសចរណ៍ មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការសរុបចំនួន ១,៣១៨ រូប (ស្ត្រី ៤៥២ រូប ស្មើនឹង ៣៤.២៩%) ក្នុងនោះ នៅទីស្តីការក្រសួង មានមន្រ្តីសរុបចំនួន ៨១៧ រូប (ស្ត្រី ២៦៤ រូប ស្មើនឹង ៣២.៣១%) និងនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត មានមន្រ្តីរាជការចំនួន ៥០១ រូប (ស្ត្រី ១៨៨ រូប ស្មើនឹង ៣៧.៥២%)។ ចំណែកឯមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន ៥៤៥ រូប (ស្រ្តី ២៧៩ រូប ស្មើនឹង ៥១.២០%) ក្នុងនោះទីស្តីការក្រសួង មានចំនួន ២៤៥ រូប (ស្រ្តី ១១៩ រូប ស្មើនឹង ៤៨.៥៧%) និងនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត មានមន្រ្តីកិច្ចសន្យាចំនួន ៣០០ រូប (ស្រ្តី ១៦០ រូប ស្មើនឹង ៥៣.៣៣%)។ ដោយឡែក កម្លាំងពលកម្មជាស្រ្តីក្នុងវិស័យទេសចរណ៍ មានប្រមាណជិត ៦០% នៃកម្លាំងពលកម្មសរុប ដោយស្រ្តីមានវត្តមាននៅគ្រប់សេវាកម្មទាំងអស់ នៃវិស័យទេសចរណ៍។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា និងបង្កើតឱ្យមានយុទ្ធនាការនានាក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងសី ដោយបានកំណត់ទិវានេះជាថ្ងៃឈប់សម្រាកផ្លូវការផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៦ នេះ ត្រូវបានប្រាព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិធីអបអរសាទរខួបលើកទី ១១៥ ទិវានារីអន្តរជាតិ ៨ មីនា (៥-មីនា-២០២៦) ស្ថិរភាពសង្គម និងវិបុលភាពសង្គម។

សម្រាប់កម្ពុជា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


