ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា-សិង្ហបុរី ពិភាក្សាយ៉ាងស៊ីជម្រៅលើការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានពិភាក្សាយ៉ាងស៊ីជម្រៅលើការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ នេះបើតាមក្រសួងការបរទេសផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនៅលើទឹកដីសិង្ហបុរី បញ្ចប់ទៅ។

ក្រសួងការបរទេសនៃកម្ពុជា មិនទាន់បានសរសេរៀបរាប់លម្អិតអំពីខ្លឹមសារដែលរដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្រ្តី វិវៀន បាឡាគ្រីស្សណាន់ ជជែកគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាព្រំដែនកម្ពុជា-ថៃឡើយ។ យ៉ាងណាគេរំពឹងថា ខ្លឹមសារ នៃការជជែកយ៉ាងស៊ីជម្រៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ នឹងបង្ហាញឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជានៅសិង្ហបុរីបញ្ចប់ទៅ។

ចំពោះការវិវត្តចុងក្រោយនៃស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នារយៈពេលចុងក្រោយនេះ គឺភាគីថៃ បានកម្ទេចផ្ទះសម្បែងពលរដ្ឋខ្មែរ រាយបន្លាលួស ដាក់ទូរកុងតឺន័រ កាន់កាប់ចូលជ្រៅមកក្នុងទឹកដីកម្ពុជាយ៉ាងហោចណាស់១៤ទីតាំងនៅក្នុងខេត្តចំនួន៤ដូចជាពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ រារាំងពលរដ្ឋខ្មែរស្លូតត្រង់ដែលជាជនភៀសសឹកជិត៥ម៉ឺននាក់មិនឱ្យទៅរស់នៅក្នុងផ្ទះសម្បែងដោយសេចក្ដីថ្លៃថ្នូរ មិនព្រមបោះបង្គោលព្រំដែនតាមសមត្ថកិច្ចជំនាញ ដោយប្រើប្រាស់កងកម្លាំងកែប្រែស្ថានភាពលើដី និងកែប្រែបន្ទាត់ព្រំដែន ផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់។

ស្របពេលដែលពិភពលោកកំពុងរីករាលដាលនូវជម្លោះប្រដាប់អាវុធ ក្រសួងការបរទេសឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារទ្វេភាគី លោក ប្រាក់ សុខុន និងសមភាគី បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។
គួរកត់សម្គាល់ថា ចាប់តាំងពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ កើនឡើងកម្ដៅ ព្រោះតែភាគីថៃបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ ក្នុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបីក្នុងទឹកដី និងដែនអធិបតេយ្យកម្ពុជា សិង្ហបុរី បង្ហាញជំហរប្រយ័ត្នប្រយែងក្នុងការអត្ថាធិប្បាយ ដោយនាយករដ្ឋមន្ត្រីសិង្ហបុរី អំពាវនាវឱ្យកម្ពុជា-ថៃ អត់ធ្មត់ឱ្យបានខ្ពស់បំផុត និងបន្តកិច្ចសន្ទនា ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ក្នុងពេលដែលកម្ពុជា-ថៃ ប្រយុទ្ធគ្នាដោយអាវុធនៅចុងខែកក្កដា ឆ្នាំ២០២៥ សិង្ហបុរី ក៏បន្តរក្សាជំហរប្រយ័ត្នប្រយែងក្នុងការអត្ថាធិប្បាយ ដោយអំពាវនាវឱ្យកម្ពុជា-ថៃ អត់ធ្មត់ និងបញ្ឈប់អរិភាពនឹងគ្នា បន្ធូរបន្ថយភាពតានតឹងតាមរយៈការយន្ដការការទូត និងធានាសុវត្ថិភាពជនស៊ីវិល។ បន្ទាប់មកក្រោយពីមានបទឈប់បាញ់ សិង្ហបុរី បានបញ្ជូនបុគ្គលិកយោធារបស់ខ្លួនមកកម្ពុជា ដើម្បីចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីសង្កេត ការណ៍ តាមដាន វាយតម្លៃ រាយការណ៍ពីការអនុវត្តបទឈប់បាញ់។
នៅពេលដែលថៃ បានបើកការវាយប្រហារទ្រង់ទ្រាយធំមកលើកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ២០២៥ សិង្ហបុរី ក៏បានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថូរបន្ថយកម្ដៅរវាងកម្ពុជា-ថៃ ដោយបានអំពាវនាវឱ្យភាគីទាំងពីរអត់ធ្មត់ និងដោះស្រាយអរិភាពតាមរយៈការសន្ទនា និងការចរចា ដោយអនុវត្តតាមស្មារតី និងគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួរ។ ក្រោយពីការប្រយុទ្ធអូសបន្លាយ២សប្ដាហ៍ ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊នានៅលើទឹកដីម៉ាឡេស៊ី ស្ដីពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២២ ខែធ្នូ សិង្ហបុរី បានប្រឹងប្រែងសម្របសម្រួលជាមួយភាគីកម្ពុជា និងថៃ ដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីបញ្ចុះបញ្ចូលឱ្យមានបទឈប់បាញ់ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។
ឈានចូលមកដល់ឆ្នាំ២០២៦ នៅក្រៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅលើទឹកដីហ្វីលីពីន សិង្ហបុរី ដែលមានឥទ្ធិពលនយោបាយដ៏ខ្លាំងនៅក្នុងតំបន់អាស៊ាន បានជំរុញជាចំហរទៅកាន់ភាគីថៃឱ្យដោះស្រាយភាពតានតឹងជាមួយកម្ពុជា ដោយសន្តិវិធីក្នុងជម្លោះព្រំដែន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


