ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡ រ៉េនវ៉ុង គាំទ្រឱ្យកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនក្ដៅដ៏ចម្រូងចម្រាសដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។ លោក ឡ រ៉េនវ៉ុង បង្ហាញការគាំទ្រដូច្នេះ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការរយៈពេលខ្លីនៅកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ចំពេលកម្ពុជា និងថៃ មានជម្លោះព្រំដែនក្ដៅគគុក។

លោក ឡ រ៉េនវ៉ុង សរសេរលើទំព័រហ្វេសប៊ុកផ្លូវការ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាដូច្នេះ៖« ដំណើរទស្សនកិច្ចរបស់ខ្ញុំនាពេលនេះ គឺកើតឡើងចំពេលមានភាពតានតឹងខ្លាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ខ្ញុំសូមគូសបញ្ជាក់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវរក្សាភាពអត់ធ្មត់ឲ្យបានខ្លាំងបំផុត និងបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។»។

នៅក្នុងបរិយាកាសសកលលោកដែលមិនច្បាស់លាស់នាពេលបច្ចុប្បន្ន នាយករដ្ឋមន្ត្រី ឡ រ៉េនវ៉ុង គូសបញ្ជាក់ថា បណ្តាប្រទេសអាស៊ានមិនត្រូវបណ្តោយឲ្យជម្លោះបំបែកបំបាក់សហគមន៍រួមមួយនេះបានឡើយ។ ប្រទេសជាសមាជិកអាស៊ានត្រូវធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព ពង្រឹងស្ថិរភាពតំបន់ និងពង្រឹងសមាហរណកម្មអាស៊ាន សំដៅធានាឱ្យបានការផ្ដល់ប្រយោជន៍រួមឱ្យគ្នា។

សូមរម្លឹកជាថ្មីថា ដើម្បីដោះស្រាយបញ្ហាព្រំដែនរសើបជាមួយថៃ កម្ពុជា មានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការយកតំបន់មុំបី តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប្ដឹងទៅតុលារយុត្តិធម៌អន្តរជាតិ ឱ្យដោះស្រាយ កាត់ក្ដីឱ្យដាច់ស្រេច ផ្ដល់យុត្តិធម៌មួយដែលមិនលម្អៀង យូរអង្វែង និងបញ្ចៀសសង្គ្រាមតាមបណ្ដោយព្រំដែនជាមួយថៃ។

ដើម្បីដំណើរការក្ដីដោយប្រើយន្តការច្បាប់អន្តរជាតិ នៅតុលាការយុត្តិធម៌ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលមានសមាសភាពឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ, រដ្ឋមន្ត្រីក្រសួងវប្បធម៌, និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងសមាសភាពសំខាន់ៗជាច្រើនផ្សេងទៀតមកពីកងទ័ពកម្ពុជា ។

នៅល្ងាចថ្ងៃទី០១ ខែកក្កដា សាស្ត្រាចារ្យ សង់ ម៉ាក់សូរែល អ្នកជំនាញច្បាប់អន្តរជាតិ និងជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយឱ្យកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ បានមកដល់កម្ពុជា ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


