Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ សម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត ការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការវិវត្តន៍ នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាង ឬ​ពណ៌​សម្បុរ​នោះទេ ប៉ុន្តែ​វាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់​វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល» ហើយ​ការវិវត្តន៍​នោះបាន​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ​របស់សង្គមជាតិក្រោមម្លប់សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតី ការសម្តែង​ទស្សនីយភាព​របាំ​ស្ដីពី ការវិវត្តន៍ នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅ​សាល​មហោស្រព​ចតុមុខ រាជធានីភ្នំពេញ កាលពី​រាត្រីថ្ងៃពុធ ១៥ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦។

តាមរយៈ នៃ​ការវិវត្តន៍ នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាង ឬ​ពណ៌​សម្បុរ​នោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការ​រស់រាន​មានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយ​ការវិវត្តន៍​នោះ​បានចូលរួមចំណែករួមមាន ៖ ១.រក្សានូវ​អត្តសញ្ញាណ និងស្មារតីជាតិ ព្រោះថា សម្លៀកបំពាក់របាំព្រះរាជទ្រព្យ គឺជា​និមិត្តរូប​ដ៏ខ្ពង់ខ្ពស់បំផុតមួយ នៃ​អត្តសញ្ញាណ​ជាតិខ្មែរ។ ការ​វិវត្តន៍​នេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ថា អរិយធម៌ខ្មែរមិនដែលរលាយបាត់ឡើយ។ ម៉្យាងទៀតគឺជាការបន្តបាននូវការថែរក្សាមរតកដូនតា តាមរយៈ​ការវិវត្តន៍ សិល្បករ និង​អ្នកប្រាជ្ញ​បាន​ខិតខំស្រាវជ្រាវ ស្ដារ និងថែរក្សានូវលក្ខណៈដើមពីសម័យអង្គរ ដូចជារូបចម្លាក់ទេពអប្សរ និង​ព្រះរាជពិធីនានា។ ២.លើកកម្ពស់គុណភាពសិល្បៈ និងសោភ័ណភាព ការវិវត្តន៍​បានជំរុញឲ្យ​សិល្បករ​ខ្មែរ​បង្កើនជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឲ្យសម្លៀកបំពាក់កាន់តែមានភាព​រុងរឿង វិចិត្រ និង​ប្រណិត ដោយរក្សាបាននូវអត្តសញ្ញាណជាតិ ដោយរាប់តាំងពីការ​ប៉ាក់ឌិន ការ​ស្រោបមាស រហូត​ដល់​ការ​ធ្វើ​មកុដ សុទ្ធសឹងជាស្នាដៃសិល្បៈដ៏មានតម្លៃ។ ទន្ទឹមនឹងនោះផងដែរ ភាពស្រស់ស្អាត​ពេញ​លក្ខណៈ​បាន​ធ្វើ​ឲ្យ​របាំ​ព្រះរាជទ្រព្យ​កាន់តែមានភាពទាក់ទាញ។ ក្បាច់រាំដ៏រលូន រួមផ្សំនឹង​សម្លៀក​បំពាក់​ដ៏​ត្រចះត្រចង់ និង​តន្ត្រី​ដ៏​ពិរោះ បង្កើតបានជាសិល្បៈដ៏ពេញលក្ខណៈ ដែលអាច​ទាក់ទាញ​ទស្សនិកជន​ជាតិ​ខ្មែរ និង​អន្តរជាតិ។ ៣.បង្ហាញ​ការទូត​វប្បធម៌​ការទូត និងសេដ្ឋកិច្ច ៖ នៅ​ពេលដែលរបាំព្រះរាជទ្រព្យ និងសម្លៀកបំពាក់ គឺជា «ឯកអគ្គរដ្ឋទូតវប្បធម៌» ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ នៅពេលដែលក្រុមរបាំទៅសម្តែងក្រៅប្រទេស សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងនេះ បានបង្ហាញពីភាពថ្លៃថ្នូរ និងសមត្ថភាពច្នៃប្រឌិតរបស់ជាតិខ្មែរ ជួយពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជាតិនានា។ ភាពល្បីល្បាញ នៃរបាំ​ព្រះរាជទ្រព្យ ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្ពុជា ដើម្បីទស្សនាសម្លៀកបំពាក់ដើម និងទស្សនា​ការ​សម្តែង​ផ្ទាល់។ នេះជាការរួមចំណែកយ៉ាងសំខាន់ដល់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម