ព័ត៌មានជាតិ
អ្នកជំនួញចិន បង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងលើដំណាំស្វាយចន្ទីនៅកម្ពុជា
អ្នកជំនួញចិនកំពុងបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងលើដំណាំស្វាយចន្ទីនៅកម្ពុជា ហើយបានចុះមកសិក្សាផ្ទាល់នៅតាមបណ្តាខេត្តដែលមានសក្តានុពលក្នុងការដាំដំណាំឧស្សាហកម្មប្រភេទនេះ ព្រមទាំងបង្ហើបពីគម្រោងបង្កើតរោងចក្រដើម្បីនាំចេញផលិតផលទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។

លោក ផុន រិណុ ប្រធានការិយាល័យគ្រប់គ្រងការកែច្នៃ នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម បានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៩ ខែមីនា ថា ក្រុមការងារបាននាំអ្នកស្រាវជ្រាវពីវិទ្យាស្ថានដំណាំតំបន់ត្រូពិច នៃបណ្ឌិតសភាវិទ្យាសាស្ត្រសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយអ្នកវិនិយោគចិនមកពីទីក្រុងហាងចូវ ចុះសិក្សាផ្ទាល់នៅចម្ការស្វាយចន្ទីនៅខេត្តរតនគិរី។
លោកបានបន្តថា ការចុះសិក្សានេះមានគោលបំណងវាយតម្លៃបរិមាណផលិតកម្មស្វាយចន្ទីនៅខេត្តរតនគិរី ដែលអាចផ្គត់ផ្គង់ឲ្យក្រុមហ៊ុនចិនបាន។ កន្លងមក រោងចក្រនៅចិនតែងតែទិញគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម ដើម្បីយកទៅកែច្នៃ។ ដូច្នេះ ការចុះមកពិនិត្យលើកនេះ គឺដើម្បីវាយតម្លៃលទ្ធភាពបង្កើតរោងចក្រកែច្នៃនៅកម្ពុជា និងសិក្សាអំពីនីតិវិធីចុះបញ្ជីវិនិយោគក្នុងស្រុក។លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅផលិតស្វាយចន្ទីចន្លោះពី ៣០ ទៅ ៥០ តោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំ អាចឈានដល់ចន្លោះពី ១ម៉ឺនតោន ដល់ ៥ម៉ឺនតោន។

បើយោងតាមការតម្រង់ទិសរបស់រាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីពិសេសមួយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ប៉ែកឦសាន ដោយគ្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយក្នុងចំណោមខេត្តទាំង៤។ គម្រោងនេះនឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនចិនវិនិយោគ ដោយផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីរប្រភេទ M23 និងប្រភេទប្រពៃណី ដែលអាចផលិតបានស្តង់ដា 320 ខណៈក្រុមហ៊ុនក្នុងស្រុកផលិតបានស្តង់ដា 180 និង 240។
លោកបានបន្តថា ក្រុមហ៊ុនចិននឹងចុះសិក្សា និងពង្រីកសកម្មភាពទៅកាន់ខេត្ត កំពង់ចាម សៀមរាប រតនគិរី មណ្ឌលគិរី ក្រចេះ និងព្រះវិហារ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ទោះបីមានការបង្កើតរោងចក្រនេះក៏ដោយ ក៏មិនអាចធានាថាតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារនឹងមានស្ថិរភាព ឬអាចព្យាករណ៍បានច្បាស់លាស់ឡើយ ព្រោះវាអាស្រ័យលើស្ថានភាពទីផ្សារជាក់ស្តែង និងទីផ្សារពិភពលោក។ ជាក់ស្តែង ឆ្នាំនេះតម្លៃគ្រាប់ស្វាយចន្ទីមួយតោនធ្លាប់មានតម្លៃប្រហែល ១,៣០០ ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនដល់ប្រហែល ១,៥០០ ដុល្លារ។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់កសិករឲ្យអនុវត្តតាមបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវរបស់ក្រសួង និងតាមការណែនាំរបស់ក្រុមហ៊ុនចិនដែលជាអ្នកទិញ។ លើសពីនេះ តាមរយៈរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម មន្រ្តីកសិកម្មនៅតាមឃុំ នឹងចូលរួមចងក្រង និងចុះបញ្ជីក្រុមផលិត ឬសហគមន៍កសិកម្ម ដើម្បីអភិវឌ្ឍទៅជាសហគមន៍ទំនើប និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


