Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកអូរជុំ ដាក់កំហិតឱ្យពលរដ្ឋរុះរើសំណង់រំលោភផ្លូវសាធារណៈ ត្រឹមខែឧសភា ដើម្បីដាក់ប្រព័ន្ធលូ

បានផុស

នៅ

រដ្ឋបាលស្រុកអូរជុំ ខេត្តរតនគិរី បានណែនាំឱ្យប្រជាពលរដ្ឋដែលកំពុងយកដីចំណីផ្លូវសាធារណៈប្រកបអាជីវកម្ម ត្រូវរុះរើសំណង់របស់ខ្លួនឱ្យរួចរាល់ ចាប់ពីថ្ងៃជូនដំណឹងក្នុងខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ការណែនាំនេះមានគោលបំណងបើកផ្លូវឱ្យរដ្ឋបាលស្រុកអាចរៀបចំកាយប្រឡាយ ដាក់ប្រព័ន្ធលូ ដើម្បីរំដោះទឹកភ្លៀងនៅរដូវវស្សា និងពង្រីកចិញ្ចើមផ្លូវសាធារណៈ សម្រាប់កែលម្អសោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងទីប្រជុំជនស្រុកអូរជុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងស្រុកអូរជុំ លោក នួន ប៊ូនថ បានប្រាប់កម្ពុជាថ្មីថា មុនពេលចេញសេចក្តីណែនាំនេះ រដ្ឋបាលស្រុកបានអញ្ជើញប្រជាពលរដ្ឋដែលបានសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវសាធារណៈមកចូលរួមកិច្ចប្រជុំ ដើម្បីជម្រាបអំពីផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីកិច្ចប្រជុំ ប្រជាពលរដ្ឋបានឯកភាពរុះរើ ប៉ុន្តែស្នើសុំរយៈពេលបន្ថែមបន្តិច។

បើតាមលោក នួន ប៊ូនថ ការងារដាក់ប្រព័ន្ធលូនេះ នឹងអនុវត្តចាប់ពីស្ពានទី១ ដល់ស្ពានទី២ ដោយចាប់ផ្តើមបង្កប់លូតាមផ្លូវខាងកើតសិន បន្ទាប់មកបន្តទៅផ្លូវខាងលិច ព្រោះតំបន់នោះមានការកកស្ទះចរាចរណ៍ខ្លាំង។

តាមការបញ្ជាក់របស់រដ្ឋបាលស្រុក ទីតាំងដែលត្រូវរុះរើរួមមាន លំនៅឋាន តសំយ៉ាប តូបអាជីវកម្ម ឬរបង ដែលស្ថិតលើដីចំណីផ្លូវជាតិលេខ៧៨-៥ ចាប់ពីចំណុចក្លោងទ្វារចូលសាលាស្រុក រហូតដល់គល់ស្ពានទី២ ខាងកើតផ្លូវ ក្នុងទីប្រជុំជនស្រុកអូរជុំ។ ការរុះរើត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចៀសាវាងការរាំងស្ទះដល់ដំណើរការកាយប្រឡាយ និងដាក់ប្រព័ន្ធលូ។

ជាមួយគ្នានេះ អាជ្ញាធរបានព្រមានថា ប្រសិនបើម្ចាស់លំនៅឋាន ឬម្ចាស់តូបមិនសហការរុះរើ នោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចុះអនុវត្តការរុះរើដោយខ្លួនឯង ដោយមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ ហើយរាល់ការចំណាយនឹងជាបន្ទុករបស់ម្ចាស់សំណង់៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម