Connect with us

ព័ត៌មានជាតិ

«រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ជាប្រធានបទដ៏សមស្របស្ថានភាព នាពេលនេះ ក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឱកាសប្រារព្ឋខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមជាង ៥ ពាន់នាក់ មកពីសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ៣០០ សហជីព , ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨៦ សហព័ន្ធ ព្រមទាំងសមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗ ទៀត រួមទាំងសមាគមបុគ្គលិកសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធី សម្តេចធិបតី បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នាឆ្នាំនេះ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លា នៃ “បុណ្យការងាររបស់ជាតិ” ដើម្បីរំឭកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់កម្មករ-និយោជិត។ ក្នុងស្មារតីនេះ ប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” សម្រាប់ឆ្នាំ ២០២៦ ពិតជាបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែរីកចម្រើន។

ទោះបីជាត្រូវប្រឈមនឹងវិបត្តិសកល ដែលបង្កឡើងដោយជម្លោះភូមិសាស្ត្រនយោបាយ វិបត្តិថាមពល និងការបែកខ្ញែក នៃសេដ្ឋកិច្ចសកលដែលរំខានដល់ពាណិជ្ជកម្មអន្តរជាតិក្តី , ជាពិសេស ទោះបីជាមានការរំលោភលើអធិបតេយ្យភាពជាតិ ដែលបង្ខំឱ្យអតីតពលករខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ត្រូវវិលត្រឡប់មកវិញយ៉ាងគំហុក ព្រមទាំងបានបន្សល់នូវសោកនាដកម្មដល់ជីវិតវីរកងទ័ព ប្រជាពលរដ្ឋស្លូតត្រង់ និងបង្កឱ្យមានជនភៀសសឹកជាង ៦ សែននាក់ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែរក្សាជំហររឹងមាំជានិច្ច ក្នុងការការពារសន្តិភាព ស្ថិរភាព និងឧត្តមប្រយោជន៍ជាតិជាធំ។

ជាមួយការសម្រួលដល់ឱកាសវិនិយោគ ការបង្កើតការងារ រាជរដ្ឋាភិបាលបានបន្តខិតខំលើកកម្ពស់សុខដុមនីយកម្ម និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាក់ស្តែង គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ អង្គការវិជ្ជាជីវៈចំនួន ៦ ៩២០ បានចុះបញ្ជិកា ក្នុងនោះរួមមាន សហភាពសហជីពចំនួន ៤៣ , សហព័ន្ធសហជីពចំនួន ២៨៥ , សហជីពមូលដ្ឋានចំនួន ៦ ៥៧៩ និងសមាគមនិយោជកចំនួន ១៣។ ដោយឡែក យន្តការដោះស្រាយវិវាទការងារ ត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរជាងមុនទាំងនៅកម្រិតក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ ដោយសម្រេចបានអត្រាសះជាខ្ពស់រហូតដល់ ៩៧,៩២% ដែលតួលេខនេះឆ្លុះបញ្ចាំងពីភាពចាស់ទុំ នៃទំនាក់ទំនងវិជ្ជាជីវៈ និងស្ថិរភាពក្នុងចង្វាក់ផលិតកម្ម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា ការបង្កើតការងារនៅកម្ពុជាត្រូវឈរលើអភិក្រមជាមូលដ្ឋានទាំងគុណភាព និងបរិមាណ។ ក្នុងស្មារតីនេះ ដើម្បីតម្រង់ទិសការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព សម្តេច បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ ចំណុច ជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅធានាលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់កម្មករ-និយោជិត។

ទន្ទឹមនេះ សម្តេច បានអំពាវនាវដល់កម្មករ-និយោជិត ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីបេះដូង និងកម្លាំងកាយចិត្ត ដោយក្តីប្តេជ្ញាចិត្ត និងក្តីរំភើបចំពោះការងាររបស់ខ្លួន ព្រមទាំងត្រូវចាត់ទុកសហគ្រាស គ្រឹះស្ថាន ឱ្យដូចជា “ផ្ទះរបស់ខ្លួន” ស្របតាមប្រសាសន៍ដ៏មានអត្ថន័យដែល សម្តេចតេជោ ធ្លាប់មានប្រសាសន៍កន្លងមក។

លោករដ្ឋមន្រ្តី បានជម្រាបជូន សម្តេចធិបតី និងអង្គពិធីពីវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រសួង ជាពិសេសការអនុវត្តអនុសាសន៍ ១០ ចំណុច របស់ សម្តេចធិបតី និងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលដៃគូដ៏សំខាន់មួយក្នុងការរួមគ្នាជំរុញការអនុវត្ត “កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា” ជាងពីរទសវត្សរ៍ចាប់តាំងពីឆ្នាំ ២០០៥ ដែលគិតមកដល់ពេលនេះមានចំនួន ៦ ដំណាក់កាល រួចមកហើយ និងបានបង្កើននូវភាពធន់ និងផលិតភាព នៃកម្លាំងពលកម្មនៅកម្ពុជា។

ក្នុងបរិយាកាសដ៏រីករាយនេះ សម្តេចធិបតី ក៏បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” លើកទី ២ ជូនដល់សហគ្រាសចំនួន ៥៥ ដែលបានបំពេញយ៉ាងត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យអនុលោមភាពទាំង ៨ ចំណុច នៃចលនាប្រឡងប្រណាំង។ ក្នុងនោះ រួមមាន ជ័យលាភីពានមាសចំនួន ២៧ , ពានប្រាក់ចំនួន ១៨ និងពានសំរិទ្ធចំនួន ១០ សហគ្រាស។ គួរជម្រាបផងដែរថា សម្រាប់ឆ្នាំទី ២ នៃចលនាប្រឡងប្រណាំងនេះ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនចូលរួមសរុបចំនួន ១៨២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម