Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាគាំទ្ររដ្ឋាភិបាលកម្ពុជាដែលទៅរកយន្តការ UNCLOS ខណៈថៃលុបចោលជាឯកតោភាគីនូវ MoU ឆ្នាំ២០០១

បានផុស

នៅ

ព្រឹទ្ធសភាប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តួចផ្តើមយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលហៅកាត់ជាភាសាអង់គ្លេសថា UNCLOS បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពីអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ពាក់ព័ន្ធតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៅក្នុងឈូងសមុទ្រថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹទ្ធសភាកកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាកទៅរកយន្តការសន្តិវិធី តាមរយៈអនុសញ្ញា UNCLOS គឺជាទង្វើស្របច្បាប់ពេញលេញ ប្រកបដោយការទទួលខុសត្រូវ និងអនុលោមតាមច្បាប់អន្តរជាតិ។ ព្រឹទ្ធសភា សង្កត់ធ្ងន់ថា«ការប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំរបស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី»

សេចក្ដីថ្លែងការណ៍ព្រឹទ្ធសភា បានបន្ថែមថា ឈូងសមុទ្រថៃ ត្រូវតែរក្សាទុកជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវិបុលភាពរួម ហើយក្នុងស្មារតីនេះ ព្រឹទ្ធសភាកម្ពុជា រំពឹងថា ភាគីថៃនឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃកិច្ចសន្ទនាដោយសន្តិវិធីនេះ ក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញានេះ។

ប៉ុន្តែយ៉ាងណា ព្រឹទ្ធសភាក៏បានបង្ហាញការសោកស្តាយចំពោះការបញ្ចប់ជាឯកតោភាគីនៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ដ៏សំខាន់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនទសវត្សរ៍ និងធ្វើឱ្យយឺតយ៉ាវដល់ការដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធីរវាងប្រទេសទាំងពីរ។​ ខណៈជាង២៥ឆ្នាំមកនេះ MoU ឆ្នាំ២០០១ បានបម្រើការជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលព្រឹទ្ធសភាកត់សម្គាល់ឃើញថា កម្ពុជា-ថៃ គឺបានដោះស្រាយការទាមទារសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី។

គួរឱ្យដឹងថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីថៃបានអនុម័តក្នុងការបញ្ចប់នូវអនុស្សរណៈយោគយល់គ្នា ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងប្រទេសទាំងពីរ។​ ជាការឆ្លើយតបនឹងការដកខ្លួនជាឯកតោភាគីរបស់ថៃពីអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ នេះ កម្ពុជា ក៏បានជ្រើសរើសនូវយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជំនួសឱ្យយន្តការទ្វេភាគីនេះ ដើម្បីដោះស្រាយគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ព្រឹទ្ធសភាកម្ពុជា បញ្ជាក់នូវការគាំទ្រចំពោះជំហរប្រកបដោយគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេចំពោះច្បាប់អន្តរជាតិ សន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ ព្រឹទ្ធសភាថា សន្តិភាពអាចស្ថិតស្ថេរទៅបាន លុះត្រាតែកិច្ចសន្ទនាត្រូវបានរក្សា កិច្ចព្រមព្រៀងត្រូវបានគោរព និងនីតិរដ្ឋនៅតែជាមូលដ្ឋានគ្រឹះរួម ក្នុងការដឹកនាំទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម