ព័ត៌មានជាតិ
ទូតរុស្ស៊ីថា ជំនួយសព្វាវុធ និងថាមពលគឺមានសម្រាប់កម្ពុជាជានិច្ចបើមានតម្រូវការ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik បានបញ្ជាក់ថាប្រទេសរុស្ស៊ីត្រៀមខ្លួនជួយដល់វិស័យយោធា និងថាមពលកម្ពុជាជានិច្ចប្រសិនជាមានសំណើ។ លោកលើកឡើងបែបនេះក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅស្ថានទូតរុស្ស៊ីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក Anatoly Borovik មានប្រសាសន៍ថាក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម រុស្ស៊ីដែលពីមុនជាអតីតសហភាពសូវៀតជាអ្នកជួយមុនគេមកកម្ពុជាក្នុងការជួយបណ្ដុះបណ្ដាលដល់ទាហាន និងផ្ដល់សព្វាវុធដល់កម្ពុជាឡើងវិញ ហើយជំនួយនេះគឺនៅតែមានជានិច្ចប្រសិនជាកម្ពុជាត្រូវការ។ លោកក៏បានបង្ហើបផងដែរថាប្រទេសរុស្ស៊ីនិងកម្ពុជាក៏កំពុងពិគ្រោះគ្នាលើការពង្រឹងវិស័យយោធារួមគ្នា និងសង្ឃឹមថាមានលទ្ធផលវិជ្ជមាននាពេលខាងមុខ។
លោកថា៖ «ក្នុងដំណាក់កាលថ្មីនេះខ្ញុំចង់គូសបញ្ជាក់ជូនថា រុស្ស៊ីនឹងត្រៀមខ្លួនជានិច្ចដើម្បីនឹងជួយឧបត្ថម្ភជួនដល់កម្ពុជាក្នុងវិស័យនេះ»។
សម្រាប់វិស័យថាមពលវិញលោកឯកអគ្គរដ្ឋទូតបញ្ជាក់ថាប្រទេសលោកក៏ត្រៀមផងដែរសម្រាប់កម្ពុជា វាអាស្រ័យថាកម្ពុជាមានតម្រូវការពីរុស្ស៊ីឬអត់ប៉ុណ្ណោះ។
លោកបានបន្ថែមថា៖ «វិស័យថាមពលយើងត្រៀមខ្លួនដើម្បីបម្រើផលប្រយោជន៍នឹងបំពេញតម្រូវការកម្ពុជាក្នុងការផ្ដល់ហ្គាស LPG LNG ហើយប្រេងជូនកម្ពុជាឱ្យតែកម្ពុជាត្រៀមខ្លួនចាប់ផ្ដើមក្នុងឧស្សាហកម្មមួយនេះ»។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាពេលនេះគឺ១សប្ដាហ៍ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅទីក្រុងកាហ្សាន កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅថ្មីៗនេះ។
ជុំវិញបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានបង្ហាញការយល់ឃើញថាជារឿងល្អប្រសិនជាកម្ពុជាអាចពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីឡើងវិញទាំងការបណ្ដុះបណ្ដាល និងការផ្គត់ផ្គង់សព្វាវុធ រួមទាំងវិស័យថាមពល។ ទោះជាយ៉ាងណាលោកថាកម្ពុជាគួរធ្វើក្រោមរូបភាពណាដែលអាចបញ្ចៀសនូវការចោទប្រកាន់ពីលោកខាងលិចបាន។
លោកបន្ថែមថា៖ «ប្រសិនជាមានកិច្ចសហការលើវិស័យការពារ ដែលអាចឈានដល់ទិញអាវុធពីរុស្ស៊ីបានខ្ញុំគិតថាជារឿងប្រសើរក៏ប៉ុន្ដែកិច្ចសហការនេះយើងត្រូវមានភាពឈ្លាសវៃយ៉ាងណាដើម្បីកុំឱ្យវាធ្លាក់ចូលអន្ទាក់មួយផ្សេងទៀតរបស់ក្រុមប្រទេសលោកខាងលិចដែលគេកំពុងតែហ៊ុំព័ទ្ធទប់ឥទ្ធិពលរបស់រុស្ស៊ី»។

គួររំលឹកថា បន្ទាប់ពីរុស្ស៊ីបើកប្រតិបត្តិការសង្គ្រាមជាមួយអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២មក បណ្ដាប្រទេសលោកខាងលិចបានចាប់ផ្ដើមដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ដោយផ្ដោតលើ ថាមពល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ទណ្ឌកម្មទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងណាខ្លាំងដល់ទំនាក់ទំនងពាណិជ្ជកម្មរុស្ស៊ី និងកម្ពុជា។ ជាក់ស្ដែងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងរុស្ស៊ីកាលពីឆ្នាំ២០២១ មានតម្លៃប្រមាណ២៣៩លានដុល្លារអាមេរិក តែទំហំនេះបានធ្លាក់មកនៅត្រឹម៥៥លានដុល្លារប៉ុណ្ណោះនៅឆ្នាំ២០២៥។
ឆ្លើយតបទៅនឹងសំណួររបស់កម្ពុជាថ្មីទាក់ទងនឹងបញ្ហានេះ ឯកអគ្គរដ្ឋទូត Anatoly Borovik បានបញ្ជាក់ថា រុស្ស៊ីមានមធ្យោបាយដើម្បីធានានូវការរក្សាពាណិជ្ជកម្ម និងទំនាក់ទំនងនេះបាន ហើយមានប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានអនុវត្តន៍រួចហើយដូចជាវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីជាដើម។
លោកចាត់ទុកទណ្ឌកម្មពីលោកខាងលិចលើប្រទេសលោក គឺជាទណ្ឌកម្មដែលខុសច្បាប់ព្រោះគ្មានប្រទេសណាលើលោកនេះត្រូវទទួលទណ្ឌកម្មដែលមិនមែនជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


