Connect with us

ព័ត៌មានជាតិ

ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ខែ​តុលា​ខាង​មុខ

បានផុស

នៅ

គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប ) បានឱ្យដឹងថា ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ឆ្នាំ​២០២៧​ខាង​មុខ​ អាច​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់​នៅ​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​តុលា ដល់ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​ គ.ជ.ប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ហើយ​មិន​ទាន់​ចុះ​ឈ្មោះ​ពី​មុន និង​អ្នក​ដែល​ដល់​អាយុ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ​សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​​នៅ​តាម​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់​នៅ​​សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ឱ្យ​បាន​គ្រប់​គ្នា​។

ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​នោះ​បាន​បញ្ជាក់​បន្ថែម​ផងដែរ​ថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត (គឺអ្នកដែលកើតមុនឬត្រឹមថ្ងៃទី៧ខែមិថុនាឆ្នាំ២០០៩) ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់​លំនៅ​ឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី រួមទាំងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី​បោះ​ឆ្នោត​​ផ្លូវការឆ្នាំ២០២៥ហើយមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ​​សង្កាត់ឈ្មោះភេទថ្ងៃខែឆ្នាំកំណើតឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬប្រជាពល​រដ្ឋ​ដែ​​ល​បានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ឬឆ្នាំ២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យ​ជីវមា​ត្រ​ (រូបថត និងស្នាមម្រាមដៃ)។ ដូចនេះ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត កែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ដែលបងប្អូនកំពុងរស់នៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។

គួរ​ឱ្យ​ដឹង​ផង​ដែ​រថា​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៦ ខែមិថុនា​ឆ្នាំ​​​២០២៧ នៅគ្រប់ឃុំ សង្កាត់ទាំង ១ ៦៥២ ទូទាំងប្រទេស។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ ជ ប ចំនួនសមាជិកក្រុមប្រឹក្សា តាមឃុំសង្កាត់នីមួយៗ​សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦នៅតាមរាជធានីខេត្តមានចំនួន ៥រូប ៧រូប ៩រូប ឬ ១១រូប ផ្អែកតាមកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រជាក់ស្ដែង ហើយចំនួនសរុបនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសសម្រាប់អាណត្តិទី៦មានចំនួន ១១ ៦២២រូប ដូចអាណត្តិ​ទី៥ដែរ៕ 

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម