Connect with us

ព័ត៌មានជាតិ

គ.ជ.ប ថា ការចាប់ផ្ដើមពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដំណើរការដោយរលូនល្អ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការចាប់ផ្ដើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ បានដំណើរការប្រកបដោយភាពរលូនល្អតាមការគ្រោងទុក កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ការិយាល័យចុះឈ្មោះបោះឆ្នោតតាមសាលាឃុំ-សង្កាត់ ទូទាំងប្រទេសសរុបចំនួន១ ៦៥២ បានបើកដំណើរការព្រមៗគ្នា និងបានប្រព្រឹត្តទៅយ៉ាងល្អតាមការគ្រោងទុក គឺពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ គឺមានរយៈពេល២៦ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។

លោក ហង្ស ពុទ្ធា បានបន្ថែមឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង២២ម៉ឺននាក់ ដែលត្រូវបំពេញកាតព្វកិច្ចក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០២៥នេះ ខណៈ គ.ជ.ប ក៏នឹងលុបឈ្មោះប្រជាពលរដ្ឋប្រមាណ៥ម៉ឺននាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។ ការលុបនេះ អ្នកនាំពាក្យ បញ្ជាក់ថា ដោយសារអ្នកទាំងនោះ បានទទួលមរណៈភាពទៅហើយ។

ស្របពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានចាប់ផ្ដើម លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំសង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើលតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC КН។

ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬ អ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ (កើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលថ្មីក្នុងឃុំសង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំសង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម