Connect with us

ព័ត៌មានជាតិ

ពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ៥ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

បានផុស

នៅ

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដែលមានបញ្ហាភ្នែក ដូចជា មើលមិនសូវច្បាស់ ឈឺភ្នែករ៉ាំរ៉ៃ ឬមានជំងឺភ្នែកផ្សេងៗ អាចទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលមានទីតាំងខាងលិចបឹងកន្សែង ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ការពិនិត្យ និងព្យាបាលនេះ ដឹកនាំដោយក្រុមវេជ្ជបណ្ឌិតជំនាញចក្ខុសាស្ត្រប្រចាំខេត្ត ដោយទទួលពិនិត្យរៀងរាល់ថ្ងៃ ពេលព្រឹកពីម៉ោង ៨:០០ ដល់ ១១:៣០ និងពេលរសៀលពីម៉ោង ២:០០ ដល់ ៥:០០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់កម្ពុជាថ្មីថា ក្រុមគ្រូពេទ្យនឹងពិនិត្យ និងវាយតម្លៃជំងឺទៅតាមស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ ដោយមិនកំណត់អាយុ ឬភេទឡើយ។ ប្រជាពលរដ្ឋគ្រប់រូប ដែលមានបញ្ហាភ្នែក អាចមកពិគ្រោះ និងទទួលការពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញបាន។

លោកបន្តថា ករណីរកឃើញថា អ្នកជំងឺត្រូវការវះកាត់ ក្រុមគ្រូពេទ្យនឹងរៀបចំការវះកាត់តាមប្រភេទជំងឺ និងបច្ចេកទេសសមស្រប។ ចំណែកអ្នកជំងឺដែលមិនចាំបាច់វះកាត់ នឹងទទួលបានការពិគ្រោះ និងថ្នាំព្យាបាលតាមស្ថានភាពជំងឺ។ លោកក៏បញ្ជាក់ដែរថា មន្ទីរពេទ្យមិនកំណត់ចំនួនអ្នកទទួលសេវាពិនិត្យ ព្យាបាល និងវះកាត់នោះទេ។

បើតាមមន្ទីរសុខាភិបាលខេត្តរតនគិរី កម្មវិធីនេះរៀបចំឡើងក្រោមកិច្ចសហការ និងការគាំទ្រថវិកាពីអង្គការដៃគូ មូលនិធិ ហ្វ្រេដ ហូឡូ (Fred Hollows Foundation) ដើម្បីផ្តល់សេវាវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋ។ ក្នុងនោះ មន្ទីរសុខាភិបាលខេត្តបានចាត់តាំងចក្ខុបណ្ឌិត ១រូប និងចក្ខុគិលានុបដ្ឋាក ១រូប ព្រមទាំងបំពាក់សម្ភារៈ និងឧបករណ៍វះកាត់ភ្នែកសម្រាប់អនុវត្តកម្មវិធីនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

មន្រ្តីសុខាភិបាល ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅទទួលសេវាពិនិត្យជំងឺភ្នែក សូមភ្ជាប់ជាមួយ ប័ណ្ណ ប.ស.ស. ប័ណ្ណមូលនិធិសមធម៌ ឬប័ណ្ណសុខភាព (ប្រសិនបើមាន) ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមពីសេវាថែទាំសុខភាព៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម