Connect with us

ព័ត៌មានជាតិ

ថៃ​ធ្លាប់​អះអាង​ថា​នឹង​វ៉ៃ​របង​ព្រំដែន​ដែល​ធ្វើ​រួច​ចោល​បើ​មាន​ការ​សម្រេចពីJBC ខណៈកម្ពុជាយល់​ថា​មិន​មែនជា​ដំណើរ​រលូន​ឡើយ

បានផុស

នៅ

​អគ្គនាយក​បច្ចេកទេស​ព្រំដែន​នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​លោក ស្រ៊ឺ បូរ៉ា បាន​ឱ្យ​ដឹង​ថា​យោធា​ថៃ​ធ្លាប់​អះអាង​​ថា​ ពួកគេ​នឹង​វាយ​កម្ទេច​របង​ព្រំដែន​ដែល​សាងសង់​រួច​វិញ​ ប្រសិន​ជា​មាន​ការ​វាស់​វែង​ព្រំដែន​ច្បាស់លាស់​ចុង​ក្រោយប៉ះទៅនឹងរបងដែលពួកគេធ្វើ។ លោក​ បូរ៉ា ចាត់​ទុក​ថា​ការ​អះអាង​របស់​ថៃ​នេះ​គឺ​មិន​មែន​ជា​ដំណើរ​ការ​ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ស្ដីពី​ការ​ធ្វើ​របង​ជា​ឯ​តោ​ភាគី​របស់​ថៃ​​ចន្លោះ​បង្គោល​លេខ​៥២ និង​៥៤ ​ព្រំ​ប្រទល់​រវាង​ខេត្ត​បាត់​ដំបង់(កម្ពុជា និង​ខេត្ត​ចាន់​បូរី​(ថៃ) ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា លោក ស្រ៊ឺ បូរ៉ា ថា​ទោះ​បី​ជា​ការ​ធ្វើ​របង​របស់​ថៃ​នេះ​ស្ថិត​ក្នុង​ទឹក​ដី​ថៃ​ក៏​ដោយ តែ​វា​កៀក​នឹង​បន្ទាត់​ព្រំដែន​ដែល​ធ្វើ​ឱ្យ​មាន​ផល​វិបាក និង​ប៉ះពាល់​ដល់​នីតិវិធី​នៅ​ថ្ងៃ​ក្រោយ​ក្នុង​ករណី​ដែល​ JBC រវាង​ប្រទេស​ទាំង​ពីរ​ឯកភាព​បោះ​បង្គោល​បេតុង​បន្ថែម​ចន្លោះ​បង្គោល​ជំនាន់​បារាំង​។

​​​​​លោក​បន្ថែម​ថា កន្លង​មក​យោធា​ថៃ​ធ្លាប់​និយាយ​ថា​ក្នុង​ករណី​ដែល​ JBC ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នឹង​ប៉ះពាល់​ដល់​របង​ដែល​ទាហាន​ថៃ​ធ្វើ​ ពួកគេ​នឹង​សុខ​ចិត្ត​វាយ​របង​កម្ទេច​ចោល តែ​សម្រាប់​ JBCកម្ពុជាមិន​ចង់​ឃើញ​របៀប​​​ដូច​នេះ​ទេ ខណៈ​លោក​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​ដែល​​ទាហាន​ថៃ​សុខ​ចិត្ត​វាយ​របង​ចោល​ក៏​មិន​មែន​ជា​ដំណើរ​ការ​ដែល​រលូន​ដែរ​។

​​​​​​លោក​បន្ថែម​ថា​៖ «អ្វី​ដែល​យើង​ចង់​ឃើញ​ ចង់​បាន​នោះ​គឺ​ថា​យើង​ចង់​ឱ្យ​មាន​ការ​ឯកភាព​គ្នា​ជា​មុន របស់​ JBC នៃ​ប្រទេស​ទាំង​ពីរ​ចាំ​យើង​ធ្វើ​របង​ហ្នឹង​ទៅ​ ក៏​វា​មិន​យឺត​ពេល​ដែរ​»


លោក​ ស្រ៊ឺ បូរ៉ា បាន​បញ្ជាក់​ថា កម្ពុជា​មិន​ជំទាស់​រឿង​ធ្វើ​របង​ព្រំដែន​ទេ ​ប្រសិន​ជា​ត្រឹមត្រូវ​តាម​បច្ចេកទេស ហើយ​ក្នុង​ទឹកដី​របស់​ថៃ​។ ខណៈ​ដែល​សកម្មភាព​តាម​ព្រំដែន​ដោយ​ឯកតោ​ភាគី​របស់​ថៃ​គឺ​កម្ពុជា​បាន​ចុះ​ទៅ​ពិនិត្យ​គ្រប់​ទីតាំង​ទាំង​អស់​ដើម្បីតាម​ដាន​ពី​សភាព​ និង​បញ្ហា​ផ្សេង​ៗ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​។

លោក​ជំរុញ​ទៅ​ថៃ​បន្ត​យន្ត​ការ​ JBC និង​ក្រុម​វាស់វែង​ចម្រុះ​ចុះ​លើ​ដី​ជាក់​ស្ដែង​វាស់វែង​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់​ឡើង​វិញ​ ខណៈ​ JBC កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ជាង​៣០​ហើយ​តវ៉ា​ទៅ​ថៃ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ផ្សេងៗ​ដែល​បាន​បំពាន​លើ​ដី​កម្ពុជា រំលោភ​លើ​កិច្ច​ព្រមព្រៀង​កន្លង​មក ក៏ដូចជា​ការ​បំពាន​លើ​សមត្ថកិច្ច​ និង​បំផ្លាញ​សមិទ្ធផល​របស់​ JBC ផង​ដែរ​៕


អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម