ព័ត៌មានជាតិ
បឹងយក្សឡោម នៅតែជាតំបន់ប្រវត្តិសាស្ត្រអន្ទងចិត្តភ្ញៀវទេសចរគ្រប់ទិសទីទៅលេងកម្សាន្ត
បឹងយក្សឡោម ដែលជាបឹងភ្នំភ្លើងបុរាណដ៏ល្បីល្បាញរបស់ខេត្តរតនគិរី នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត ទឹកបឹងពណ៌ខៀវថ្លា ព្រៃឈើព័ទ្ធជុំវិញ ខ្យល់អាកាសបរិសុទ្ធ និងវប្បធម៌ជនជាតិដើមភាគតិចដ៏សម្បូរបែប បឹងយក្សឡោមនៅតែបន្តអន្ទងចិត្តអ្នកទេសចរឱ្យធ្វើដំណើរមកទស្សនា និងសម្រាកលំហែកាយជាបន្តបន្ទាប់។

អ្នកស្រី មាន ណាវី ភ្ញៀវទេសចរមកពីខេត្តតាកែវ បានឱ្យដឹងថា ទោះបីជាអ្នកស្រីបានមកកម្សាន្តនៅបឹងយក្សឡោម៣លើករួចមកហើយ ក៏នៅតែមានអារម្មណ៍ស្រស់ស្រាយ និងចង់វិលត្រឡប់មកម្តងទៀត។ អ្នកស្រីបានស្គាល់រមណីយដ្ឋាននេះតាមរយៈបណ្ដាញសង្គម ហើយនៅពេលមកដល់ផ្ទាល់ បានទទួលបទពិសោធន៍ល្អពីទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងបានទិញផលិតផលក្នុងសហគមន៍ ដូចជា ទឹកឃ្មុំធម្មជាតិ ស្រាពាង និងឱសថបុរាណខ្មែរ ដែលមានគុណភាព និងមានអត្ថប្រយោជន៍ដល់សុខភាព។

ក្រៅពីសម្រស់ធម្មជាតិ បឹងយក្សឡោមក៏ជាទីផ្សារសម្រាប់ផលិតផលក្នុងសហគមន៍ផងដែរ។ នៅតាមផ្លូវចូលមាត់បឹង មានការដាក់តាំងលក់សិប្បកម្ម និងផលិតផលជនជាតិដើមភាគតិចជាច្រើនប្រភេទ ដែលបានបង្កើតចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍។
អ្នកស្រី ណៃ អៀប អាជីវករលក់ផលិតផលធម្មជាតិនៅបឹងយក្សឡោម អស់រយៈពេលជាង ១០ ឆ្នាំ បានប្រាប់កម្ពុជាថ្មីថា ផលិតផលដែលអ្នកស្រីដាក់លក់សុទ្ធសឹងតែទិញពីសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ ដោយមានទាំងត្បូងធម្មជាតិ ទឹកឃ្មុំ ម្រេច និងសិប្បកម្មប្រពៃណី។ តម្លៃផលិតផលមានចាប់ពី ៥,០០០ រៀល ដល់ជាង ៧០,០០០ រៀល។

អ្នកស្រីបន្តថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ បើទោះបីជាវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញពេញលេញ ក្រោយវិបត្តិកូវីដ-១៩ ក៏ដោយ។ អ្នកស្រីបានអំពាវនាវឱ្យភ្ញៀវទេសចរបន្តមកកម្សាន្ត និងគាំទ្រផលិតផលក្នុងសហគមន៍ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ចំណែកលោក វេន ចឹ អនុប្រធានគណៈកម្មការបឹងយក្សឡោម បានប្រាប់កម្ពុជាថ្មីថា បឹងយក្សឡោមមិនត្រឹមតែមានទេសភាពធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានម្ហូបអាហារចម្រុះ ម្ហូបប្រពៃណីខ្មែរ ម្ហូបជនជាតិដើមភាគតិច ព្រមទាំងផលិតផលក្នុងសហគមន៍ ដូចជា ឱសថបុរាណ និងស្រាត្រាំថ្នាំ ដែលផ្តល់បទពិសោធន៍ប្លែកដល់ភ្ញៀវទេសចរ។

បើតាមលោក វេន ចឹ ចំនួនភ្ញៀវទេសចរនៅបឹងយក្សឡោម កាលពីឆមាសទី១ ឆ្នាំ២០២៤ បានកើនឡើងប្រមាណពី ៥ ទៅ ១០ ភាគរយ ដែលបង្ហាញពីសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ ហើយបច្ចុប្បន្នក៏មានសញ្ញាវិជ្ជមានផងដែរ បើទោះបីជាមិនសូវមានច្រើនដូចមុនកូវីដ ១៩។
ជាមួយគ្នានេះ លោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការជួសជុលផ្លូវចូលឱ្យមានគុណភាព រៀបចំសណ្ដាប់ធ្នាប់ អនាម័យ ប្រព័ន្ធចរាចរណ៍ និងការគ្រប់គ្រងសំណល់ឱ្យបានល្អ ព្រមទាំងពង្រឹងការផ្សព្វផ្សាយទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
បឹងយក្សឡោមមិនត្រឹមតែជាតំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍ជនជាតិដើមភាគតិច តាមរយៈការលក់ផលិតផលក្នុងស្រុក ការផ្តល់សេវាកម្មទេសចរណ៍ និងការអភិរក្សវប្បធម៌ប្រពៃណី ដែលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងរក្សាតម្លៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


