ព័ត៌មានជាតិ
៣ថ្ងៃបុណ្យចូលឆ្នាំចិន ខេត្តរតនគិរីភាគឦសានទទួលបានភ្ញៀវទេសចរជាង១ម៉ឺននាក់ កើនជិត៤%
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន រយៈពេលបីថ្ងៃ ខេត្តរតនគិរី ដែលស្ថិតនៅតំបន់ភាគឦសាន ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ១ម៉ឺននាក់ ដែលចំនួននេះកើនឡើងប្រមាណ ៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីដ្ឋាននានា សរុបចំនួន ១០,៧៩៨នាក់ កើនឡើង ៣.៨៩% បើប្រៀបធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន(១០,៣៩៥នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងនោះភ្ញៀវទេសចរជាតិកើនចំនួន ៤,៦៥១ នាក់ ខណៈឯភ្ញៀវទេសចរអន្តរជាតិចំនួន ១៨៤ នាក់កើនឡើង ១៧.៩៥%។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ទោះបីបុណ្យចូលឆ្នាំចិនមិនមែនជាពិធីបុណ្យជាតិរបស់ខ្មែរក៏ដោយ ក៏នៅកម្ពុជាមានប្រជាពលរដ្ឋខ្មែរជាច្រើនដែលមានសែស្រឡាយចិន។ ដូច្នេះហើយប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយចិន បាននាំគ្នាធ្វើដំណើរកម្សាន្តនៅតាមរមណីដ្ឋាននានាយ៉ាងច្រើន។ ជាពិសេស ខេត្តរតនគិរី មានរមណីដ្ឋានធម្មជាតិជាច្រើនសម្រាប់សម្រាកលំហែកាយ និងកម្សាន្ត។

លោកបន្តថា៖« កំណើនភ្ញៀវទេសចរនេះ ស្របពេលដែលខេត្តមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ ខេត្តមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានប្រព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្សារទំនើប។ ជាពិសេស សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ដែលធ្វើឲ្យភ្ញៀវទេសចរមកលេងម្ដងហើយចង់មកលេងម្ដងទៀត»។
សូមជម្រាបថា ខេត្តរតនគិរី កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនា និងសម្រាកកម្សាន្តក្នុងតំបន់ភូមិភាគឦសាន ដោយសារការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្បត្តិធម្មជាតិដ៏សម្បូរបែប រួមមានបឹង ភ្នំ ទឹកជ្រោះ ឆ្នេរខ្សាច់ និងកោះតូចៗតាមដងទន្លេ ព្រមទាំងវប្បធម៌ប្រពៃណីតាមភូមិរបស់ជនជាតិដើមភាគតិច។ ទីតាំងទាំងនេះនៅតែជាគោលដៅសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


