ព័ត៌មានជាតិ
កម្ពុជា-អាល្លឺម៉ង់រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប តាមរយៈគម្រោង FABRIC Cambodia II

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «ឧស្សាហកម្មវាយនភណ្ឌប្រកបដោយចីរភាពនៅកម្ពុជា ជំហានទីពីរ (FABRIC Cambodia II)» រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងទិសដៅបន្តលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងពង្រឹងការអនុលោមតាមស្តង់ដាសង្គម និងបរិស្ថានដោយសហការជាមួយវិស័យសាធារណៈនិងឯកជន។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប (GFT)។ ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការគាំទ្រ និងចែករំលែកសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ជាពិសេសបងប្អូនកម្មករនិយោជិត។ ពិធីនេះមានអត្ថន័យលើសពីកិច្ចព្រមព្រៀងក្នុងការពង្រឹងភាពជាដៃគូអន្តរជាតិឱ្យកាន់តែរឹងមាំ និងជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រែក្លាយគោលបំណងរួមដ៏ឧត្តុង្គឧត្តមទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងដល់បងប្អូនកម្មករនិយោជិត សហគ្រាស និងជួយពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។
ជាមួយនឹងការលើកឡើងពីជោគជ័យនៃគម្រោងក្នុងជំហានទីមួយ លោកមានប្រសាសន៍ថា វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលនៅតែបន្តដើរតួនាទីជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការនាំចេញ មុខរបរនិងការងារ និងការអភិវឌ្ឍសង្គមកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរយ៉ាងសំខាន់ ស្របពេលដែលទីផ្សារសកលកាន់តែផ្តោតលើនិរន្តរភាពបរិស្ថាន ស្តង់ដាការងារខ្ពស់ និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកកម្ពស់ការងារសមរម្យ ផលិតភាព និរន្តរភាពបរិស្ថាន និងការអនុវត្តច្បាប់ ជាអាទិភាពស្នូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។

លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែងជាមួយ GIZ ដែលលើសពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើការផ្លាស់ប្តូរចំណេះដឹង ការពង្រឹងស្ថាប័ន កិច្ចសន្ទនាគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារ សុវត្ថិភាពនិងសុខភាពការងារ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងជួយកម្ពុជាត្រៀមខ្លួនឆ្លើយតបនឹងស្តង់ដាអន្តរជាតិថ្មីៗ។ ក្រសួងក៏បន្តពង្រឹងការអនុវត្តផ្នែកសុវត្ថិភាព និងសុខភាពការងារ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងពង្រឹងការត្រៀមខ្លួនក្នុងការឆ្លើយតបនឹងគោលការណ៍ អន្តរជាតិ ដូចជា បរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) និងការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន (HREDD)។

ដើម្បីភាពជោគជ័យនៃគម្រោងនេះ គឺទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល និយោជក អង្គការតំណាងកម្មករនិយោជិត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនម៉ាកល្បីៗអន្តរជាតិ។ តាមរយៈការប្តេជ្ញាចិត្ត និងភាពជាដៃគូរួម ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ពង្រឹងនិរន្តរភាពបរិស្ថាន ជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងធានាឱ្យវិស័យនេះបន្តរក្សាបាននូវភាពប្រកួតប្រជែង និងភាពធន់នៅក្នុងទីផ្សារពិភពលោកសម្រាប់ផលប្រយោជន៍រួម។

ទន្ទឹមនេះ លោក Christof Weigelmeier មានប្រសាសន៍ថា អាល្លឺម៉ង់មានមោទនភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈគម្រោងដ៏សំខាន់នេះ ដើម្បីបន្តលើកកម្ពស់សិទ្ធិការងារ ស្តង់ដាបរិស្ថាន និងសង្គម ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យ GFT ដោយលោកគូសបញ្ជាក់ថា ការពង្រឹងស្តង់ដាបរិស្ថាន សង្គម សិទ្ធិមនុស្ស និងការត្រួតពិនិត្យអនុលោមភាពនឹងជួយបង្កើនភាពប្រកួតប្រជែងកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកថ្លែងថា អាល្លឺម៉ង់ត្រៀមខ្លួនបន្តគាំទ្រគម្រោងនេះបន្ថែមទៀត និងប្តេជ្ញាបន្តធ្វើជាដៃគូដ៏រឹងមាំរបស់កម្ពុជាទាំងក្នុងដំណើរឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


