Connect with us

ព័ត៌មានជាតិ

មេ​បញ្ជា​ការ​រង​វរៈ​៣០៣​ម្នាក់​ កំពុង​ស្ថិត​ក្រោម ការតាមចាប់ខ្លួនរបស់តុលាការខេត្តកោះកុង

បានផុស

នៅ

មេ​បញ្ជាការរងវរៈ៣០៣​ ម្នាក់​ នៅ​ស្រុកមណ្ឌលសីមា កំពុងត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងបង្គាប់ឱ្យចាប់ខ្លួនមកផ្តន្ទាទោស ក្រោយបង្កឱ្យមានការយល់ច្រឡំ ដោយយកឈ្មោះលោកជំទាវ ហ៊ុន ស៊ីណាត ករណីរឿងរ៉ាវដីធ្លីនៅស្រុកបូទុមសាគរ។

ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង គូសបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៩ ខែឧសភា នេះថា អយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់បន្តទៅលើឈ្មោះ ម៉ៅ អ៊ូច អាយុ៤៥ឆ្នាំ មុខរបរ ជាមេបញ្ជាការរងវរៈ​៣០៣ នៅចំណុចវង់កាថៈ ស្រុកមណ្ឌលសីមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមព្រះរាជអាជ្ញា ក៏បន្ថែមពីបទចោទថា បុគ្គលរូបនេះ និងបក្សពួក បានធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈប្រព្រឹត្តនៅចំណុចកំពង់ភ្លូ ភូមិជីត្រេះ ឃុំអណ្តូងទឹក កាលពីថ្ងៃទី២៤ ឧសភា បទល្មើសដែលមានចែង និងបញ្ញាត្តិឱ្យផ្តន្ទាទោសតាមមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នបុគ្គលឈ្មោះ ម៉ៅ អ៊ូច កំពុងរត់គេចខ្លួនពីការតាមចាប់ខ្លួន ក្រោយដឹងថា បក្សពួករបស់គេត្រូវបានឃុំខ្លួន។

គួរកត់សម្គាល់ថា ការដែលតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បង្គាប់ចាប់ខ្លួនឈ្មោះ ម៉ៅ អ៊ូច នៅពេលនេះ គឺធ្វើឡើង ក្រោយសមត្ថកិច្ចនគរបាលស្រុកបូទុមសាគរឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម វ៉ាន់ធឿន អាយុ៤១ឆ្នាំ យកមកសាកសួរ ព្រមទាំងកសាងសំណុំរឿងបញ្ចូនមកអយ្យការអមសាលាដំបូងខេត្តកោះកុង។ ឥឡូវចៅក្រមស៊ើបសួរនៃសា​លាដំបូងខេត្ត ក៏សម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នហើយដែរ។

ចំណែកឯលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ជាអ្នកនាំពាក្យ និងជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ថ្លែងថា លោកមិនទាន់ក្តោបក្តាប់ព័ត៌មានច្បាស់លាស់អស់ ដោយលោកសុំមិនបកស្រាយពេញលេញនោះទេ ត្បិតមានឈ្មោះមន្រ្តីយោធាឈ្មោះ ម៉ៅ អ៊ូច នៅវរៈ៣០៣ មែន។ ដូច្នេះសុំពេលស្រាវជ្រាវឱ្យត្រឹមត្រូវរួចរាល់អំពីទង្វើរបស់ឈ្មោះ ម៉ៅ អ៊ូច ប្រាកដយ៉ាងណាជាមុនសិន ប៉ុន្តែលោកមិនគាំទ្រ ការប្រព្រឹត្តខុសច្បាប់ ករណីបើរកឃើញល្មើសមែន គឺអនុវត្តច្បាប់វិន័យកងទ័ព។

យោងតាមរបាយការណ៍ស្រាវជ្រាវ និងបំភ្លឺរបស់បុគ្គល ដែលពាក់ព័ន្ធចំពោះករណីប្រមូលឯកសារដាក់ពាក្យស្នើសុំកាត់ឆ្វៀលដី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក សុខ ផន អធិការនគរបាលស្រុកបូទុមសាគរ ពន្យល់ថា ឈ្មោះ គឹម វ៉ាន់ធឿន បានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ឱ្យ​ដាក់ពាក្យស្នើសុំកាត់ឆ្វៀលដីនៅចំណុចកំពង់ភ្លូ ភូមិជីត្រេះ ឃុំអណ្តូងទឹកព្រោះបុគ្គលនេះជាធានារត់ការណ៍ឱ្យដោយតម្រូវឱ្យឯកសារដូចជា៖ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ថវិកាពី១០០ដល់ទៅ៣០០ដុល្លារ សម្រាប់រត់ការណ៍ ប៉ុន្តែពលរដ្ឋមិនទាន់ដាក់ពាក្យប្រគល់នៅឡើយទេ។

លទ្ធផលការស្រាវជ្រាវរបស់សមត្ថកិច្ច លោកអធិការនគរបាលស្រុកបូទុមសាគរ បានបង្ហាញលម្អិតថា ឈ្មោះ គឹម វ៉ាន់​ធឿន បានឆ្លើយសារភាពថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថាខ្លួនពិតជាបានប្រមូលឯកសារពីប្រជាពលរដ្ឋចំនួន​២៧០​គ្រួសារមែនហើយ ក្នុងនោះមានឃុំអណ្តូងទឹក ភូមិជីត្រេះចំនួន១៣០គ្រួសារ។ មកពីឃុំជីខលើ ស្រុកស្រែអំបិលចំនួន២០គ្រួសារ និងមកពីក្រុងខេមរភូមិន្ទ២០គ្រួសារ។

លោក សុខ ផន បន្ថែមថា ជនសង្ស័យឈ្មោះ គឹម វ៉ាន់ធឿន នេះអះអាងថា រូបគេប្រមូលឯកសារឱ្យទៅឈ្មោះ ម៉ៅ អ៊ូច មេបញ្ជាការរងវរៈ៣០៣ យកទៅជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋ។
ទាក់​​ទិននឹងបញ្ហានេះ ភ្លាមៗនោះត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសបដិសេធតាមបណ្តេញសង្គមហ្វេសប៊ុក និងតាមរយៈមេធាវីរបស់លោកជំទាវផងដែរ កាលពីថ្ងៃទី២៨ ឧសភាចំពោះបុគ្គលខិលខូចឈ្មោះ គឺម វ៉ាន់ធឿន ពុំធ្លាប់ស្គាល់ ឬមានទំនាក់ទំនងជាមួយបុគ្គលខាងលើនេះទេ។

លោកជំទាវបកស្រាយបន្ថែមទៀតតាមរយៈលិខិតរបស់មេធាវីថា គឺរូបជននេះ និងបក្សពួកប្រឌិតឡើងក្នុងចេតនាទុច្ចរិត ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ដើម្បីតែប្រយោជន៍របស់ខ្លួន និងបក្សពួកប៉ុណ្ណោះ។ លោកជំទាវ ក៏សូមអរគុណដល់អាជ្ញាធរខេត្តកោះកុង ជាពិសេសលោកឧត្តមសេនីយទោ គង់ មនោ ស្នងការនគរបាលខេត្តដែលមានចំណាត់ការផ្លូវច្បាប់ភ្លាមៗទៅលើជនខិលខូចខាងលើ៕

អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម