Connect with us

ព័ត៌មានជាតិ

៦ខែរកឃើញព័ត៌មានមិនពិត ព័ត៌មានញុះញង់ និងបំពុលសង្គម ចំនួន៩០០ករណី

បានផុស

នៅ

គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានចេញរបាយការណ៍ប្រចាំ ក្នុង​ឆមាស​ទី១ ឆ្នាំ២០២១របស់ខ្លួន។ រយៈពេល៦ខែ នៅក្នុងឆ្នាំ២០២១ គណៈកម្មការតាមដាន​ ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បានស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន៩០០ករណី ដែលរួមមាន៖ ញុះញង់ រិះគន់រាជរដ្ឋាភិ​បាល និងប្រឌិតព័ត៌មា​ន​បំភ្លៃ​ការពិតចំនួន៤១៣ករណី។ ជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន​៣៤៦​ករណី។ ព័ត៌មានមិនពិត និងបំពុលសង្គមចំនួន៩២ករណី។ និងព័ត៌មានមិនពិតតាមបណ្ដាញសង្គមផ្សេងៗ (Tik Tok,​YouTube…) ចំនួន៤៩ករណី។

ក្នុងចំណោមប្រភពដែលតែងតែ ផ្សាយព័ត៌មានមិនពិត ញុះញង់ ជេរប្រមាថខាងលើ គឺមានគណនី និងទំព័រ​ហ្វេសប៊ុកចំនួន៥៣ ដែលសកម្មការផ្សព្វផ្សាយ និងប្រមាណ១៣ គណនី និងទំព័រហ្វេសប៊ុកទៀត គឺជាក្រុម​សកម្មជន អតីតគណបក្សសង្រ្គោះជាតិ រួមទាំងមេក្លោងនៃប្រភពខាងលើ។

ចំពោះវិធានការ និងបន្សាបវិញរួមមាន៖ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិត ដែលបានបញ្ជាក់ពីសមត្ថកិច្ច ពាក់​ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ។ កំណត់មុខសញ្ញា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីស្នើ​សុំកិច្ចសហ​ការជាមួយក្រុមការងារអន្តរក្រសួង។

សម្រាប់សារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាព័ត៌មានមិនពិត និងអុជអាលបង្កចលាចល ធ្វើឲ្យប៉ះពាល់​ដល់ផល​ប្រយោ​ជន៍ និងកិត្យានុភាព របស់សហគ្រាសធនតូច និង​មធ្យមក្រសួងមានវិធានការដូចជា៖ អប់រំណែនាំ និងព្រមាន​ចំ​ពោះ​​​អ្នកសារព័ត៌មាន ដែលប្រព្រឹត្តកំហុសឆ្គង​ខាងក្រមសីលធម៌ វិជ្ជាជីវៈ។ ព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណ ចំពោះ​អង្គភាពសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត នងិដំណឹងក្លែងក្លាយ។ និងប្ដឹងទៅតុលា​ការតាម​នីតិវិធីច្បាប់ ចំពោះសកម្មភាពរបស់អ្នកសារព័ត៌មាន ដែលរំលោភបំពានច្បាប់ ផ្សព្វផ្សាយ​ព័ត៌មានញុះញង់ បណ្ដាលឲ្យកើតមានអំពើហិង្សា ចលាចលក្នុងសង្គម និងធ្វើឲ្យប៉ះពាល់សន្តិសុខជាតិ សណ្ដាប់​ធ្នាប់សង្គម សេដ្ឋកិច្ច​ជា​តិ និងទំនាក់ទំនងជាមួយបរទេសជាដើម។

គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់មធ្យោបាយ​ដែលសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្រុមជនខិលខូចបានប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមដូចជា៖ Youtube, Tik Tok, Wechat និងTelegramជាដើម។ ប៉ុន្តែគណៈកម្មការតាមដាន បានសង្កេតឃើញថា ភាគ​ច្រើន​លើសលុបបានផ្សព្វផ្សាយ តាមរយៈFacebook, YouTube និង Tik Tok៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម