Connect with us

សន្តិសុខសង្គម

មន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok ឈ្មោះ «បក្សីចាំក្រុង» ជុំវិញការបង្ក្រាបនៅក្លឹបពេជ្រលើមេឃ

បានផុស

នៅ

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលចំពោះការផ្សាយចោទប្រកាន់គ្មានមូលដ្ឋានត្រឹមត្រូវ បំភ្លៃការពិតរបស់គណនី TikTok អនាមិកមួយឈ្មោះ «បក្សីចាំក្រុង» បានបង្កើតព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំងខារ៉ាអូខេឈ្មោះពេជ្រលើមេឃ (ដោយអឺម៉ិន ស្តាយ អ៊ិនធើធេនម៉ិន DIAMOND SKY ENTERTAINMENT)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ TikTok ជនអនាមិកនោះបានចោទប្រកាន់ថា «ជនជាតិចិនគេចាប់បាន ជាង២០០នាក់ ត្រូវបានដោះលែងដោយប្រធានមន្ទីរគ្រឿងញៀន លោក យឹង សារ៉ាត់ ជាមួយនឹងថ្នូរលុយម្នាក់ ៣០០០០$ និងចាយលុយ ១លានដុល្លារ ឱ្យបើកក្លឹបដំណើរការធម្មតាវិញធ្វើព្រងើយ បើរដ្ឋាភិបាលបណ្តោយឱ្យ មានមន្រ្តីពុករលួយចឹង រាស្ត្ររស់នៅយ៉ាងម៉េច»។

មន្ទីរប្រឆាំងគ្រឿងញៀន សូមប្រកាសច្រានចោលយ៉ាងដាច់អហង្ការចំពោះការផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន មានចរិតញុះញុង បំភ្លៃការពិតរបស់គណនីអនាមិកនេះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជាកងកម្លាំងទាំងអស់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀននៅទីតាំងខារ៉ាអូខេឈ្មោះពេជ្រលើមេឃ មន្ទីរប្រឆាំងគ្រឿងញៀន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០០ និង ៣០នាទី ទៀបភ្លឺ កម្លាំងជំនាញមន្ទីរដោយទទួលបានគោលការណ៍ថ្នាក់ដឹកនាំ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើ ការបង្ក្រាបជាក់ស្តែងករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទីតាំងខារ៉ាអូ ខេខាងលើ ស្ថិតនៅលើផ្លូវតិរវិធីឆ្នេរទន្លេ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលចាប់ខ្លួនមនុស្ស សរុបចំនួន ២៥៧នាក់ (ស្រី១០៧នាក់) ក្នុងនោះ ជនជាតិខ្មែរ ៦២នាក់ (ស្រី២២នាក់) ជនជាតិបរទេសចំនួន១៩៥ នាក់ (ស្រី៨៥នាក់) និងចាប់យកសារធាតុញៀនសរុបទម្ងន់ ៦គីឡូ ៩១.៨៧ក្រាម។

តាមការស៊ើបអង្កេត តាមការស្តាប់ចម្លើយ និងតាមការធ្វើតេស្តទឹកម៉ូត មន្ត្រីជំនាញបានស្រាវជ្រាវរកឃើញ មានអ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនចំនួន ៣៥នាក់ (ស្រី២០នាក់) ក្នុងនោះ ជនជាតិវៀតណាមចំនួន៦នាក់ (ស្រី៥នាក់) ចិន២៤នាក់ (ស្រី១៤ នាក់) ជប៉ុន១នាក់ (ស្រី) កូរ៉េ៤នាក់(ប្រុស) ដោយត្រូវបានបណ្តេញចេញចំនួន៣៤នាក់ (ស្រី២០នាក់) និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន០១នាក់ ជនជាតិកូរ៉េ សញ្ជាតិខ្មែរ។ ស្ថិតក្នុងរង្វង់កិច្ចប្រតិបត្តិការអ្នកពុំពាក់ព័ន្ធបទល្មើសចំនួន២១១នាក់ (ស្រី៧៩នាក់) ក្នុងនោះជនជាតិខ្មែរចំនួន៦២នាក់ ជនបរទេសចំនួន១៤៩នាក់ ត្រូវបានធ្វើការអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។ ចំពោះអ្នកពាក់ព័ន្ធបទល្មើសចំនួន ១១នាក់ (ស្រី០៥នាក់) ជនជាតិចិន និងវត្ថុតាងគ្រឿងញៀន មន្ទីរបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម