ព័ត៌មានជាតិ
រយៈពេល៩ខែ ក្រសួង រកឃើញព័ត៌មានក្លែងក្លាយជាង ១ពាន់ករណី ក្នុងនោះពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនមានជាង ៨០០ករណី
ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានរកឃើញ និងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន ១០៥៣ករណី ក្នុងនោះពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានដល់ទៅ ៨៥៧ករណី ដែលបង្កើតឡើងដោយមនុស្សជ្រុលនិយម និងការប្រើបច្ចេកវិទ្យា AI ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្ត យន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងស្ថាប័នមានសមត្ថកិច្ច ខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃ។

អ្នកនាំពាក្យ បានបង្ហាញពីវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយដែលបានរកឃើញទាំងអស់នោះ ជាពិសេសមាតិកា ដែលមានប្រភពនៅក្រៅប្រទេស ដោយបានសហការជាមួយក្រុមហ៊ុន មេតា (ហ្វេសប៊ុក ) និងក្រុមហ៊ុន តិកតុក។
លោកថា៖ «ក្រសួងព័ត៌មានបានសហការជាមួយនឹងក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្នុងការធ្វើ report នូវមាតិកាទាំងនោះ ជាមួយនឹងក្រុមហ៊ុន មេតា និងក្រុមហ៊ុន តិកតុក ដើម្បីបង្ហាញអំពីការរំលោភបំពានទៅលើក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផង ហើយក៏ជាការធ្វើខុសទៅនឹងគោលការណ៍ នៅក្នុងការប្រើប្រាស់ ហ្វេសប៊ុក ឬក៏ តិកតុក ផងដែរ។ ដូច្នេះហើយ ក្រសួងបានសហការជាមួយនឹងក្រុមហ៊ុនទាំងពីរនេះ ។ ក្នុងនោះបានដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងការរំលោភបំពានក្រមសីលធម៌ ក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមទាំងពីរនេះ គឺបានប្រមាណ ៣០ ករណី។ ជាមួយគ្នានេះ ក្រសួងសហការជាមួយម្ចាស់គណនី និងផេកបណ្តាញសង្គម ដែលបានផ្សាយខុស ដោយបានស្នើឱ្យដកមាតិកាចេញ ដើម្បីកុំឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ និងប៉ះពាល់ដល់សន្តិសុខជាតិ ព្រមទាំងតម្រង់ទិសលើក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ សរុប១៥៥ករណី»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសាឆ្នាំ២០២៥ ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការអនុវត្តយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»។ យុទ្ធនាការដែលមានរយៈពេលពេញ១ឆ្នាំនេះ បង្កើតឡើង ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យចេះបង្កើនការប្រុងប្រយ័ត្ន និងប្រើប្រាស់ដោយការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា និងរួមចំណែកធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


