ព័ត៌មានជាតិ
ក្រសួងការបរទេស ផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវ គាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានរៀបចំផ្សព្វ ផ្សាយ «សៀវភៅសិក្សាស្រាវជ្រាវគាំទ្រ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣» ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។
ថ្លែងក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា ចាប់ពីថ្ងៃនេះទៅ មានរយៈពេលមិនដល់ពីរសប្តាហ៍ទេ កម្ពុជានឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ហើយលោកបានឆ្លៀតយកឱកាសនេះ រៀបចំពិធីផ្សព្វផ្សាយ សៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូល ASEM13 ក្រោមចំណងជើងថា «កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM»។
លោកថា សៀវភៅនេះ គឺជាការបោះពុម្ពផ្សាយរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយទទួលបានការសាទរយ៉ាងខ្លាំង ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សៀវភៅនេះមានគោលបំណង បង្ហាញនូវមហិច្ឆតារបស់ ASEM ក្នុងការត្រួសត្រាយផ្លូវរបស់ស្ថាប័នមួយនេះ តាមរយៈកាលានុវត្តភាព និងបញ្ហាប្រឈមទូទៅនានានៅក្នុងពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ សំដៅសម្រេចបានអនាគតមួយ ប្រកបដោយបរិយាប័ន្ន ចីរភាព ភាពធន់ និងផ្អែកលើវិធានច្បាប់សម្រាប់ ASEM។
សៀវភៅនេះ ក៏បានគូសបញ្ជាក់ជាចម្បង លើមាគ៌ាធ្វើឲ្យប្រសើរឡើងវិញនូវពហុភាគីនិយម សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ឲ្យបានកាន់តែប្រសើរ និងរឹងមាំថែមទៀត។ សៀវភៅនេះ បានរួមបញ្ចូលនូវការគិតគូដ៏ហ្មត់ចត់តាមរយៈអត្ថបទនានា ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ដោយរាប់ចាប់ពីការតភ្ជាប់ផ្នែកនយោបាយ និងរូបវ័ន្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការតភ្ជាប់រវាងស្ថាប័ន និងប្រជាជន រហូតដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ សៀវភៅនេះទៀតសោត ក៏ផ្តល់នូវគំនិតល្អៗជាច្រើន ដើម្បីជំរុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូល នាពេលខាងមុខ។
ប្រមុខការទូតកម្ពុជា អះអាងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឲ្យមានការផ្លាស់ប្តូរជាលក្ខណៈ ស្ថាប័នដ៏គួរឲ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានា នៅក្នុងតំបន់ និងសកល ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ។ ជំងឺរាតត្បាតកូវីដ-១៩ បង្ហាញឲ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ «ការពង្រឹងពហុភាគីនិយម សម្រាប់កំណើនរួម» គឺពិតជាមានសារៈសំខាន់ ជាងពេលណាៗទាំងអស់។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់កិច្ចប្រជុំកំពូលនេះ ឲ្យក្លាយជាវេទិកាមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM ទាំងអស់ ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកល រួមមាន៖ សុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហាការងាររបស់យុវជន និងយេនឌ័រជាដើម៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


