ព័ត៌មានជាតិ
ការសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន HEINEKEN
នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., មានការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក WONG Chung Wah Samson នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន។

ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ជាពិសេសចំណូលអាករពិសេសលើផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាពគ្នា អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំលេខ១៥០២៤ អពដ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរារបស់សហគ្រាសផលិតក្នុងស្រុកស្របតាមខ្លឹមសារប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សហគ្រាសផលិតក្នុងស្រុកមានកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះតាមចំណុច ទីតាំង និងស្តង់ដារបច្ចេកទេសត្រឹមត្រូវដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយបានកំណត់ពេលវេលានៃការចាប់ផ្តើមអនុវត្តប្រើប្រាស់ឧបករណ៍វាស់ចំណុះនេះចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ឧបករណ៍វាស់ចំណុះនឹងតភ្ជាប់ទៅនឹងប្រព័ន្ធអេឡិចត្រូនិកដោយផ្ទាល់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ (Network) របស់អគ្គនាយកដ្ឋានពន្ធដារ និងដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ដែលឧបករណ៍នេះមាន១.នាឡិកាវាស់ចំណុះ (Flowmeter) ២. នាឡិកាវិភាគសារធាតុរាវនៅខ្សែចង្វាក់ផលិតកម្មវេចខ្ចប់ (Conductivity meter) និង ៣.ប្រអប់ត្រួតពិនិត្យទិន្នន័យ (Field Control Box)។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារ មានមូលដ្ឋានជាក់លាក់ក្នុងការផ្ទៀងផ្ទាត់ និងតាមដានការប្រកាស និងបង់ប្រាក់ពន្ធរបស់សហគ្រាស និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព (Level playing field)។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., ដែលជាសហគ្រាសមួយមានអនុលោមភាពសារពើពន្ធខ្ពស់ និងជាក្រុមហ៊ុនដែលបានស្ម័គ្រចិត្តចូលរួមសហការ និងបានបំពាក់ឧបករណ៍វាស់ចំណុះនេះមុនគេ ហើយព្រមទាំងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរដ្ឋាភិបាលដែលតាមរយៈលិខិតចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចពន្ធដារផ្ទៃក្នុង ជាពិសេស ១.បានបង់ពន្ធជូនរដ្ឋច្រើនជាងគេលំដាប់ទី១ ក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ២.មានអនុលោមភាពសារពើពន្ធខ្ពស់ប្រភេទ “មាស” និង ៣.ជាក្រុមហ៊ុនដំបូង និងឈានមុខគេក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមសហការដំឡើង និងប្រើប្រាស់ឧបករណ៍វាស់ចំណុះ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា បើទោះជាស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នេះក៏ដោយ ក៏លទ្ធផលនៃការប្រមូលចំណូលពន្ធដារអាចនៅមានស្ថានភាពល្អប្រសើរ ដែលនេះគឺដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចធ្វើឱ្យប្រទេសកម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅក្នុងខែវិច្ឆិកានេះ។


ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មានសហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានសុរាមួយចំនួនទៀត បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយបានត្រៀមរៀបចំដំឡើងឧបករណ៍វាស់ចំណុះនេះ ដែលអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ ហើយសង្ឃឹមយ៉ាងមុតមាំថា នឹងមានសហគ្រាសផលិតស្រាបៀរនិងភេសជ្ជៈគ្មានជាតិសុរាជាបន្តបន្ទាប់ទៀត នឹងចូលរួមអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះ។ ការចាប់ផ្តើមថ្ងៃនេះ គឺជាគំរូល្អក្នុងការអនុវត្តសម្រាប់សហគ្រាសក្នុងវិស័យដូចគ្នានេះ ហើយវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបានដ៏សំខាន់របស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តម គង់ វិបុល បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ ពិនិត្យខ្សែចង្វាក់ផលិតកម្មក្នុងរោងចក្រ ព្រមទាំងបានធ្វើការបិទសៀលសុវត្ថិភាព (Security Seal) លើឧបករណ៍វាស់ចំណុះ និងប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវឧបករណ៍នេះ។


ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រគល់លិខិតសរសើររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោក WONG Chung Wah Samson នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., ផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានធ្វើសន្និសីទកាសែត ដោយផ្តល់ឱកាសជូនអ្នកសារព័ត៌មានសួរសំណួរពាក់ព័ន្ធនឹងយន្តការនេះ និងអំពីការគ្រប់គ្រងប្រមូលចំណូលពន្ធដារជារួមផងដែរ។
ខ្លឹមសារសំខាន់នៃសនិ្នសីទកាសែត៖
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានដាក់ដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាដំបូងគេសម្រាប់ក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., ជំរុញលើកទឹកចិត្តដល់សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផ្សេងៗទៀតចូលរួមអនុវត្តកាតព្វកិច្ចនេះ ពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជាការចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ និងប្រកួតប្រជែងដោយស្មើភាពគ្នា និងដើរតួនាទីជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២១ នេះ គឹមត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នាឆ្នាំ២០២០ ក៏ប៉ុន្តែសម្រេចបានលទ្ធផលលើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១។
អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញវិធានការបុរេសកម្ម ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការលំបាកនានាក្នុងបរិបទនៃការរីករាតត្បាតជំងឺកូវីដ-១៩ ក្នុងនោះបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ Tol E-Filing និងការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ E-Filing, ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ E-Payment, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំលិខិតរដ្ឋបាល និង/ឬឯកសារនានាតាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិច (E-Document Submission System) តាមរយៈអាសយដ្ឋាន https://file-revenue.tax.gov.kh/eUploader/ ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវការទូទាត់ប្រាក់ពន្ធដោយស្វ័យប្រវត្តិតាមទូរស័ព្ទដៃកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ ដោយសម្រេចឱ្យបានរដ្ឋបាលកិច្ចល្អ និងឈានទៅសម្រេចឱ្យបាននូវអភិបាលកិច្ចល្អ ដែលស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


