Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

បានផុស

នៅ

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Al‑Waleed bin Khaled bin Talal Al Saud ដែលគេហៅថា « The Sleeping Prince» របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានសោយទិវង្គតក្នុងព្រះជន្ម ៣៦ព្រះវស្សា បន្ទាប់ពីសន្លប់អស់រយៈពេលជាងពីរទសវត្សរ៍។ ការសោយទិវង្គតរបស់ព្រះអង្គត្រូវបានប្រកាសកាលពីថ្ងៃសៅរិរ៍សប្ដាហ៍មុន ដែលជាការបញ្ចប់នៃដំណើរដ៏វែងឆ្ងាយ និងក្ដីសង្ឃឹមសម្រាប់គ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត។

ហេតុអ្វីបានព្រះអង្គសន្លប់អស់រយៈពេល២០ឆ្នាំ? ហើយថាតើព្រះអង្គទទួលបានការព្យាបាលអ្វីខ្លះទើបអាចរក្សាជីវិតបានរយៈពេល​២០ ឆ្នាំនេះ?

ព្រះអង្គម្ចាស់ Alwaleed ស្ថិតក្រោមការព្យាបាល (រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ The Economic Times ព្រះអង្គម្ចាស់ Alwaleed បានប្រសូតនៅក្នុងគ្រួសារដ៏មានឥទ្ធិពលបំផុតមួយនៃគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៩០។ ទ្រង់គឺជាបុត្រប្រុសច្បងរបស់ព្រះអង្គម្ចាស់ Khaled bin Talal Al Saud និងជាចៅទួតរបស់ស្តេច Abdulaziz ដែលជាស្ថាបនិកនៃប្រទេសអារ៉ាប៊ីសាអូឌីតសម័យទំនើប។ ព្រះអង្គក៏ជាក្មួយប្រុសរបស់មហាសេដ្ឋីអ្នកជំនួញព្រះអង្គម្ខាស់ Alwaleed bin Talal ផងដែរ។

ព្រះអង្គម្ចាស់ Alwaleed បានធ្លាក់ខ្លួនសន្លប់នៅឆ្នាំ ២០០៥ នៅអាយុ ១៥ ឆ្នាំបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ខណៈពេលកំពុងសិក្សានៅមហាវិទ្យាល័យយោធាក្នុងទីក្រុងឡុងដ៍។ គ្រោះថ្នាក់នោះបាន​បណ្តាល​ឱ្យ​ព្រះអង្គរបួស​ខួរក្បាល​ធ្ងន់ធ្ងរ និង​ហូរ​ឈាម​ខាង​ក្នុង ។

បន្ទាប់ពីឧបទ្ទវហេតុនេះ ព្រះអង្គត្រូវបានផ្ទេរទៅមន្ទីពេទ្យព្យាបាលឈានមុខ King Abdulaziz Medical City ក្នុងទីក្រុង Riyadh ដែលព្រះអង្គស្ថិតក្រោមការថែទាំសុខភាពជាប្រចាំ។ ប៉ុន្មានឆ្នាំមកនេះ ព្រះអង្គមានប្រតិកម្មរាងកាយតិចតួច ដូចជាការកម្រើកម្រាមដៃ ឬការព្រិចភ្នែកអំឡុងពេលសូត្រគម្ពីរគម្ពីគូរ៉ា។ ទាំងនេះបានធ្វើឲ្យគ្រួសារព្រះអង្គមានក្ដីសង្ឃឹម ប៉ុន្តែយ៉ាងណាព្រះអង្គមិនមានភាពប្រសើរឡើងខាងសរសៃប្រសាទអ្វីឡើយ។

ចំពោះការព្យាបាលរក្សាព្រះអង្គឱ្យនៅមានព្រះជន្មបានជាងពីរទសវត្សរ៍កន្លងមកនេះ គឺត្រូវបានទ្រទ្រង់តាមរយៈការគាំទ្រផ្នែកវេជ្ជសាស្ត្រជាបន្តបន្ទាប់ ដោយព្រះអង្គពឹងផ្អែកលើម៉ាស៊ីនខ្យល់ដើម្បីជួយព្រះអង្គដកដង្ហើម និងទទួលបានអាហារូបត្ថម្ភតាមរយៈបំពង់បំបៅ។ ជាមួយនឹងការថែទាំពេញម៉ោង ដោយមានការត្រួតពិនិត្យជាប្រចាំដោយគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត។ គ្រួសាររបស់ព្រះអង្គក៏បាននាំគ្រូពេទ្យជំនាញមកពីប្រទេសផ្សេងៗដូចជាមកពីចក្រភពអង់គ្លេស អេស្បាញ និងសហរដ្ឋអាមេរិក ផងដែរដើម្បីវាយតម្លៃស្ថានភាពរបស់ទ្រង់ និងពិចារណាជម្រើសនៃការព្យាបាល រួមទាំងការវះកាត់ផងដែរ។

ព្រះអង្គម្ចាស់ Alwaleed និងព្រះបិតា Khaled bin Talal Al Saud (រូបភាព៖ X)

ទោះបីជាមានការណែនាំពីគ្រូពេទ្យដើម្បីបញ្ចប់ការជួយជីវិតក៏ដោយ ក៏ព្រះបិតាទ្រង់ ព្រះអង្គម្ចាស់ Khaled បានបដិសេធ ហើយសង្ឃឹមថាថ្ងៃណាមួយព្រះអាចនឹងជាសះស្បើយឡើងវិញ។

យ៉ាងណាទោះបីជាមានការអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្ដយ៉ាងខ្លាំង និងការកម្រើករាងកាយរបស់ព្រះអង្គដ៏កម្រក៏ដោយ ក៏ព្រះអង្គមិនដែលដឹងខ្លួនឡើងវិញឡើយ ហើយទីបំផុតបានសោយទិវង្គតនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងព្រះជន្ម ៣៦ វស្សា។

ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Alwaleed បានបញ្ចប់ដំណើរជួយសង្គ្រោះដ៏វែងឆ្ងាយ និងជាភាពសោកសៅសម្រាប់គ្រួសាររាជវង្ស។ ចំពោះមនុស្សជាច្រើន ព្រះជន្មរបស់ព្រះអង្គ Khaled បានក្លាយជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ក្តីសង្ឃឹម និងមិនដែលបោះបង់ ទោះបីជាពេលដែលអ្វីៗហាក់ដូចជាមិនអាចទៅរួចក៏ដោយ៕

រូបខាងស្ដាំជារូបព្រះអង្គមុនពេលជួបគ្រោះថ្នាក់។ (រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម