Connect with us

ព័ត៌មានជាតិ

អាថ៌កំបាំង សិល្បៈល្ខោនស្រមោលស្បែកធំ ដែលមិនសូវមានអ្នកដឹង

បានផុស

នៅ

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃគម្រប់ខួប ១៦ ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ របស់អង្គការ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​ត​វត្សរ៍​ទី ១ មកម្ល៉េះ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឱ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ធំនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧។

ហេតុនេះហើយ​ទើប​សក្ខីកម្ម​នៃ​ល្ខោនស្បែក​នេះ ដែល​គេ​ហៅថា ល្ខោន​អាយ៉ង ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​មួយចំនួន​នា​សម័យ​ក្រោយ​អង្គរ។ ​​គេ​ឃើញ​មានការ​សម្តែង​នូវ​ល្ខោនស្បែក​ធំ​នេះ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅ​ខេត្តសៀមរាប​ ដូច​ជាការ​បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន​មហាជន​ចូលរួមទស្សនាយ៉ាងច្រើន​កុះករ​។

ក្រោយ​សតវត្ស​រ៍ទី ​១៣ ជនជាតិ​ជិតខាង​ខ្លះ​បាន​យល់ច្រឡំ​ថា សិល្បៈ​ស្បែក​ខ្មែរ​ដែល​ប្រជាជន​ខេត្តបាត់ដំបង​តែង​ហៅថា ​ណាំងស្បែក​ នោះ​គឺ មានកំណើត​ចេញពី​ប្រទេស​ថៃ។

កេរ្តិ៍មរតក​សិល្បៈ​ស្បែក​ខ្មែរ​នេះ មាន​អាយុកាល​ប្រមាណ ​២ ពាន់​ឆ្នាំ​មកហើយ ដែល​សូម្បីតែ​ជនជាតិខ្មែរ​ខ្លួនឯង ក៏​សឹងតែ​ពុំបាន​ដឹង​ច្បាស់​នាពេល​កន្លងមក​ផង ដោយសារតែ​ខ្វះ​ឯកសារ។ ឯ​ជនជាតិ​ប្រទេសជិតខាង​ខ្លះ​ក៏បាន​លើកយក​មរតក​សិល្បៈ​ខ្មែរ​នេះ ថា​ជា​របស់​ជាតិ​សាសន៍​របស់ខ្លួន​ក៏មាន​ ដូចជា​ ជនជាតិ​ថៃ ឬ ​ជនជាតិ​ម៉ា​ឡេ ​ជាដើម។ តែ​ទោះ​យ៉ាងណាក៏ដោយ​ ការស្រាវជ្រាវ​នាពេល​ក្រោយៗ​នេះ បន្ទាប់ពី​ស្រុកទេស​បានបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទៅ ទើប​បានដឹង​ច្បាស់​ថែម​ទៀតថា សិល្បៈ​ស្បែក​ខ្មែរ​មានកំណើត​នា​ដើម​សតវត្ស​ទី ​១ ដែលមាន​លំហូរ​ចូល​ពី​ប្រភព​ប្រទេស​ឥណ្ឌា​មក។

សិល្បៈ​ស្បែក​នេះ​ដំបូង​ឡើយ មាននៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ដែលជា​សិល្បៈ​ធ្វើឡើង​សម្រាប់​ជា​តង្វាយ​ដល់​ព្រះអាទិទេព​ដ៏​មាន​ មហិទ្ធិឫទ្ធិ​របស់​ឥណ្ឌា។ តង្វាយ​សិល្បៈ​ស្បែក​នេះ ជាការ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន និង​សិរី​មង្គល​សម្រាប់​ប្រជាជន​ឥណ្ឌា។ ​ការកកើតឡើង​នូវ​សិល្បៈ​ស្បែក​នេះ លើទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​បំផុត ​ដោយ​ឥណ្ឌា​រូបនីយកម្ម​នា​ដើម​ សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ។ ក្នុងពេល​មាន​រំហូរ​ចូល​សិល្បៈ​ស្បែក​បែបនេះ​មក​ក្នុងប្រទេស​ខ្មែរ នៅឯ​ប្រទេស​ឥណ្ឌា​មាន​សិល្បៈ​ស្បែក​នេះ​ពាសពេញ ដូចជា​ស្រុក​ប៉ី​ជ​បូរ​ បៃ​លា​រី​ ជិ​ត្រ​ទូ​គ៌ា​ រី​ង្គា​ឡ័​រ​មី​ស័​រ​ ស្សី​ភេ​គ​ ម័​ង​ឌី​យ៉ា​ ទុប​កូរ និង​ស្រុក​នាតកា​ ដែល​សិល្បៈ​ស្បែក​នេះ​មាន​លក្ខណៈ​ស្រដៀង​ដូច​សិល្បៈ​ស្បែក​ខ្មែរ​បច្ចុប្បន្ន​នេះដែរ។

​សូម​ជម្រាប​បន្ថែមថា ភាពស្រដៀងគ្នា​រវាង​សិល្បៈ​ស្បែក​ខ្មែរ និង​ឥណ្ឌា​នេះ ​ជាការ​បញ្ជាក់ថា សិល្បៈ​ស្បែក​ទាំងពីរ​សុទ្ធ​តែមាន​ភាពចំណាស់​នៃ​ប្រវត្តិ​នៅក្នុង​ប្រទេស​នីមួយៗ​យ៉ាងពិត​ប្រាកដ ហើយ​សិល្បៈ​ស្បែក​នេះ​ ក៏​នៅតែ​បន្ត​ថែរក្សា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ទៀត ក្រោយពី​បាន​ជះឥទ្ធិពល​លើ​ “ណាំង​ថៃ” ​នា​សម័យ​សុខោទ័យ និង​អាយុ​ធ្យា។​ ជារួម​ដូច​ប្រទេស​ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីដែរ សិ​ល្បៈ​ស្បែក​ខ្មែរ ពិត​ជាមាន​ប្រភព​ចេញពី​ឥណ្ឌា​យ៉ាង​ប្រាកដ។

ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអាចជាសំណល់ ពីសម័យបុរាណ ហាក់បីដូចនៅតាមសិលាចា​រឹកតាម​ប្រាសាទ។ ល្ខោនស្រមោលស្បែកធំមានដើមកំណើត ប្រហែលកើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី ៩។ វាគឺជាសិល្បៈសម្រាប់បូជា ហើយ ដាច់ដោយឡែកពី កាព្យរាមកេរ្តិ៍ ដោយវាមានតុក្កតាស្បែកធំបង្ហាញលើផ្ទាំងក្រណាត់ផ្ទៃស នូវ ស្រមោល។ ឆ្នាំ ១៩៦៨ ក្រុមល្ខោនស្បែកធំបានបង្កើតក្រុមរបាំបុរាណ ហើយបន្ទាប់មក ក៏ក្លាយជា នាយកដ្ឋានវិចិត្រសិល្បៈ។ បន្ទាប់ពីឆ្នាំ ១៩៧៩ សិល្បករដែលសេសសល់ ពីសម័យ ប៉ុល ពត បានប្រមូលតុក្កតាស្បែកពីគ្រប់ទីកន្លែង ក្នុងប្រទេសដើម្បីបន្តការសម្តែងក្នុង ឆ្នាំ ១៩៩១ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយនូវផ្ទៃស្រមោលដ៏ធំមួយទៅសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ដែលជាអ្នកដកស្រង់ និងតែងនិពន្ធរបាំពីរឿង រាមកេរ្តិ៍ គឺ ចំបាំងព្រះឥន្ទ និងចំបាំង សនាគកាបាស់។ ក្រសួងវប្បធម៌ និង អង្គការក្រៅរដ្ឋាភិបាល យ៉ូណេស្កូ ផ្តល់ស្បែកធំមួយឈុត ទៅឱ្យសាស្ត្រាចារ្យ ហង្ស សុត បញ្ជូនទៅកាន់ក្រុមសិល្បករ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន មានតុក្កតាស្រមោលប្រាំ សម្រាប់ក្នុងប្រទេសគឺ ពីរឈុតគ្រប់គ្រងដោយមន្ទីរសិល្បៈនៃរាជធានីភ្នំពេញ ក្នុងខេត្តសៀមរាប (ក្រុមសិល្បករ ឈៀន និងក្រុមសិល្បករវត្តបូរ) និងមជ្ឈមណ្ឌលវប្បធម៌ខេត្តបន្ទាយមានជ័យ។ ល្ខោនស្រមោលស្បែកធំត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

ឧបករណ៍នៃល្ខោនស្រមោលស្បែកធំ មានដូចជា ផ្ទាំងក្រណាត់ស, ផ្ទាំងតួសម្ដែង ធ្វើអំពីស្បែកគោ ដែលឆ្លាក់ចេញជាក្បូរក្បាច់រចនាមានរូប ព្រះរាម ព្រះលក្សណ៍ ឥន្ទ្រជិត នាងសេដា ជាដើម, ភ្លើងបំភ្លឺ (លលាដ៏ដូងដុត គំនរឧស ភ្លើងចន្លុះ)។ ឯ​វង់​តន្ត្រី​ជូន​សិល្បៈ​ស្បែក​ពណ៌​នេះ​វិញ​ គឺ​វង់​ភ្លេង​ពិណ​ពាទ្យ​ វង់​តូច​ដែល​មាន​ឧបករណ៍​តន្ត្រី​ប្រាំ​មុខ​គឺ​ រនាត​ឯក​ គង​វង់​ធំ​ ស្រឡៃ​តូច​ សំភោរ​ និង​ស្គរ​ធំ​ ហើយ​បទ​ភ្លេង​ភាគ​ច្រើន​ គឺ​ខ្ចី​មក​ពី​វង់​ភ្លេង​មហោរី។

គួរបញ្ជាក់ថានេះ ដើម្បីអបអរ នៃការចុះ ល្ខោនស្រមោលស្បែកធំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ  ខួបលើកទី ១៦ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ សាលាមធ្យមវិចិត្រសិល្បៈសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិរៀបចំសម្តែងល្ខោនស្រមោលស្បែកធំអន្លើ “នាងបុញ្ញកាយ” វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅក្នុងបរិវេណសាលាមធ្យមវិចិត្រសិល្បៈ ដែលមានទីតាំងស្ថិតនៅ វិថីបណ្ឌិតម៉ុងឬទ្ធី  ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាធារណជន អាចចូលទៅទស្សនាដោយសេរី និងមិនគិតថ្លៃ ដោយអនុវត្តវិធានការសុខាភិបាលបង្ការជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ (កែសម្រួល និងដកស្រង់ចេញពី ឯកសាររបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម