ព័ត៌មានជាតិ
ក្រសួងអប់រំ ៖ បេក្ខជន២៩នាក់មានបញ្ហាសុខភាពនៅថ្ងៃទី១នៃការប្រឡង និងអវត្តមានជាង៤០០០នាក់
នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបូកសរុបដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃទី១ ដោយបានបញ្ជាក់ថា បានបញ្ចប់ទៅដោយជោគជ័យ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ហើយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិ ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

បើតាមក្រសួងអប់រំ យុវជន និងកីឡាបេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល និង៤៦១៦ បន្ទប់ ។ ក្នុងនោះ មានបេក្ខជនអវត្តមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣,៧ ភាគរយ។ សម្រាប់ការប្រឡងនាថ្ងៃទី១នេះ ថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស។ ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គម បានប្រឡងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បេក្ខជនអនុវត្តតាមបទប្បញ្ញត្តិ វិធានសុខភាពនិងសុវត្ថិភាព និងសេចក្ដីណែនាំប្រតិបត្តិនានា របស់ក្រសួងអប់រំ យុវជន និងកីឡា គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ។ បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុកដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្រសួងអប់រំបានបញ្ជាក់ដែរថា សម្រាប់ថ្ងៃទី១នេះ បេក្ខជនមានបញ្ហាសុខភាពចំនួន២៩ករណី ក្នុងនោះ បេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនីចំនួន២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន២០នាក់។ បេក្ខជនដែលមានបញ្ហាសុខភាព និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងដំណើរការប្រឡងនាថ្ងៃទី១នេះ ក៏មានគណៈមេប្រយោគចំនួន២នាក់ផងដែរ ដែលមានបញ្ហាសុខភាព។

ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់គណៈមេប្រយោគ គណៈកម្មាការ ក្រសួងស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី ក្រសួងសុខាភិបាល កងកម្លាំង អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មាតាបិតា ព្រមទាំងសិស្សានុសិស្សទាំងអស់ ដែលចូលរួមបំពេញតួនាទី និងគោរពទៅតាមបទប្បញ្ញត្តិបានល្អ ធ្វើឲ្យដំណើរការប្រឡងថ្ងៃទី១ បញ្ចប់ទៅដោយភាពរលូន និងជោគជ័យ៕
ដោយ ៖ កោះកែវ






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


