Connect with us

ព័ត៌មានជាតិ

សៀវភៅ ប្រវត្តិ​ប្រាសាទបុរាណ​ខ្មែរ “​មគ្គុទ្ទេសក៍​អាណាចក្រ​អង្គរ​” ផលិត​ដោយ​កូន​ខ្មែរ កំពុង​ទទួល​បានការ​គាំទ្រ

បានផុស

នៅ

សៀវភៅ​ប្រវត្តិ​ប្រាសាទបុរាណ​ខ្មែរ “​មគ្គុទ្ទេសក៍​អាណាចក្រ​អង្គរ​” ដែល​ស្រាវជ្រាវ​សរសេរ​ដោយ​កូន​ខ្មែរ ជា​ភាសា​ខ្មែរ​មាន​ចំនួន​២​ភាគ និង​ភាសា​អង់គ្លេស បាន​បោះពុម្ព​ចេញផ្សាយ​ជា​ផ្លូវការ ហើយក៏​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ប្រិយមិត្ត​អ្នកអាន​ផងដែរ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហែម សោ​ភ័ន្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម សោ​ភ័ន្ត បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា អ្វីៗ​កើតឡើង​ពី​ដើមហេតុ​របស់​វា ហើយ​ចំពោះ​ការសរសេរ​សៀវភៅ​នេះ ក៏​ផ្ដើមចេញពី​បទពិសោធន៍​នៃ​ការងារ​ផងដែរ​។ លោ​កថា​ដំបូង​លោក​បាន​ចេញទៅ​ខេត្តសៀមរាប ដើម្បី​ធ្វើ​ការងារ​ជាម​គ្គុ​ទេស​ទេសចរណ៍ ប៉ុន្តែ​ដោយសារតែ​ការស្វែងរក​ឯកសារ​មិនបាន ទើប​ធ្វើឱ្យ​លោក​ប្រឡង​ធ្លាក់ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បានអនុញ្ញាត​ឲ្យ​ធ្វើការ​នៅ​ផ្នែក office រយៈពេល​មួយឆ្នាំ ដែល​នេះ​គឺជា​ឱកាស​ធ្វើ​ឲ្យ​លោក​ស្វែងយល់​ពី​មគ្គទេសក៍​ទេសចរណ៍ ដើម្បី​ធ្វើការ​ប្រឡង​នៅ​ឆ្នាំក្រោយ​។ ផ្អែក​តាម​បទពិសោធន៍​ការងារ​ផ្ទាល់ ក៏ដូចជា​ការ​ស្វះស្វែង​ស្រាវជ្រាវ​បន្ថែម​ផង​នោះ ធ្វើ​ឲ្យ​លោក​មានបទពិសោធន៍​ច្រើន​នៅក្នុង​ជីវិត​។

ទោះជា​យ៉ាងណា លោក ហែម សោ​ភ័ន្ត បាន​អះអាង​ថា នៅពេល​លោក​សួរនាំ​ទៅកាន់​មគ្គុទ្ទេសក៍​ទេសចរណ៍​ផ្សេងៗ ហាក់ដូចជា​មានការ​លាក់លៀម​។ លោក​ថា ពេលខ្លះ​លោក​បាន​សួរនាំ​ទៅកាន់​ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​ទៅលេង​ប្រាសាទអង្គរវត្ត ពួកគាត់​បាន​អះអាង​ថា ពួកគាត់​បាន​ត្រឹម​មើល​ថ្ម​ប្រាសាទ ដោយ​មិនបាន​យល់ដឹង​ស៊ីជម្រៅ​អំពី​ការកសាង​ប្រាសាទអង្គរវត្ត​នេះ​ទេ ហេតុ​ដូច្នេះហើយ​ទើប​លោក​មានគំនិត​មួយ​ថា ប្រសិនបើ​ខ្លួនឯង​អាច​ធ្វើ​អ្វីមួយ សម្រាប់​ភ្ញៀវ​ទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ លោក​ខ្លួន​នឹង​ធ្វើ​។ ដូច្នេះ​ដោយ​ផ្អែក​ទៅ​លើ​ការខ្វះ​ឯកសារ​អាន ខ្វះ​អ្នកសរសេរ និង​ការលាក់លៀម ទើប​លោក​យក​បទពិសោធន៍​ទាំងនេះ ទើប​លោក​តាំងចិត្ត​ចងក្រង​ជា​សៀវភៅ ដើម្បីឱ្យ​កូន​ខ្មែរ​បាន​មើល បាន​អាន បានដឹង​អំពី​ប្រវត្តិ​ប្រាសាទ​នានា​នៅលើ​ទឹកដី​ខេត្តសៀមរាប​។

លោក ហែម សោ​ភ័ន្ត ដែល​អះអាង​ថា បាន​រៀន​ចប់​មហាវិទ្យាល័យ​ទេសចរណ៍ និង​អនុបណ្ឌិត​ផ្នែក business ម៉ា​ស្ទ័​រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ បាន​អះអាង​ថា នៅ​ឆ្នាំ​២០០៩ លោក​បាន​និពន្ធ​ចប់​សៀវភៅ​មួយ ដែល​មាន​ឈ្មោះថា “​អាជីព​ម​គ្គុ​ទេស​ទេសចរណ៍​” ហើយ​ចាប់​ពី​ពេលនោះ​មក លោក​មានគំនិត​សរសេរ​សៀវភៅ​អំពី​ប្រវត្តិ​ប្រាសាទ​នានា នៅលើ​ទឹកដី​ខេត្តសៀមរាប ហើយ​លោក​ក៏​ចាប់ផ្ដើម​ប្រមូល​ឯកសារ​ទាំងឡាយ​ពី​បណ្ណាល័យ ពី​កន្លែង​ផ្សេងៗ ផ្សំ​ជាមួយនឹង​ចំណេះដឹង​ដែលមាន ចាប់ផ្ដើម​សរសេរ​សៀវភៅ​នេះ​ឡើង ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០០៩ ហើយ​បាន​បោះពុម្ព​នៅ​ឆ្នាំ​២០១៤ គឺមាន​រយៈពេល​៥​ឆ្នាំ តែ​រយៈពេល​៥​ឆ្នាំនេះ គឺ​បោះពុម្ព​បាន​កែ​ភាគ​ទីមួយ​ប៉ុណ្ណោះ ហើយ​បោះ​ពុម្ព​ប្រមាណ​៣០០០​ក្បាល​ជាដំបូង ហើយ​ដោយសារតែ​មានកា​រ​គាំទ្រ​ពី​អតិថិជន ក៏ដូចជា​មហាជន​ក្នុង​ការទិញ​សៀវភៅ​នេះ ធ្វើ​ឲ្យ​លោក​មាន​ដើមទុន​ក្នុងការ​បង្វិល​បោះពុម្ព​ជា​បន្តបន្ទាប់​មកដល់​ប​ច្ចុ​ប្បន្ន​។

បើតាម​ការដឹង​ពី​លោក ហែម សោ​ភ័ន្ត តាំងពី​ការ​បោះពុម្ពផ្សាយ​សៀវភៅ​នេះ​ឡើង​មិន​ទទួល​បាន​ប្រតិកម្ម​អវិជ្ជមាន​ពី​ស្ថាប័ន​ណាមួយ ក៏ដូចជា​មហាជន​នោះទេ ទាក់ទង​ទៅ​នឹង​អត្ថបទ​ប្រវត្តិសាស្ត្រ និង​ខ្លឹមសារ​នោះឡើយ​។

ទាក់ទង​ទៅនឹង​ការបោះពុម្ព​សៀវភៅ​នេះដែរ លោក​អះអាងថា ក៏​ជា​ក្តី​ព្រួយបារម្ភ​មួយ​ដែរ ដោយសារតែ​លោក​មើលឃើញថា យុវជន​មហាជន​ខ្មែរ​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍ នឹង​ការអាន​សៀវភៅ​នោះទេ ដោយសារតែ​ស្ថិតក្នុង​បរិបទ នៃ​បច្ចេកវិទ្យា ប៉ុន្តែ​លោក​ក៏​គិត​ដែរ​ថា ពេលខ្លះ សូម្បីតែ​លោក​ខ្លួនឯង​ក៏​ពិបាក​រក​សៀវភៅអាន​ដែរ ហើយ​មាន​សៀវភៅ​ខ្លះ​លោក​ដកស្រង់​បាន​ពីរ​បី​ចំណុច​ប៉ុណ្ណោះ ដូច្នេះហើយ​ទើប​លោក​គិតថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិន​ចូលចិត្ត​អាន ដោយសារតែ​នៅពេល​អាន​សៀវភៅ មិន​តម្រូវ​ទៅតាម​អ្វីដែល​ពួកគាត់​ចង់បាន ចង់ដឹង ជាពិសេស​ទាក់ទង​ទៅនឹង​ចំណងជើង ដែលមាន​ពេលខ្លះ​ខ្លឹមសារ​មិនត្រូវ​តាម​ចំណងជើង ដូច្នេះ​មិនត្រូវ​តាម​អ្វីដែល​ពួកគាត់​ចង់បាន ហើយ​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ដែល​ព្យាយាម​សាកល្បង បែរ​ជាមាន​អារម្មណ៍​ខ្ជិល​អាន​ទៅវិញ​។

ចំពោះ​សៀវភៅ​ដែល​លោក​សរសេរ​នេះ លោក​មាន​ក្តី​ស្រមើស្រមៃ​មួយ ក៏ដូចជា​លើក​ជា​សំណួរ​សម្រាប់​ខ្លួន​ឯង​ថា តើ​គួរ​សរសេរ​សៀវភៅ​បម្រើឱ្យ​អ្នកណា ? ដូច្នេះ​លោក​គិតថា សៀវភៅ​នេះ គឺ​លោក​ត្រូវតែ​សរសេរ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ សម្រាប់​កូនក្មេង ឪពុកម្ដាយ មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកបើកបរ ក៏ដូចជា​ភ្ញៀវទេសចរ ដូច្នេះ​នៅពេល​លោក​យក​គោលដៅ​អតិថិជន​បែបនេះ ដោយ​សរសេរ​បែប​សម្រាយ និង​មាន​រូបភាព គួបផ្សំ​ទៅ​នឹង​អក្ខរាវិរុទ្ធ​ត្រឹមត្រូវ​ផង​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ចាប់អារម្មណ៍ ពីព្រោះ​មួយ​ខែ​ចុងក្រោយ​នេះ ការ​ចាប់ផ្តើម​ទិញ​សៀវភៅ​របស់លោក​បាន​កើនឡើង ហើយ​អ្នកទិញ​សៀវភៅ​មាន​ជា​សិស្ស ជា​និស្សិត ជា​ប្រជាពលរដ្ឋ គឺ​គ្រប់​មជ្ឈដ្ឋាន​តែម្ដង មាន​ទាំង​ព្រះសង្ឃ និង​មន្ត្រីរាជការ​ផងដែរ​។

សូម​បញ្ជាក់​ថា សៀវភៅ​នេះ ភាគ​ទី​១ មាន​ចំនួន​២៤៤​ទំព័រ និង​ភាគ​ទី​២ មាន​ចំនួន​២០០​ទំព័រ ហើយ​ជា​ភាសា​អង់គ្លេស​មាន​ចំនួន​៣១២​ទំព័រ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម