Connect with us

ព័ត៌មានជាតិ

សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយដើម្បីរំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩

បានផុស

នៅ

សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) ក្រោមអធិបតីភាពលោក ព្រុំ សុខា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ។

សៀវភៅ «រដ្ឋមន្ត្រីកូវីដ» អ្នកនិពន្ធចំណាយពេល៣ឆ្នាំដើម្បីចងក្រងសំណេរកំណត់ត្រាជាសៀវភៅអក្សរសិល្ប៍មានកម្រាស់រាប់រយទំព័ររៀបរាប់ពីជីវិតការងាររបស់មន្ត្រីសាធារណៈម្នាក់ដែលបានបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនអស់រយៈពេល៤៧ឆ្នាំកន្លងមក ជាអាទិ៍ កំឡុងពេលធ្វើជារដ្ឋមន្ត្រី៣ឆ្នាំក្នុងកាលៈទេសៈពិស្ស នៃការរាតត្បាតជំងឺឆ្លងជាសាកលកូវីដ១៩ (២០២០-២០២៣)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធនេះដែរ លោក ព្រុំ សុខា បានលើកឡើងថា សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ខិតខំប្រមូលផ្តុំពិសោធន៍ការងារជាឧត្តមានុវត្តន៍ដោយបានឆ្លងកាត់វិញ្ញាសាសាកល្បងបំពេញភារកិច្ចជាក់ស្តែងលើវិស័យរដ្ឋបាលសាធារណៈនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ពីមរតកប្រវត្តិសាស្ត្របន្សល់ទុកមកដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ព្រមទាំងពីបញ្ហាទាំងឡាយនាពេលបច្ចុប្បន្នដែលបណ្តាលមកពីការប្រជែងគ្នាយ៉ាងក្តៅគគុកដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក។

លោក ព្រុំ សុខា បានបន្ថែមថា ការបញ្ចប់សម័យកាលកូវីដ១៩ បានផ្តល់មេរៀនពិសោធសម្រាប់ប្រទេសនីមួយៗនៅលើភពផែនដី។ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញពីករណីសិក្សាសំខាន់មួយ សម្រាប់ពិភពលោកទាំងមូល (The Covid-19 presented an important case study on a global scale)។ កូវីដ១៩ ជាវិញ្ញាសាសាក​ល្បងសកលចំពោះអភិបាលកិច្ច និងភាពធន់សង្គម (Covid-19 is a worldwide test of governance and social resilience)។ ពេលនោះ កម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានបង្កើតប្រវត្តិជោគជ័យនៃសង្គ្រាមដណ្តើមជីវិត ពលរដ្ឋពីមាត់ជ្រោះមរណៈកូវីដ១៩។ សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ចូលរួមចំណែករំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩ ដែលជាមេរៀនពិសោធសម្រាប់កូនខ្មែរគ្រប់ស្រទាប់សង្គមតរៀងមក។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ថ្មីៗនេះការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាតទល់នឹងការរំលោភបំពានដ៏គឃ្លីនរបស់កងទ័ពសៀមនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ចាប់តាំងពីការប៉ះទង្គិចដោយអាវុធដ៏គ្រោះថ្នាក់៥ថ្ងៃ ក្នុងរយៈពេល៥ខែកន្លងទៅ មកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានក្លាយមកជាសង្គ្រាមដែលសៀមឈ្លានពានព្រំដែនកម្ពុជាយ៉ាងពេញបន្ទុក។ នេះជាសង្គ្រាមស្នេហាជាតិដ៏ស្រួចស្រាល មោះមុត អត់ធ្មត់របស់ប្រជាជនកម្ពុជាទាំងមូលដើម្បីការពារបូរណភាពទឹកដីសម្បត្តិវប្បធម៌ជាតិ និងសេចក្តីសុខ ក្សេមក្សាន្តជាផ្លែផ្កានៃសន្តិភាព ដែលយើងទទួលបានក្នុងកំឡុងពេល២៧ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រោយឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។  

លោកបានបន្ថែមថា ទោះបីមិនបានកាន់អាវុធផ្ទាល់ចូលរួមក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងឧបាយកលអនុត្តរមហិច្ឆតាសាមាន្យ យ៉ាងគឃ្លីន​ និងអំពើឈ្លានពានដ៏យង់ឃ្នង ឫស្យា អមនុស្សធម៌របស់កងទ័ពសៀមមកលើព្រលឹងជាតិទឹកដី និងប្រជាជនកម្ពុជា ខ្ញុំក៏ដូចជាស្មេរ កវីនិពន្ធ សិល្បករ និងយុទ្ធជនស្មារតីដទៃទៀតបានប្រើដងប៉ាកការួមចំណែកលើកទឹកចិត្តចលនាស្នេហាជាតិ កសាងខឿនការពារជាតិ ការពារប្រទេស ដើម្បីអត្ថិភាព ភាពស្ថិតស្ថេរគង់វង្ស និងអនាគតយូរអង្វែងរបស់ស្រទាប់មនុស្សកម្ពុជាគ្រប់ជំនាន់តទៅមុខទៀត។ ដោយធ្លាប់របួស រងគ្រោះ ឈឺចាប់ដោយសារសង្គ្រាម ប្រជាជនកម្ពុជាស្អប់ខ្ពើមសង្គ្រាម ស្រឡាញ់សន្តិភាព ដឹងគុណសន្តិភាព និងត្រូវតស៊ូប្តូរផ្តាច់ថែរក្សាការពារសន្តិភាព។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា៖ «ជាការគាប់ជួនគ្នាកម្ពុជាកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំជា «ទិវាជាតិអ្នកនិពន្ធ»។ ឆ្លើយតបតាមស្មារតីនៃសារលិខិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព» ខ្ញុំសូមចូលរួមអបអរសាទរគាំទ្រយ៉ាងក្លៀវក្លា និងប្តេជ្ញាបន្តបង្កើតស្នាដៃដើម្បីរួមចំណែកលើកកម្ពស់គុណតម្លៃនៃវប្បធម៌ «ប៉ាកកាសន្តិភាព» ពេញមួយជីវិត»។

សូមជម្រាបដែរថា ស្របតាមតម្លៃស្មារតី (The Spiritual Value) ដ៏ថ្លៃថ្លាខាងលើដែលស្ថិតនៅយ៉ាងជ្រាលជ្រៅដិតដាមជាប់ជានិច្ចក្នុងឧត្តមគតិជាមរតកវប្បធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកទេសរដ្ឋមន្ដ្រី សូមគូសបញ្ជាក់នូវទស្សនៈ ផ្នត់គំនិត និងបំណងប្រាថ្នារបស់ខ្លួនដូចតទៅ៖

១៖ ចូលរួមចំណែកយ៉ាងសកម្មតាមរយៈអាវុធប៉ាកកាសន្តិភាពក្នុងចលនាកសាងខឿនការពារជាតិ ប្រយុទ្ធប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដីរក្សាឱ្យបានស្ថិតស្ថេរគង់វង្សនូវសុខសន្តិភាពរបស់មាតុភូមិជាទីស្នេហា ដោយខិតខំអស់លទ្ធភាពបំផុសដល់គ្រប់ស្រទាប់ក្នុងសង្គមនូវស្មារតីស្នេហាជាតិមាតុភូមិនិងប្រជាជន។

 ២៖ ចូលរួមចំណែកលើកកម្ពស់មនសិការជាតិ បំផុសលើកទឹកចិត្តឧត្តមគតិស្នេហាជាតិ និងស្មារតីម្ចាស់ការដ៏បរិសុទ្ធសំដៅពង្រឹងធ្លុងសាមគ្គីផ្ទៃក្នុងប្រជាជាតិទាំងមូលដើម្បីការពារបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជាដ៏ថ្លៃថ្លាឱ្យបានស្ថិតស្ថេរគង់វង្សរាប់ជំនាន់តរៀងទៅ។
*៣៖ ប្តេជ្ញារក្សាការពារដាច់ខាត ជ្រោងខ្ពស់ជានិច្ចនូវឧត្តមគតិដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន ជារៀងដរាបតទៅអនាគត៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម