ព័ត៌មានជាតិ
ឆ្នាំ ២០២២ ទិន្នផលស្រូវកើនឡើង តែតម្លៃធ្លាក់ចុះ ដោយសារវិបត្តិកូវីដ-១៩
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ ២០២១-២០២២នេះ តម្លៃស្រូវមានការធ្លាក់ចុះតម្លៃបន្តិច បើធៀបនឹងឆ្នាំ ២០២០ ដែលការធ្លាក់ចុះនេះ មានគម្លាតត្រឹមតែ ៥ភាគរយប៉ុណ្ណោះ បើធៀបទៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ១១ ខែមករា បានឲ្យដឹងថា ការធ្លាក់ចុះតម្លៃស្រូវ ជាពិសេសស្រូវវស្សានៅឆ្នាំ ២០២១-២០២២នេះ គឺបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលនាំឲ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករក្រអូប បានធ្លាក់ចុះពី ២០%ទៅ ២៥%។ ចំណែករោងម៉ាស៊ីនកិនស្រូវមួយចំនួន ក៏កាត់បន្ថយការទិញ ដោយសារការធ្លាក់ចុះអង្ករក្រអូបនៅលើទីផ្សារអន្តរជាតិនេះ។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម បានអះអាងថា ខ្លួនបានប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេសសហព័ន្ធស្រូអង្ករកម្ពុជា ដើម្បីជំរុញសមាជិករបស់ខ្លួនឲ្យជួយទិញស្រូវក្នុងតម្លៃសមរម្យពីប្រជាកសិករ និងតាមរយៈមន្ទីរកសិកម្មខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាម និងជំរុញដល់ដំណើរការនាំចេញនៅគ្រប់ច្រកទាំងអស់ ដើម្បីកាត់បន្ថយភាពរាំងស្ទះលើករនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម។
ពាក់ព័ន្ធនឹងបញ្ហានេះ កសិករមានការព្រួយរម្ភចំពោះតម្លៃស្រូវប្រាំង ដែលចាប់ផ្តើមប្រមូលផលនៅពេលដ៏ខ្លីខាងមុខនេះ អាចប្រឈមនឹងការធ្លាក់ចុះដូចគ្នា ខណៈតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង ដោយសារោងចក្រកាត់បន្ថយការផលិត ហើយតម្លៃដឹកជញ្ជូនក៏កើនឡើងខ្ពស់។
ជាដំណោះស្រាយ ក្រសួងកសិកម្ម ជំរុញឲ្យកសិករដាំដុះតាមបច្ចេកទេស កាត់បន្ថយការចំណាយក្នុងការផលិតកម្ម និងធានាគុណភាពស្រូវស្របតាមស្តង់ដារ។ ជាមួយគ្នានេះ អាជ្ញាធរ ត្រូវសម្របសម្រួលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងវិស័យឯកជននានា ក្នុងតំបន់ឲ្យទទួលទិញស្រូវកសិករក្នុងតម្លៃសមរម្យ ជាជាងលក់ឲ្យឈ្មួញដែលមានលក្ខណៈផ្តាច់មុខ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២១-២០២២នេះ ការប្រមូលផលស្រូវនៅកម្ពុជា ស្ទើរតែបញ្ចប់ទាំងស្រុងហើយ ដោយទទួលទិន្នផលស្រូវសរុបប្រមាណជាង ១២,២១លានតោន មានការកើនឡើង ១១,៦% បើធៀបនឹងឆ្នាំ ២០២០។ ចំពោះការនាំចេញអង្ករផ្លូវការសម្រេចបានចំនួន ០,៦១៧ លានតោន មានការថយចុះប្រមាណ ១០,៦៨% ធៀបនឹងឆ្នាំ ២០២០។ ដោយឡែកការនាំចេញស្រូវទៅប្រទេសជិតខាង បានរហូតដល់ចំនួន ៣,៥៣លានតោន មានការកើនឡើង ៦១,១៦% ធៀបនឹងឆ្នាំ ២០២០៕ ដោយ៖ ទួន សុផល


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


