Connect with us

ព័ត៌មានជាតិ

កម្ពុជា ចាប់ផ្តើមធ្វើអធិការកិច្ចផ្លូវថ្នល់ ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែប្រសើរ

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាធ្វើអធិការកិច្ចផ្លូវថ្នល់នៅទូទាំងប្រទេស ដើម្បីគ្រប់គ្រងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពសិក្ដិសិទ្ធិភាព និងបរិស្ថានល្អ។ នេះបើតាមសេចក្តីប្រកាសរបស់អន្តរក្រសួងទាំងពីរកាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសអន្តរក្រសួងទាំងពីរ បានឱ្យដឹងថា ការធ្វើអធិការកិច្ចផ្លូវថ្នល់សំដៅដល់ការតាមដានស្រាវជ្រាវនិងត្រួតពិនិត្យនៅតាមទីតាំង ឬនៅតាមបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមបណ្ដាញផ្លូវថ្នល់ ដើម្បីចាត់វិធានការដល់បុគ្គលដែលបានប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងទាំងពីរ បន្តថា ប្រកាសនេះមានគោលបំណងធ្វើឱ្យប្រសើរលើការគ្រប់គ្រង ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពសិក្ដិសិទ្ធិភាព និងបរិស្ថានល្អសំដៅបង្ការ និងទប់ស្កាត់រាល់អំពើល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈទី១. ការកំណត់សមត្ថកិច្ច និងនីតិវិធីសម្រាប់ការអនុវត្តការត្រួតពិនិត្យ និងឬការធ្វើអធិការកិច្ចលើ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ទី២. ការជំរុញបុគ្គលដែលទទួលបានសិទ្ធិលើការអភិវឌ្ឍ ឬការធ្វើអាជីវកម្មលើវិស័យផ្លូវថ្នល់ ឬបុគ្គល ពាកព័ន្ធ ឱ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់។ ទី៣. ការកំណត់វិធានការនានា ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់។

បើតាមសេចក្តីប្រកាសអន្តរក្រសួង គឺរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានសិទ្ធិចេញ លិខិតបញ្ហាបេសកកម្ម ដល់មន្ដ្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ ស្របតាមសមត្ថកិច្ចដូចមានចែងនៅក្នុង បទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។ ចំណែក អភិបាលនៃគណៈអភិបាលរាជធានីខេត្ត មានសិទ្ធិចេញលិខិតបញ្ជាបេសកកម្ម ដល់មន្ត្រីអធិការកិច្ច ផ្លូវថ្នល់ថ្នាក់ក្រោមជាតិ ស្របតាមសមត្ថកិច្ចដូចមានចែងនៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផ្សេងទៀត ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។

មន្ត្រីអធិការកិច្ចផ្លូវថ្នល់ មានដូចជា មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាន និងនាយកដ្ឋារព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការនិងដឹកជញ្ជូន។ មន្ត្រីជំនាញ មានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាននិងនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់ នៃមន្ទីររាជធានី ខេត្ត ក្រោមឱវាទក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ។

មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវស្នើសុំលិខិតបញ្ហាបេសកកម្មចុះត្រួតពិនិត្យ និងឬធ្វើអធិការកិច្ចផ្លូវថ្នល់ ស្របតាមនីតិវិធីដូចមានចែងក្នុងប្រកាសនេះ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ មានសមត្ថកិច្ចក្នុងការចុះពិនិត្យ និងការធ្វើអធិការកិច្ចផ្លូវថ្នល់ ដោយ អនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធដែលនៅជាធរមាន។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវអនុវត្តសិទ្ធិ តួនាទី និងភារកិច្ចរបស់ខ្លួនដោយឯករាជ្យមិនលម្អៀង និងប្រកបដោយតម្លាភាព គណយភាព សិទ្ឋិសិទ្ធិភាព ព្រមទាំងមានការទទួលខុសត្រូវលើសកម្មភាព អធិការកិច្ចរបស់ខ្លួន។

រាល់ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវធ្វើឡើងជាប្រចាំ យ៉ាងតិច ២ ដងក្នុង ១ ឆ្នាំ នៅតាមទីតាំង ឬលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ នៅតាមបណ្តាញផ្លូវថ្នល់។ការចុះអនុវត្តការត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចនៅតាមទីតាំង ត្រូវជូនដំណឹងជាមុនទៅ ម្ចាស់ទីតាំង ឬតំណាងស្របច្បាប់។ ការជូនដំណឹងនេះ គឺត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់ ទីតាំង ឬតំណាងស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃចុះធ្វើការត្រួតពិនិត្យនិង/ឬការធ្វើអធិការកិច្ច។  រាល់ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវមានការចូលរួម ពីមន្ត្រីអធិការកិច្ចផ្លូវថ្នល់ចំនួន៥ (ប្រាំ) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ។ ២- ៣ (បី) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ។

ក្នុងពេលចុះបំពេញបេសកកម្ម មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានលិខិតបញ្ហាបេសកកម្ម និងអត្តសញ្ញាណបណ្ណមន្ត្រីរាជការ។ ពាក់បណ្ណសម្គាល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់និងប្រើប្រាស់ឯកសណ្ឋានផ្លូវការរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់។ប្រើប្រាស់ឯកសណ្ឋានការពារសុវត្ថិភាព ក្នុងករណីចាំបាច់។ ការចុះត្រួតពិនិត្យ និងឬ ជាញឹកញាប់ និងតាមការចាំបាច់ត្រូវអនុវត្តចំពោះករណីមានការសង្ស័យលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមទីតាំង មិនអនុលោមតាមស្ដង់ដារបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេក​ទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាព។ ករណី មានបណ្ដឹង ឬមានការសង្ស័យទាក់ទងនឹងហានិភ័យខ្ពស់ ឬការប៉ះពាល់ខ្លាំងដល់ គុណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ ឬបរិស្ថានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់។ករណីមានការស្រាវជ្រាវឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសំណង ផ្លូវថ្នល់ មិនគោរពតាមស្តង់ដារបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេកទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាពនិងករណីការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ច ដូចមានចែងក្នុងចំណុចទាំង ៣ ខាងលើនេះ នឹងមិនមានការជូនដំណឹងជាមុនដល់ម្ចាស់ទីតាំង ឬតំណាងស្របច្បាប់ នោះឡើយ។

មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចូលបំពេញការងារនៅក្នុងទីតាំងបាន លុះត្រាតែមានការចូលរួមឬមានវត្តមានម្ចាស់ទីតាំង ឬតំណាងស្របច្បាប់ ហើយទីតាំងកំពុងដំណើរការ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវចូលបំពេញការងារនៅក្នុងទីតាំង ដោយបើកចំហជាសាធារណះ និងនៅក្នុងម៉ោងបំពេញការងារ គឺចាប់ពីម៉ោង ៦ ព្រឹក ដល់មុនម៉ោង ១៨ រសៀល។  ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចផ្លូវថ្នល់របស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ នៅតាមទីតាំង អាចធ្វើឡើងនៅក្រោយម៉ោង ១៨ រសៀល និងមុនម៉ោង ៦ ព្រឹកបាន លុះត្រាទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញាជាមុន។

ក្នុងករណីពិនិត្យឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬ ការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនអនុលោមតាមលិខិតអនុញ្ញាត បទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចាត់វិធានការប្រមូលនិងដកហូតភស្តុតាងពាក់ព័ន្ធផ្សេងៗ និងធ្វើកំណត់ហេតុភ្លាមៗនៅនឹងកន្លែង ដោយមានការចូលរួមពិនិត្យពីម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់ លើកំណត់ហេតុនោះ។ ចាត់វិធានការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដែលបានបង្ក ឬបណ្តាលឱ្យកើតមានការរំលោភអនុលោមភាពនៃបទប្បញ្ញត្តិ។ រៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងលើកសំណើចាត់វិធានការមួយ ឬច្រើនដូចជាព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពនៅក្នុងទីតាំងជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាបណ្ណ ដកហូតទុកបណ្ដោះអាសន្ននូវសម្ភារបរិក្ខារ និង/ឬគ្រឿងចក្រដែលពាក់ព័ន្ធនឹងបទល្មើសនិង/ឬចាត់វិធានការផ្សេងទៀតតាមការចាំបាច់ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ក្នុងករណីមិនឯកភាពចំពោះវិធានការ ដែលធ្វើឡើងដោយមន្ត្រីអធិការ​កិច្ចផ្លូវថ្នល់ ម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់ អាចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពីវិធានការខាងលើ។ ក្នុងករណីបានពិនិត្យឃើញដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តណាមួយដែលគ្រប់គ្រាន់សម្រាប់ការពិន័យអន្តរការណ៍មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវ រៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ដើម្បីពិនិត្យនិងសម្រេច ។

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម