ព័ត៌មានជាតិ
ច្បាស់ហើយ ទីប្រឹក្សាក្រសួងវប្បធម៌ បកស្រាយករណី រូបប្រាសាទអង្គរលើស្រាបៀរ និងសំលៀកបំពាក់ទង់ជាតិ
ទាក់ទងទៅនឹងការលើកឡើង និងចម្ងល់ថា ហេតុអ្វីមិនអនុញ្ញាតឱ្យស្លៀកពាក់សំលៀកបំពាក់រូបទង់ជាតិកម្ពុជា ប៉ុន្តែអនុញ្ញាតស្រាបៀរមានរូបប្រាសាទអង្គរទង់ជាតិ? ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា នោះជារូបប្រាសាទ មិនមែនទង់ជាតិកម្ពុជាទេ។

លោក ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី១៨ ខែមីនានេះថា រូបអង្គរនោះមិនមែនជាទង់ជាតិទេ គឺជារូបប្រាសាទ។ បើទង់ជាតិគឺ មានពណ៌ក្រហម ខៀវ និងមានប្រាសាទអង្គរពណ៌ស កំពូល៣នៅកណ្ដាល។
លោក ចំរើន វ៉ាន់ថា បញ្ជាក់បន្ថែមថា៖ “ចំពោះការយករូបប្រាសាទ ឬរូបហនុមាន ដាក់សម្បកដប កំប៉ុងស្រាបៀរនោះ ក្រុមហ៊ុនបានសុំសិទ្ធិ ចុះពាណិជ្ជនាម ពីក្រសួងពាណិជ្ជកម្ម។ សូមកុំយករូបអង្គរវត្តលើស្រាបៀរ មកប្រៀបធៀបនឹងទង់ជាតិ គឺមានលក្ខណៈខុសគ្នា ព្រោះទង់ជាតិជាដួងព្រលឹងរបស់ជាតិ សូម្បីអង្គព្រះមហាក្សត្រយាងកាត់ ក៏ឱនព្រះសិរសាគោរព”។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ លើកឡើងថា យើងមិនចាត់ទុកថា ការច្នៃសំលៀកបំពាក់ជារូបទង់ជាតិមកស្លៀកពាក់ ខុសទេ ព្រោះបើ ខុស លុះត្រាតែទង្វើនោះប្រឆាំង ឬផ្ទុយនឹងច្បាប់។
លោក ចំរើន វ៉ាន់ថា មានប្រសាសន៍ថា៖ “បើយកទង់ជាតិមកកាត់ជាសំលៀកបំពាក់ យកមកគ្រងស្លៀក ហើយអង្គុយពីលើ ដើរអូសដីអ៊ីចឹង គឺឆ្គង ទន្ទឹមពេលយើងអាចយកសំលៀកបំពាក់ប្រពៃណីជាច្រើនបែប ច្រើនទម្រង់ផ្សេងទៀតមកស្លៀកពាក់បាន។ ខ្ញុំសំណូមពរ បើយើងចៀសវាងបាន គួរតែចៀសវាងទៅណា៎!”។
ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ រូបនេះលើកឡើងបន្តថា ថ្វីដ្បិតតែការស្លៀកពាក់នោះ មិនបានយកទង់ជាតិផ្ទាល់មកកាត់មែន ប៉ុន្តែពណ៌នៃសំលៀកបំពាក់ ពិសេសមានរូប ប្រាសាទអង្គរ ដាក់កណ្ដាលទៀត នោះហើយជាសញ្ញាទង់ជាតិ។

លោក ចំរើន វ៉ាន់ថា មានប្រសាសន៍ថា៖ “ជួនកាលគាត់យល់ច្រឡំ ដោយការស្រឡាញ់ពេក ដោយអត់យល់ ក៏កាត់សំលៀកបំពាក់ជាទង់ជាតិយកមកស្លៀកពាក់អ៊ីចឹងទៅ។ ជួនកាលយើងយកទៅប្រៀបធៀបនឹងបរទេស ប៉ុន្តែបរទេសគេមានប្រពៃណីគេផ្សេង ចំណែកប្រទេសយើង យើងមានវប្បធម៌អត្តសញ្ញាណជាតិយើង”។
ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកក្នុងកិច្ចប្រជុំ ដោយបានសុំអាជ្ញាធរអប្សរា និងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ឱ្យជួយណែនាំ និងពន្យល់ទៅកាន់អាជីវករអ្នកជួលសំលៀកបំពាក់ គឺមិនគួរកាត់សំលៀកបំពាក់ជារូបទង់ជាតិមកស្លៀកពាក់។

គួរបញ្ជាក់ថា បន្ទាប់ពីមានការស្លៀកពាក់សំលៀកបំពាក់ជារូបទង់ជាតិថតនៅតំបន់ប្រាសាទអង្គរ កាលពីសប្ដាហ៍មុន លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា កាលពីសប្ដាហ៍មុន បានមានប្រសាសន៍ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ ជានិមិត្តរូបជាតិ។ ជាមួយគ្នានោះ ក៏មានមតិប្រតិកម្ម លើកឡើងថា ជាការចង្អៀតចង្អុល និងមានមតិខ្លះចោទសួរ ហេតុអ្វី អនុញ្ញាតឱ្យមានរូបទង់ជាតិប្រាសាទអង្គរវត្ត លើសម្បកកំប៉ុង និងដបស្រាបៀរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


