ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ៖ របាយការណ៍របស់អង្គការគាំពារអ្នកកាសែតខ្លះ គឺសរសេរឡើងដើម្បីតែផ្គាប់ចិត្តម្ចាស់ជំនួយ
ថ្លែងក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានលើកឡើងថា របាយការណ៍ទាក់ទងនឹងសេរីភាពសារព័ត៌មានរបស់អង្គការគាំពារអ្នកសារព័ត៌មានមួយចំនួន គឺភាគច្រើនសរសេរឡើងដោយអ្នកផ្សេងដែលមិនមែនជាអ្នកសារព័ត៌មាន។ សម្រាប់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ការសេរសេររបស់ពួកគេនេះ គឺដើម្បីតែផ្គាប់ចិត្តម្ចាស់ជំនួយរបស់ខ្លួនតែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានអះអាងថា ប្រសិនបើក្រុមអង្គការទាំងនោះ ជាអ្នកសារព័ត៌មានពិតប្រាកដ នោះពួកគេពិតជាយល់ច្បាស់ណាស់ពីស្ថានភាពវិស័យសារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖« ពាក្យខ្មែរយើងតែនិយាយថា បើសិនជាបុគ្គលហ្នឹង ជាអ្នកដែលរែកទឹកដាក់ពាងដោយខ្លួនឯង នោះពួកគេនឹងដឹងថាទឹកដែលស្រក់ចេញពីពាងមួយដំណក់ៗវាមានតម្លៃប៉ុណ្ណា»។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ ខេមបូចា កាលពីចុងសប្ដាហ៍មុនបានចេញរបាយការណ៏ដោយរកឃើញថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជារងការរឹតត្បិត ខណៈមានអ្នកកាសែតចំនួន ៥នាក់ត្រូវបានចាប់ខ្លួន អ្នកសារព័ត៌មាន៤នាក់ ប្រឈមនឹងវិធានការផ្លូវច្បាប់ ១១នាក់រងអំពើហិង្សា និងការយាយី និងអាជ្ញាប័ណ្ណនៃស្ថាប័នសារព័ត៌មានចំនួន៣ត្រូវបានលុបចោល។ ក៏ប៉ុន្តែ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានមិនបានលុបស្ថាប័នទាំង៣នេះទេ ពោល គឺគ្រាន់តែជាព្យួរបណ្ដោះអាសន្នតែប៉ុណ្ណោះ។ មូលហេតុនៃការព្យួរនេះ គឺដោយសារពួកគេរំលោភក្រមសីលធម៌ និងការជំរិតទារប្រាក់ជាប្រព័ន្ធ។

យ៉ាងណាក៏ដោយ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ ខេមបូចា បាននិយាយនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានថា ការគំរាមកំហែង ការយាយីលើអ្នកសារព័ត៌មាន និងការចោទប្រកាន់តាមផ្លូវតុលាការ និងបញ្ហាដែលកើតមានចំពោះអ្នកកាសែតបានកើនឡើងប្រមាណ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២០។ លោកថា ប្រសិនបើករណីនេះមិនត្រូវបានឆ្លើយតប និងកាត់បន្ថយទេ នោះផលប្រយោជន៏ទាំងឡាយរបស់ប្រជាពលរដ្ឋ និងសង្គមនឹងត្រូវបានបោះបង់ចោល ឬបាត់បង់ជាមិនខាន។
ចំណែក លោកស្រី ចាន់ សុគន្ធា ប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧មក វិស័យសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលធ្វើការបង្រ្កាបទៅក្រុមអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ ដែលហ៊ានរិះគន់មកលើភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាក្រុមទីមួយស្មើនិងមន្ត្រីរាជការ និងក្រុមគ្រូពេទ្យដែលត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងមុនគេបង្អស់ ក៏ប៉ុន្តែចំណុចនេះមិនត្រូវបានអ្នកកាសែតមួយចំនួនយកទៅផ្សព្វផ្សាយនោះទេ។ ប៉ុន្តែ អ្វីដែលពួកគេផ្សាយ គឺបញ្ហាអសកម្ម ខ្វះភាពជាក់ស្ដែង ដូចជាការផ្សាយអំពីការដែលសមត្ថកិច្ចហាមឃាត់មិនមិនឲ្យអ្នកសារព័ត៌មានចូលក្នុងតំបន់ផ្ទុះកូវីដ១៩ និងចាត់ទុកវិធានការទាំងនេះជាការបំបិទសិទ្ធិសេរីភាពចំពោះពួកគេទៅវិញ។ សម្រាប់លោក ខៀវ កាញារីទ្ធ ការដែលអ្នកកាសែតលើកអំពីបញ្ហានេះធ្វើជាមូលហេតុ គឺអាចចាត់ទុកថា អ្នកកាសែតនោះខ្សោយចំណេះដឹងទាក់ទងនឹងកាសែត ឬក៏គាត់ចង់លើកបញ្ហា ដើម្បីសុំលុយ ឬផ្គាប់ចិត្តម្ចាស់ជំនួយប៉ុណ្ណោះ៕
អត្ថបទ៖ លន់ សេនី

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1