ព័ត៌មានជាតិ
គម្រោងចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានពន្យារពេលដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិកា បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ៣១ ខែឧសភា នេះថា គម្រោងចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានពន្យារពេល ដោយសារតែបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យមានបញ្ហាស្មុគស្មាញសម្រាប់ការរៀបចំកិច្ចប្រជុំ។
លោក គង់ ពុទ្ធិកា បានបញ្ជាក់ថា តាមកម្មវិធីរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក បានកំណត់ថា នឹងធ្វើកិច្ចប្រជុំនៅខែមិថុនា នៅប្រទេសរុស្ស៊ី ហើយឆ្នាំនេះរុស្ស៊ី គឺជាប្រធាននៃកិច្ចប្រជុំ ដែលបានកំណត់រួចហើយកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំលើកទី៤៤នៅប្រទេសចិន។ លោកបញ្ជាក់ថា “យើងដឹងទាំងអស់គ្នាហើយថា បច្ចុប្បន្ននេះ វាពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ បានធ្វើឲ្យមានបញ្ហាស្មុគស្មាញក្នុងការរៀបចំកិច្ចប្រជុំនេះ ដូច្នេះគណៈកម្មការបេតិកភណ្ឌពិភពលោក មិនទាន់សម្រេចថា នឹងរៀបចំកិច្ចប្រជុំនៅពេលណានោះទេ ហើយនីតិវិធីយ៉ាងណាក៏យើងមិនទាន់ដឹងដែរ ដូច្នេះយើងនៅរង់ចាំការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក”។
លោកសង្ឃឹមថា គណៈកម្មការកម្មការបេតិកភណ្ឌពិភពលោក នឹងរកបានដំណោះស្រាយឈ្នះឈ្នះនាពេលឆាប់ៗខាងមុខ ដើម្បីរៀបចំកិច្ចប្រជុំនេះ។

បើតាមលោក គង់ ពុទ្ធិកា សម្រាប់ការចុះបញ្ជីប្រាសាទកោះកេរ្តិ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជាបានរៀបចំឯកសារដាក់ទៅគណៈកម្មការបេតិកភណ្ឌពិភពលោកចប់សព្វគ្រប់អស់ហើយ រង់ចាំតែថ្ងៃប្រជុំតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទទាំងពីរនេះ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។

លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា ប្រាសាទកោះកេរត្រូវបានស្នើជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះប្រាសាទនេះមានតម្លៃជាសកល ព្រមទាំងដើម្បីបង្ហាញពីវប្បធម៌ខ្មែរ ហើយក៏នឹងផ្តល់ផលប្រយោជន៍ដល់គោលដៅអភិរក្សប្រាសាទ និងទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកថា នៅឆ្នាំ២០០៤ រដ្ឋាភិបាលបានកំណត់តំបន់ប្រាសាទកោះកេរមានចំនួន៨.១០០ ហិកតា។ ក្រោយមកអ្នកជំនាញអន្តរជាតិ ដែលបានជួយរៀបចំពាក្យសុំបេតិកភណ្ឌបានពិនិត្យមើលសក្តានុពល នៃរមណីយដ្ឋាន បានស្នើសុំឱ្យរដ្ឋាភិបាលចេញក្រឹត្យថ្មី ដោយកំណត់តំបន់ប្រាសាទទំហំ៨.៧០០ ហិកតា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


