ព័ត៌មានជាតិ
រោងចក្រដំឡើងរថយន្ត FORD នៅពោធិ៍សាត់ ជាគំរូជោគជ័យ និងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងថា ការបើកសម្ពោធជាផ្លូវការ នៃរោងចក្រដំឡើងរថយន្ត FORD នៅខេត្តពោធិ៍សាត់នេះ គឺជាគំរូ នៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឺកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។

ជាមួយគ្នានោះ លោកបានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

ការលើកឡើងរបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនេះ ខណៈលោកអញ្ជើញជាអធិបតី ក្នុងពិធីពិធីបើកសម្ពោធជាផ្លូវការ នូវរោងចក្រដំឡើងរថយន្ត FORD របស់ក្រុមហ៊ុន RMA Cambodia ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

មានប្រសាសន៏នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត លោកបានថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ដែលជាក្រុមហ៊ុននាំមុខមួយ ក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត ដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល ដោយយោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន។

លោកថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅទឹកដីកម្ពុជានេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបមួយនេះ ដែលពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខ មួយមុខនោះឡើយ ហើយទាំងនេះ ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរី នៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ៕
ដោយ ៖ កោះកែវ










-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


