Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាត្រូវការការគាំទ្រពី UNDP ដើម្បីជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅចំពោះមុខអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ​ (UNDP) ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ គ្រាដែលស​ម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបអភិបាល UNDP សារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។ សម្ដេចតេជោ មានប្រសាសន៍បន្តថា កន្លងមក លោក Achim Steiner ធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយពិតជាលោកបានស្គាល់កម្ពុជាច្បាស់។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

នៅក្នុងជំនួបនេះដែរលោក Achim Steiner មានប្រសាសន៍ថា លោកពិតជារីករាយ ដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ លោកបានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយជាពិសេសក៏បានឃើញពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជាកន្លងមក ហើយនៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។

លោកបានបន្តទៀតថា លោកពិតជាមានមោទនភាព ចំពោះអ្វីដែលយើងមានជាភាពដៃគូ រវាងអង្គការ UNDP ជាមួយ នឹងប្រទេសកម្ពុជា។ លោកក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក Achim Steiner បន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុ ដែលមានការលើកឡើងពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ។ UNDP នឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក Achim Steiner ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ ៣ចំណុចសំខាន់ៗ៖ ១. កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP។ ២. សម្ដេច តេជោ បានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP។ ៣. សម្ដេចតេជោ បានគូសបញ្ជាក់ពីបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។

ជាការឆ្លើយតបលោក Achim Steiner មានប្រសាសន៍ថា លោកពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យ លើការអភិវឌ្ឍន៍កន្លងទៅនេះ។ លោកក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រ ក្នុងការទាក់ទាញការវិនិយោគ ឲ្យបានខ្ពស់បំផុត។

លើសពីនេះទៅទៀត លោកក៏បានមានប្រសាសន៍បញ្ជាក់ថា លោកពិតជាមានមោទនភាព ចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយUNDP នឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។ លោកបានគូសបញ្ជាក់ថា «យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យ ជាពិសេសលើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។

ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ លោកបានមានប្រសាសន៍ថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ លោក Achim Steiner បានបញ្ជាក់ទៀតថា គោលនយោបាយបៃ​តងនេះ អ្វីដែលយើងត្រូវធ្វើ គឺការជំរុញធ្វើយ៉ាងម៉េចឲ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។

នៅឱកាសនោះផងដែរ លោកក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក។ ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា។ ចុងក្រោយ សម្ដេចតេជោ សង្ឃឹមថានៅពេលវេលាសមស្របណាមួយ លោក Achim Steiner នឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម