Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ មានក្រុមជនខិល​ខូចមួយចំនួនកំពុងផ្តល់សេវាធនាគារគ្មានច្បាប់ និងមានលក្ខណៈកេងប្រវ័ញ្ច

បានផុស

នៅ

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានក្រុមជនខិលខូចមួយចំនួនបាននិងកំពុងធ្វើប្រតិបត្តិការធនាគារ នៅតាមមូលដ្ឋានស្រុក-ឃុំ ទាំងសេវាផ្តល់ប្រាក់កម្ចី និងសេវាប្រមូលប្រាក់បញ្ញើដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធានការនិងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានដោយខុសច្បាប់”
នៅថ្ងៃទី១៩តុលា នៅសណ្ឋាគារ រ៉ាហ្វ៉ល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ លោកបានបន្តថា តាមរយៈលទ្ធផលនៃការចុះផ្សព្វផ្សាយកន្លងមកធនាគារជាតិនៃកម្ពុជា បានយល់ដឹងបន្ថែមអំពីបញ្ហាប្រឈមនានា រួមមួយចំនួនដូចជា ប្រជាពលរដ្ឋនៅតាមជន​បទ ពុំទាន់យល់ច្បាស់អំពីកាតព្វកិច្ច និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ព្រមទាំងពុំទាន់អាចទទួលព័ត៌មានហិរញ្ញវត្ថុបានពេញលេញ និងមានការលំបាកក្នុងការស្វែងរកការពន្យល់បញ្ជាក់នៅពេលមានបញ្ហាឬចម្ងល់ផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ អាជ្ញាធរមូលដ្ឋានមានការលំបាកក្នុងការកំណត់ឱ្យច្បាស់រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
ដែលស្របច្បាប់ និងមិនស្របច្បាប់ និងមានក្រុមជនខិលខូចមួយចំនួនបាននិងកំពុងធ្វើប្រតិបត្តិការធនាគារ នៅតាមមូលដ្ឋានស្រុក-ឃុំទាំងសេវាផ្តល់ប្រាក់កម្ចីនិងសេវាប្រមូលប្រាក់បញ្ញើដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ច។

លោកបានបន្តទៀតថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា មានជនខិលខូចមួយចំនួននៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងបើកចំហស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។

លោកបានបន្ថែមថា ការផ្តល់សេវាឥណទានដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា គឺខុសនឹងមាត្រា ៩ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយការផ្តល់ឥណទានខុសច្បាប់នេះក៏ផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងអាចបង្កឱ្យមានបំណុលច្រើនលើសលុបតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ និងម្យ៉ាងវិញទៀតបញ្ហាកង្វះក្រមសីលធម៌និងយន្តការការពារអតិថិជន អាចជំរុញឱ្យមានអំពើហិង្សាការបាត់បង់ទ្រព្យធានា និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ផងដែរ។ ការណ៍នេះ ក៏ជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ។

លោកបានបញ្ជាក់ថា ដោយមើលឃើញបញ្ហានេះទើបធនាគារជាតិនៃកម្ពុជា បានសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង
បន្ថែមដល់ភាគីពាក់ព័ន្ធអំពីវិធានការផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់។ ដាក់ចេញនូវវិធានការអប់រំឬណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវាធនាគារផ្លូវការ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្តល់សេវាធនាគារមិនមានច្បាប់អនុញ្ញាត។

លោក រ័ត្ន សុវណ្ណនរៈ បានបន្ថែមទៀតថា សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ដើម្បីរួមគ្នាក្នុងកំណត់វិធាន និងយន្តការទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ សកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់។ លោកបានឱ្យដឹងទៀតថា « ជាទិសដៅបន្ទាប់ ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ នឹងរៀបចំចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាអំពីលទ្ធផលនៃសិក្ខាសាលាក៏ដូចជាជំហរនៃកិច្ចសហការគ្នាទៅវិញទៅមកក្នុងការចាត់វិធានការឱ្យទាន់ពេលវេលាសំដៅបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានខុសច្បាប់»។

លោកសង្ឃឹមថា សិក្ខាសាលានេះ នឹងផ្តល់ធាតុចូលសំខាន់ៗពាក់ព័ន្ធ​​​នឹងនីតិវិធី ឬយន្តការកិច្ចសហការគ្នាទៅវិញទៅមកក្នុងការស៊ើបអង្កេតឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា សំដៅចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់បទល្មើសនៃសកម្មភាពផ្តល់ឥណទានមិនមានច្បាប់អនុញ្ញាត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៤ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម