Connect with us

ព័ត៌មានជាតិ

ក្នុងនាមរដ្ឋមន្ត្រីការបរទេសកម្ពុជាឥស្សរជនឆ្នើម ៣រូប បាននាំសន្តិភាព ស្ថិរភាព និងកិត្តិយសជូនជាតិ

បានផុស

នៅ

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា «ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា» ត្រូវបានបង្កើតឡើង ដែលពេលនោះសម្ដេចតេជោ ហ៊ុន សែន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេស។ បើគិតតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ កម្ពុជាបានប្ដូររដ្ឋមន្ត្រីការបរទេសចំនួន ៦រូបហើយ។ ប៉ុន្តែជាការកត់សម្គាល់គេមើលឃើញថា មានតែរដ្ឋមន្ត្រីការបរទេស ៣រូបប៉ុណ្ណោះមានភាពលេចធ្លោ ដែលបាននាំមកសមិទ្ធផលដ៏អស្ចារ្យសម្រាប់បុព្វហេតុជាតិមាតុភូមិ ជាពិសេស ការនាំសុខសន្តិភាព ស្ថិរភាពនយោបាយ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។

តើរដ្ឋមន្ត្រីការបរទេសឆ្នើមរបស់កម្ពុជាទាំង៣រូបនេះជានរណា? ហើយបានបំពេញការងារអ្វីខ្លះជូនជាតិ និងប្រជាជនកម្ពុជា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន ជាអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ដោយកាលនោះ សម្ដេចតេជោទើបតែមានវ័យ ២៧ឆ្នាំប៉ុណ្ណោះ ដែលគេចាត់ទុកថា ជារដ្ឋមន្ត្រីការបរទេសក្មេងជាងគេលើពិភពលោក។ ឆ្នាំ១៩៧៩ សម្ដេចតេជោ ហ៊ុន សែន កាន់ជារដ្ឋមន្ត្រីការបរទេស ពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៥ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេស និងពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។

ក្នុងនាមជារដ្ឋមន្ត្រីការបរទេសសម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងសមិទ្ធផលជាច្រើន ដើម្បីធ្វើឲ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍនៅកម្ពុជា។ ក្រោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រជាជាតិកម្ពុជាចេញពីរបបប៉ុលពត រហូតទទួលបានជ័យជំនះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ សម្ដេចតេជោ បានក្លាយជាស្ថាបនិកបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងបានបង្កើតនយោបាយឈ្នះឈ្នះ ដែលជាយុទ្ធសាស្ត្របញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។ បន្ទាប់ពីទទួលបានសុខសន្តិភាពទាំងស្រុង សម្ដេចតេជោបានខិតខំដឹកនាំនាវាកម្ពុជាពីប្រទេសឯកោ ប្រែក្លាយជាប្រទេសមានទំនាក់ទំនងការទូតឡើងវិញជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ហើយបានចាប់ផ្ដើមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ស្រោចស្រង់ប្រជាពលរដ្ឋចេញពីភាពក្រីក្រ ជាដើម។

២/ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

លោក ហោ ណាំហុង ធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសកម្ពុជាចំនួនពីរលើក គឺលើកទី១ នៅឆ្នាំ១៩៩២ និងលើកទី២ ចាប់ពីឆ្នាំ១៩៩៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី២ រហូតដល់ឆ្នាំ២០១៦។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី គឺលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមជាប្រមុខការទូតកម្ពុជា និងជាអ្នកនយោបាយចាស់វស្សាមួយរូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាប្រកបដោយស្មារតីមោះមុតសម្រាប់បុព្វហេតុបម្រើជាតិមាតុភូមិ ជាពិសេសលើការងារទំនាក់ទំនងអន្តរជាតិ និងកិច្ចការទូតជាមួយបណ្ដាប្រទេសជាមិត្តនៅក្នុងតំបន់ និងពិភពលោក។

ជាក់ស្ដែង កិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា គឺលោក ហោ ណាំហុង បានដឹកនាំគណៈប្រតិភូកម្ពុជា តទល់ក្ដីជាមួយភាគីប្រទេសថៃលើបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ធ្វើការបកស្រាយសាលក្រមឆ្នាំ១៩៦២។ ជាលទ្ធផល តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្ដី ហើយបានប្រកាសថា ប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់កម្ពុជា។

៣/ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

លោក ប្រាក់ សុខុន បានមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក ហោ ណាំហុង កាលពីឆ្នាំ២០១៦។ ក្រោយការចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសភ្លាម  លោក ប្រាក់ សុខុន បានបង្កើតឲ្យមាន «វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ» ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលលើវិស័យការទូតដំបូងគេ ដើម្បីកសាងធនធានមន្ត្រីការទូតកម្ពុជា ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងពោរពេញដោយសមត្ថភាព។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដើម្បីចូលរួមធ្វើពិពិធកម្មប្រភពកំណើនដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ស្របពេលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ លោក ប្រាក់ សុខុន បានទទួលភារកិច្ចជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា។ តាមរយៈតួនាទីជាប្រេសិតពិសេសប្រធានអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានខិតខិតប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកដំណោះស្រាយនានាសម្រាប់វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដើម្បីអាចឈានទៅបញ្ចប់ជម្លោះ ហើយនាំមីយ៉ាន់ម៉ាវិលរកប្រក្រតីឡើងវិញ។

បន្ថែមលើបញ្ហានៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ ដើម្បីពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមនានាទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេស សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ការស្ដារឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩ និងជម្លោះឧបទ្វីបកូរ៉េ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម