Connect with us

ព័ត៌មានជាតិ

ឥណ្ឌា​​​ប្រទេស​ទីមួយ ភ្ជាប់​ការទូតទទួលស្គាល់កម្ពុជាក្រោយរំដោះប្រទេស

បានផុស

នៅ

ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​ឥណ្ឌា​ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន ប្រមុខរដ្ឋាភិបាល​កម្ពុជា​​សម្តេច តេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេសនៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ជំនួប​ជាមួយ​លោក Jagdeep_Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា សម្តេច​តេជោ ហ៊ុន សែន​បានលើកឡើងអំពីទំនាក់ទំនងជាមិត្តភាពដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់​ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយ ដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយសម្តេច​ក៏​បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចជាលើកទី១របស់សម្តេចទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មី ក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។

នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏​បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសឥណ្ឌាជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាមួយគ្នា​នេះ​ ថ្នាក់ដឹកនាំប្រទេស​ទាំងពីរ​ក៏​បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និង​ការ​ស្វែងរកលទ្ធភាពដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។ សម្តេចតេជោក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួន «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។

នៅក្រោយជំនួបទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអនុប្រធានាធិបតីឥណ្ឌា លោក Jagdeep Dhankha បានចូលរួម​ក្នុងពិធីផ្លាស់ប្តូរឯកសារដែលចុះហត្ថលេខារួចចំនួនបួនរួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់បេតិកភណ្ឌកម្ពុជា។

២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។

៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថរវាង​ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។

៤. កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ខេត្តសៀមរាប​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម