Connect with us

ព័ត៌មានជាតិ

តម្លៃមាសងើបឡើង! តើពលរដ្ឋ គួរទិញទុក ឬលក់ចេញនៅពេលនេះ?

បានផុស

នៅ

តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានងើបឡើងជាបន្តបន្ទាប់ ខណៈដែលរូបិយប័នដុល្លារកំពុងធ្លាក់ថ្លៃ។ ដោយឡែកតម្លៃមាសនៅកម្ពុជា ក៏ស្ទុះឡើងផងដែរ ពោលគឺស្របតាមតម្លៃមាសនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវ និងតាមដានតម្លៃមាស បានលើកឡើងថា ការទិញមាសនាពេលនេះ អាចនឹងចំណេញច្រើន ដោយសារ តម្លៃមាសនឹងបន្តឡើងថ្លៃថែមទៀត អាចចន្លោះពី ២២៥០ដុល្លារ ទៅ ២៥០០ដុល្លារ ក្នុងមួយតម្លឹង (តម្លៃមាស​នៅកម្ពុជា)។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល បានលើកឡើងថា ហាងឆេងមាសកំពុងឡើងថ្លៃខ្លាំង គឺចាប់ពីថ្ងៃទី ១០ មីនា សប្តាហ៍មុនមក។

អ្នកតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោករូបនេះ បង្ហាញហេតុផលដែលបណ្តាលឱ្យតម្លៃមាសងើបឡើង ដោយសារកត្តាមួយចំនួន រួមមាន៖ ភាពអត់ការងារនៅអាមេរិក បានទាញទម្លាក់សេដ្ឋកិច្ចអាមេរិកយ៉ាងខ្លាំង។ ចំណូលគិតក្នុងមួយម៉ោងរបស់អាមេរិកក៏ថយចុះផងដែរ ដែលធ្វើឱ្យសេដ្ឋកិច្ច និងប្រាក់ដុល្លារ បន្តធ្លាក់ចុះតម្លៃ។

ជាមួយគ្នានេះ លោកថា ការដួលរលំនៃធនាគារនៅអាមេរិក ដោយសារពលរដ្ឋ និងម្ចាស់អាជីវកម្មសម្រុកដកប្រាក់ ពីធនាគារស្ទើរតែអស់ ធ្វើឱ្យធនាគារដួលរលំ។ ធនាគារខ្លះ បានធ្លាក់ភាគហ៊ុនខ្លាំង ដោយមួយថ្ងៃស្ទើរតែធ្លាក់ចុះ ៥០ភាគរយ។ ដោយឡែកធនាគារមួយចំនួនទៀត មិនពាក់ព័ន្ធនឹងបញ្ហាប្រតិបត្តិការសាច់ប្រាក់ទេ គឺមកពីខុស​គោលការណ៍របស់អាជ្ញាធរធនាគារកណ្តាលរបស់អាមេរិក រដ្ឋាភិបាលក៏ផ្អាកដំណើរការ។

ចំណែកអត្រាការប្រាក់កើនឡើងដល់ ៤.៧៥ ក៏ជាបញ្ហាចោទផងដែរ ។ លោក ឡុង សំណាង លើកឡើងថា នៅថ្ងៃទី ២២ មីនា ខាងមុខ ធនាគារកណ្តាលនឹងដំឡើងការប្រាក់ម្តងទៀត គោលដៅដើម្បីទាញទម្លាក់អតិផរណា ដោយ​បច្ចុប្បន្នអតិផរណាកើនឡើងជាង ៦ភាគរយ។ ប៉ុន្តែប្រសិនបើអាមេរិកដំឡើងអត្រាការប្រាក់បន្ថែមទៀត នោះនឹង​ធ្វើឱ្យលុយ​ដុល្លារកាន់តែឡើងថ្លៃ ដូច្នេះឱនភាពនៃការវិនិយោគនៅអាមេរិកនឹងបន្តធ្លាក់ចុះ បង្កឱ្យមានបញ្ហាជាមួយ​ធនាគារមួយចំនួនបន្ថែមទៀត។ មូលហេតុនេះហើយ ដែលធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ថ្លៃ បណ្តាលឱ្យតម្លៃមាស​ស្ទុះឡើងយ៉ាងគំហុក រហូតដល់ ១អោន ជាង ១៩០០ដុល្លារ គិតជាតម្លឹង ជាង ២២៣០ដុល្លារ នៅអាមេរិក។

លោក ឡុង សំណាង បានបន្តដូច្នេះថា «សម្រាប់ខ្ញុំ មើលឃើញថា តម្លៃហាងឆេងមាសនឹងបន្តកើនឡើងថែមទៀត។ នៅពេលតម្លៃមាសនៅលើពិភពលោកប្រែប្រួល តម្លៃមាសនៅកម្ពុជា ក៏ប្រែប្រួលទៅតាមនឹងដែរ។ សម្រាប់​អាជីវករ​នៅកម្ពុជា ចង់ជួញដូរមាស គួរតែទិញនាពេលនេះ ជាជាងការលក់ចេញ ដោយសារនៅក្នុងឆ្នាំ ២០២៣នេះ នឹងមានវិបត្តិសេដ្ឋកិច្ច»។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នសេដ្ឋកិច្ច បានធ្លាក់ចូលក្នុងវិបត្តិបណ្តើរៗហើយ តែមិនទាន់ខ្លាំង។ វិបត្តិនេះ នឹងជំរុញឱ្យតម្លៃមាសកាន់តែកើនឡើង ឥទ្ធិពលលុយដុល្លារធ្លាក់ចុះខ្សោយ ដោយសារ​ប្រទេសនីមួយៗគាំងស្ទះវិបត្តិសេដ្ឋកិច្ច។

ក្រឡេកមកមើលទីផ្សារកម្ពុជា ហាងមាសមួយចំនួន ទទួលបានអតិថិជនច្រើន។ លោក ទី មង្គល ម្ចាស់ហាងមាស​ទីមង្គល នៅរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា តម្លៃមាសកើនឡើងជាលំដាប់។ ទន្ទឹមនឹងការកើនឡើងនេះ ក៏មានតម្រូវការមាសច្រើនផងដែរ។ លោកបានបន្ថែមដូច្នេះថា« ខ្ញុំមើល​ឃើញថា ដោយសារជិតចូលឆ្នាំខ្មែរ មានភ្ញៀវទិញច្រើន ហើយគាត់ក៏រំពឹងថា អាចនឹងឡើងថែមទៀត»។ លោក ទី មង្គល បានគូសបញ្ជាក់ទៀតថា ប្រសិនបើពលរដ្ឋមានតម្រូវការមាសអាចទិញយកទៅប្រើប្រាស់បាន ប៉ុន្តែលោក មិនណែនាំឱ្យទិញ ដើម្បីទុកចំណេញនោះទេ ព្រោះហាងឆេងប្រែប្រួលឆាប់រហ័ស។ នៅថ្ងៃនេះ ហាងឆេងមាស​នៅហាងទីមង្គលតម្លៃ ២៣០០ដុល្លារ ក្នុង១តម្លឹង សម្រាប់ការលក់ចេញ។

ដោយឡែកអាជីវករលក់មាសមួយរូបទៀត នៅផ្សារសាលាលេខ៥ កំពង់ឆ្នាំង អ្នកនាង ហុង ហ៊ុយហ្កិច បានលើក​ឡើងថា នៅតំបន់នេះ ភាគច្រើនពលរដ្ឋលក់ចេញច្រើនជាងទិញចូល។ លក់ចេញទំនងជាពួកគេមាន​តម្រូវការប្រាក់ ស្របពេល​ដែលតម្លៃមាសឡើងថ្លៃ ខណៈដែលប្រាក់ចំណូលធ្លាក់ចុះ ជាពិសេសកម្មករ កម្មការិនី។ អ្នកនាង ហុង ហ៊ុយហ្កិច មើល​ឃើញថា កំណើននៃការទិញមាស អាចនឹងកើនឡើងនៅពេលកៀកបុណ្យចូលឆ្នាំខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម