ព័ត៌មានជាតិ
សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បង្កើតកម្មវិធី“សន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស” ដើម្បីជំរុញការយល់ដឹងដល់និស្សិតកម្ពុជា
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានរៀបចំកម្មវិធី “សន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស” ដើម្បីឱ្យនិស្សិតមានការយល់ដឹងអំពីការរស់នៅក្នុងប្រទេសមានសន្តិភាពក្រោយបញ្ចប់សង្រ្គាម និងការសិក្សារៀនសូត្ររបស់ពួកគេ នៅ AmCam Exchange ។



កម្មវិធីនេះ មាននិស្សិតចូលរួមពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាប្រមាណ ៤០នាក់ ព្រមទាំងមានវាគ្មិនកិត្តិយស២រូបផ្សេងទៀត គឺលោកសាស្ត្រាចារ្យ Justin Dara Op ជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោក ជា សុភា អគ្គនាយករបស់បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង AmCam Exchange ផងដែរ។

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានលើកឡើងនៅក្នុងកម្មវិធីនេះថា លោកបង្កើតវេទិកានេះឡើងមក ដើម្បីដាស់ចិត្តគំនិតមនុស្សគ្រប់រូបយល់ដឹងពីសន្តិភាព និងដឹងថា សន្តិភាពមិនមែនបង្កើតមកបានងាយស្រួលឡើយ។ ប៉ុន្តែ មនុស្សត្រូវចេះយកចំណេញពីសន្តិភាព។ យុវជនត្រូវយកចំណេញពីសន្តិភាពដើម្បីរៀនសូត្រ បង្កើតចំណេះដឹង និងធនធានមនុស្ស។

ក្នុងវេទិកានេះ ក្រុមនិស្សិតបានឡើងបកស្រាយ ពិភាក្សាគ្នា បញ្ចេញមតិទៅវិញទៅមកអំពីអ្វីដែលខ្លួនបានរៀនសូត្ររយៈពេល២៥ឆ្នាំ ដែលប្រទេសមានសន្តិភាពនេះ។ ធ្វើបែបនេះ ដើម្បីជំរុញឱ្យនិស្សិតគ្រប់រូបហ៊ាននិយាយពីអ្វីដែលខ្លួនបានយល់ដឹង និងរៀនសូត្រ ព្រមទាំងសកម្មភាពដែលយុវជនគ្រប់ គួរធ្វើដើម្បីសង្គមជាតិមានភាពរីកចម្រើន ។ នេះបើតាមការថ្លែងរបស់លោកសាស្ត្រាចារ្យ។

ចំណែក លោក ជា សុភា បានថ្លែងថា ការអប់រំ គឺជារឿងសំខាន់បំផុតដែលនាំឱ្យមនុស្សមានការអភិវឌ្ឍ ព្រមទាំងជួយដល់ខ្លួនឯង គ្រួសារ និងសង្គម ដើម្បីឱ្យសង្គមមានការអភិវឌ្ឍបន្តទៀត គឺមានតែយុវជនប៉ុណ្ណោះដែលជាសរសរទ្រូងរបស់ប្រទេសជាតិ។ យុវជន គឺជាចំណែកដ៏ធំមួយក្នុងការជួយកសាងជាតិជាមួយនឹងរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រទេសមានសន្តិភាពបរិបូរណ៍។

លោក ជា សុភា បានលើកឡើងបន្តថា ការសិក្សា គឺសំខាន់ណាស់ ដូច្នេះនិស្សិតគ្រប់រូបសិក្សាជាមួយគ្រូតែមួយមុខមិនគ្រប់គ្រាន់ឡើយ គឺត្រូវសិក្សាដោយខ្លួនឯងបន្ថែមទៀត ធ្វើការស្រាវជ្រាវ អាន និងធ្វើកិច្ចផ្សេងៗ ដើម្បីអភិវឌ្ឍខ្លួនឯងទៅមុខបន្តទៀត។
រីឯ លោកសាស្រ្តាចារ្យ Justin Dara Op បានចែករំលែកថា បច្ចុប្បន្ននេះ កម្ពុជា ជាប្រទេសដែលមានសន្តិភាពពេញលេញ គ្មានសង្គ្រាមទៀតឡើយ។ ដូចនេះ សិស្ស និស្សិតគ្រប់រូបគួរខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនឱ្យបានល្អ ជាប្រយោជន៍ដល់ប្រទេសជាតិ ពោល គឺរៀនគ្រប់ទីកន្លែង ពង្រឹងគ្រឹះឱ្យបានរឹងមាំ។ កំឡុងពេលពង្រឹងសមត្ថិភាព និស្សិតត្រូវប្រកាន់ជំហររបស់ខ្លួន និងមានការគិត ចេះបែងចែក ថ្លឹងថ្លែង ដោយប្រកាន់យកភាពត្រឹមត្រូវ និងអភិវឌ្ឍន៍ខ្លួនក្នុងនាមជាខ្មែរ។

និស្សិតផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កញ្ញា ហៀត ផារ៉ាវីន បានបកស្រាយថា ការទទួលបានសន្តិភាព នាំឱ្យកម្ពុជាទទួលបានការបង្រួបបង្រួមជាតិ មានការអភិវឌ្ឍក្នុងសង្គម និងជីវភាពរបស់ប្រជាជនខ្មែរមានការរីកចម្រើនផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានខ្នះខ្នែង ខិតខំធ្វើយ៉ាងណាជួយដល់ប្រជាជន និងប្រទេសគ្រប់ស្ថានភាព ជាពិសេស កំឡុងពេលមានវិបត្តិកូវីដ-១៩តែម្តង។ ដើម្បីជួយជាតិបាន យុវជនត្រូវស្គាល់ខ្លួនឯងជាមុននូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន រួចហើយបង្កើនចំណេះដឹង ដោយរៀនសូត្រ និងយកគម្រូតាមបុគ្គលល្បីៗនៅក្នុងសង្គម។ នេះបើតាមការលើកឡើងរបស់កញ្ញា ហៀត ផារ៉ាវីន។

ចំណែក កញ្ញា សំណាង ចាន់ស្រីណុច ជានិស្សិតប្រវត្តិសាស្ត្រដូចគ្នាបានលើកឡើងថា រយៈពេល២៥ឆ្នាំ ដែលប្រទេសមានសន្តិភាព កម្ពុជាទទួលបានការអភិវឌ្ឍលើវិស័យអប់រំ វប្បធម៌ សាសនា ច្បាប់ សេដ្ឋកិច្ច និងសុខាភិបាលជាដើម។ កញ្ញាបន្តថា វិស័យទាំងអស់នេះ មានការយល់ដឹងច្រើនពីប្រជាជនខ្មែរ ហើយក៏មានការអភិវឌ្ឍ និងរីកចម្រើនទៅមុខជាបន្តបន្ទាប់ដើម្បីឆ្ពោះទៅរកស្ថេរភាពនៃសន្តិភាពក្នុងប្រទេសផងដែរ៕



ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ