ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ពាក់ផ្កាយ៣រយៈពេល១០ឆ្នាំ មុនត្រូវបានដំឡើងឋានន្តរស័ក្តិផ្កាយ៤នៅពេលនេះ
«ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង និងពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព តែថ្ងៃនេះដល់វេនត្រូវបំពាក់ខ្លួនឯង»។ នេះជាសំណេររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសានេះ បន្ទាប់ពីឯកឧត្តមត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍(ផ្កាយ៤)ជាផ្លូវការ។ ការដំឡើងឋានន្តរស័ក្តិនេះ គឺបន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក(ផ្កាយ៣)អស់រយៈពេល១០ឆ្នាំ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ដល់ឯកឧត្តម។ ជាមួយគ្នានេះ ឯកឧត្តម ក៏គោរពថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់ឯកឧត្តម ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជា។
បច្ចុប្បន្ននេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កំពុងកាន់តួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ ក្នុងចំណោមអគ្គមេបញ្ជាការរងទាំងអស់នៃកងយោធពលខេមរភូមិន្ទ គឺមានតែឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ម្នាក់ប៉ុណ្ណោះដែលមានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក ខណៈអគ្គមេបញ្ជាការរងដទៃផ្សេងទៀតសុទ្ធតែមានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ មានទីកំណើតក្នុងស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) គឺកាលពីកុមារភាព ឯកឧត្តម បានចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ ក្នុងចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ហើយក្នុងឆ្នាំ១៩៩០ ឯកឧត្តម ក៏បានចូលរៀនបន្តនៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ)។
ក្រោយបញ្ចប់កម្រិតវិទ្យាល័យនៅរាជធានីភ្នំពេញ គឺក្នុងឆ្នាំ១៩៩៥ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាកចេញទៅបន្តការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក ហើយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ បន្ទាប់ពីទទួលបានសញ្ញាបត្រយោធា ឯកឧត្តម ក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ញូយ៉ក សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនេះក្នុងឆ្នាំ២០០២។ មិនបញ្ចប់ត្រឹមប៉ុននេះទេ កូនប្រុសច្បងរបស់សម្ដេចតេជោរូបនេះ ក៏បានបន្តយកសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស ថែមទៀតផង។

ដោយផ្អែកលើកម្រិតវប្បធម៌ដ៏ជ្រៅជ្រះ និងពោរពេញដោយសមត្ថភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ត្រូវបានថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក-សមាជិកាទាំងអស់របស់គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនេះ ដើម្បីជាជំហានឈានឆ្ពោះទៅជាបេក្ខភាពនៅពេលអនាគត ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា តែងតាំងជាបេក្ខជនពេញសិទ្ធិនៅលេខរៀងទី១ ក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលរាជធានីភ្នំពេញ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


