ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា៖ អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោត បង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក អ្នកបោះឆ្នោតជាង ៨,២ លាននាក់ ដែលបានប្រើប្រាស់សិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេស ជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើក នៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។

សេចក្ដីថ្លែងការរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃទី ២៤ ខែកក្កដា បញ្ជាក់ថា ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យ៖ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញពីការបដិសេធយ៉ាងច្បាស់ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបព៌ណដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយមក្នុងគោលបំណងឱ្យមានការផ្លាស់ប្ដូររបបតាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរពដោយតួអង្គខាងក្រៅទាំងអស់។
អ្នកសង្កេតការណ៍មិនលំអៀង៖ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជន កម្ពុជានៅបរទេស។

ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត។
ក្រសួងការបរទេសបានឱ្យដឹងថា ការគោរពតាមច្បាប់ជាធរមាន សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ខាងលើ បង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតសកលនៅកម្ពុជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងប្រកបដោយបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាម ច្បាប់ជាធរមាន។ ឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រីនិងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ ត្រូវបានទទួលការកត់សម្គាល់ផងដែរ។
ពហុបក្សនយោបាយប្រកបដោយបរិយាបន្ន ដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ ដោយផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាព និងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។
សិទ្ធិ និងការទទួលខុសត្រូវ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់បោះឆ្នោតមានសារៈសំខាន់និងភាពចាំបាច់ ដើម្បីធានាបាននូវភាពមិនលំអៀងនៃដំណើរការបោះឆ្នោត អ្នកដែលមិនគោរពច្បាប់ឱ្យបាន ត្រឹមត្រូវ ត្រូវទទួលរងនូវផលវិបាក។
ក្រសួងការបរទេសកម្ពុជាអះអាងថា ការបោះឆ្នោតសកលឆ្នាំ ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំ ខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុ-រូបនៃការបោះឆ្នោត ដូចដែលបានត្រូវបញ្ជាក់ដោយភាពចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
ក្នុងនាមជាប្រទេសអធិបតេយ្យ និងឯករាជ្យកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥត ងាកររបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរពីលក្ខណៈពិសេសដោយឡែក ប្រវត្តិសាស្ត្រដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


