Connect with us

ព័ត៌មានជាតិ

ការខូចខាតបង្កាន់ដៃនាគប្រាសាទអង្គរវត្ត អាច​ចាយ​ពេលជួសជុលប្រមាណ ៣ ខែ

បានផុស

នៅ

គ្រឹះ​បង្កាន់​ដៃ​នាគ​ដែល​ធ្វើ​អំពី​ថ្ម​ភក់​នៅ​ជាន់​ផ្ទាល់​ដី​នា​ភាគ​ខាង​​ត្បូង​របស់​ប្រាសាទ​​អង្គរ​វត្ត ត្រង់​ច្រក​កណ្ដាល​ចេញ​ពី​ខ្លោងទ្វារ​តា​​ពេជ្រ ដែល​រង​ហានិភ័យ​ខ្ពស់​ ប្រឈម​នឹង​ការ​បាក់​រលំអាច​ត្រូវ​ចាយ​ពេល​ជួស​ជុល​ប្រមាណ​ ៣​ ខែ ទើប​រួច​រាល់។ ការ​ឱ្យ​ដឹង​បែប​នេះ តាម​រយៈ​ការ​លើក​ឡើង​របស់​លោក លោក សយ សុភារិន្ទ អ្នក​បុរាណ​វិទូនិង​ជា​ភ្នាក់​ងារ​អភិរក្ស​ប្រាសាទ​អង្គរវត្តនៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុភារិន្ទ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​បង្កាន់​ដៃ​នាគនិង​ជើង​ទម្រ​ធ្វើ​ពី​ថ្ម​ភក់​របស់​ប្រាសាទ​អង្គរវត្ត​ភាគ​ខាង​កើតនៃ​ជណ្ដើរ​ខាង​ត្បូង​ដែល​មាន​អាយុកាល​ជិត​ពាន់​ឆ្នាំ​ប្រវែង​ប្រហែល ១០ម៉ែត្រ កំពុង​មាន​ហានិភ័យ​ខ្ពស់ ដោយ​សារ​​កន្លែង​ខ្លះ ថ្ម​បាក់បែក និង​គ្រឹះ​របស់​វា​ត្រូវ​ទឹក​ភ្លៀង​ហូរ​ច្រោះ​ដី​បណ្ដាល​ឱ្យ​ដុំថ្ម​របស់​ខឿន​ធំ​ៗញែក​ចេញ​ពី​គ្នា​ធ្វើ​ឱ្យ​ទ្រេត​ខ្លាំង ប្រឈម​មុខ​នឹង​ការ​រលំ​ក្បាល​នាគ។

ចាប់​តាំង​តែ​ពី​ដើម​ខែ​កក្កដាមក ក្រុម​ការងារ​បាន​រុះរើ​បង្កាន់​ដៃ និង​ក្បាលនាគ​នៅ​ទីនោះ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​មាន​ការ​ឯកភាព​ពី​អ្នក​ជំនាញ​ការ​អាដហុក ហើយ​ចាប់​ពី​ដើម​ខែ​សីហា​នេះ ក្រុម​ការងារ​ក៏​បាន​ចាប់​ផ្ដើម​រុះរើ​ផ្ទាំង​ថ្ម ខឿន​របស់​បង្កាន់​ដៃ​នាគ​ទីនោះ​ដើម្បី​រើថ្មក្រៀក​ចេញ​ហើយ​សម្អាត​កម្ទេច​ដី​រួច​ដាក់​ចូល​ទី​តាំង​ដើម​វិញ។

អ្នក​បុរាណ​វិទូរូប​នេះបាន​គូស​បញ្ជាក់​ថា​ «ការ​ជួស​ជុល បង្កាន់​ដៃ​នាគ​របស់​ប្រាសាទ​អង្គរ​វត្ត គឺ​គេ​ធ្វើការងារ​ជា​ច្រើន​ទៅ​តាម​បច្ចេកទេស​ដូចជា ត្រូវ​ដកជាតិ​អំបិល​ចេញ​ពីថ្ម​នៅ​តាម​កន្លែងខ្លះ រីឯខ្លួននាគដែល​បាក់បែកត្រូវ​ប្រើបច្ចេកទេស​តភ្ជាប់ និង​ផ្គុំថ្ម​ឡើងវិញ ហើយ​ត្រង់​កន្លែងណា​ដែល​បាត់បង់​ គឺត្រូវ​​ឆ្លាក់​ថ្មថ្មីមក​ដាក់ជំនួស។ ចំណែក​ឯជើង​ទម្រ​នាគ​ដែល​បាក់​បែក ក៏​ត្រូវ​ពង្រឹង​ឡើងវិញ ដើម្បី​ប្រែក្លាយ​ពី​ហានិភ័យ​ឱ្យ​ទៅ​ជាសុវត្ថិភាព និង​រឹងមាំឡើងវិញ គឺ​ក្រុម​ការងារ​អាចនឹង​ចំណាយ​ពេល​ប្រហែល ៣​ខែ»

បន្ថែម​នេះ លោក​ សយ សុភារិន្ទ បញ្ជាក់​ថា នៅ​ពេល​ដែល​ក្រុម​ការងារ​ជួសជុល​គ្រឹះបង្កាន់​ដៃនាគនៅជាន់ផ្ទាល់​ដីនាភាគខាងកើត​នៃជណ្ដើរខាងត្បូង​របស់​ប្រាសាទអង្គរវត្ត​ត្រង់ច្រកកណ្ដាលចេញ​ពីខ្លោងទ្វារតាពេជ្រ​រួច​រាល់​ ​ក្រុម​ការងារ​នឹង​ចាប់ផ្ដើម​ជួយសង្គ្រោះបង្កាន់​ដៃនាគនៅ​តាមច្រក​ចូល​ជុំវិញប្រាសាទអង្គរវត្តជាបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម