ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បង្ហាញក្ដីបារម្ភនៃការកើនឡើងភាពប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយ
ក្នុងកិច្ចប្រជុំពេញអង្គអាស៊ាន នៅទីក្រុងហ្សាកាតា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្ដីព្រួយបារម្ភនៃការកើនឡើងភាពប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយ។ សម្ដេចធិបតី ថា បញ្ហានេះបានធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាចគាំទ្របានយ៉ាងពិតប្រាកដប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់សំដៅដល់ការឆ្លើយតបរបស់អាស៊ាន ពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់ តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន។
សម្ដេចធិបតី បន្តថា ក្នុងនាមជាសា្ថប័នរៀបចំគោលនយោបាយកំពូល ស្របតាមគោលការណ៍ស្នូលការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់ និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់ និងមានសារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក សម្ដេច ថា អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំ និងមានភាពធន់នឹងវិបត្តិ ដែលរួមមាន ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានដំណើរការក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន”។ កិច្ចប្រជុំកំពូលបានស្តាប់របាយការណ៍របស់តំណាងមូលនិធិ រូបិយប័ណ្ណអន្តរជាតិ(IMF) ធនាគារពិភពលោក និងរបាយការណ៍របស់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដោយជម្រាបជូនថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានអំពីស្ថានការណ៍វិវត្តន៍នៃសភាពការណ៍ជាទូទៅ។ ក្នុងនោះ របាយការណ៍បានកត់សម្គាល់ឃើញថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភព លោកកំពុងធ្លាក់ចុះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងដោយសារវិបត្តិនៃសង្គ្រាម ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់មួយចំនួន ប៉ុន្តែសម្រាប់អាស៊ាននៅតែជាពន្លឺនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដោយឆ្នាំ២០២៣ អាស៊ានអាចទទួលបាននូវកំណើនផលិតផលក្នុងស្រុកសរុប៤,៦% ស្មើនឹងប្រមាណ ៣,៦ ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃផលិតផលក្នុងស្រុក(GDP) សរុបរបស់ពិភពលោកនិងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥លើពិភពលោក។
ទោះបីមានចំណុចវិជ្ជមានយ៉ាងនេះក្តី តំណាងស្ថាប័នរូបិយប័ណ្ណអន្តរជាតិ និងធនាគារពិភពលោក បានអំពាវនាវឱ្យអាស៊ានធ្វើការកែទម្រង់ស្ថាប័ននេះ ពង្រឹងការវិនិយោគលើការងារ លើប្រជាជន យុវជន លើវិស័យអប់រំ បច្ចេកវិទ្យា ឌីជីថល និងរាល់កំណើនដែលធានាឱ្យមានចីរភាព។

ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន បានថ្លែងចំណាប់អារម្មណ៍ជាបន្តបន្ទាប់ដោយចាប់ផ្តើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ថ្នាក់ដឹកនាំជាច្រើនក៏បានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមវិភាគទានដ៏ធំធេងក្នុងការពូនជ្រុំ និងការធ្វើសមារណកម្មអាស៊ាន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំកំពូលបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនដូចជា៖
សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើន សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ានបៃតង និងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ