Connect with us

ព័ត៌មានជាតិ

កាលពី ១១៧ ឆ្នាំ​មុន កម្ពុជា​ទើប​​ស្គាល់​ភ្លើង​អគ្គិសនី​​ប្រើប្រាស់​លើក​ដំបូង​ ​​

បានផុស

នៅ

អគ្គិសនី​បាន​ចាប់ផ្តើម​មាន​ប្រើប្រាស់​នៅ​កម្ពុជា​ពី​ឆ្នាំ ១៩០៦ ក្នុង​រជ្ជកាល​ព្រះបាទ​ព្រះ​ស៊ីសុវត្ថិ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុង​ឱកាស​ចូលរួម​ពិធី “បិទ​ស្ទឹង​សាងសង់​ទំនប់​វារីអគ្គិសនី​តាតៃ​លើ​អានុភាព​ ១៥០មេហ្គាវ៉ាត់” ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។

ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​រៀបចំ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ចាប់ពី​ឆ្នាំ ១៩៥៨ ក្រោយ​ពេល​ដែល​រាជ​រដ្ឋាភិបាល​បាន​ទិញ​យក​ពី​វិស័យ​ឯកជន​​រួច​បង្កើត​ជា​ក្រុមហ៊ុន​អគ្គិសនី​របស់​រដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល

យ៉ាងណាមិញចាប់​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សង្គ្រាម​និង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​បាន​បំផ្លាញ​វឌ្ឍនភាព​វិស័យ​អគ្គិសនី​ដំបូង​របស់​កម្ពុជា​ស្ទើរ​គ្មាន​សល់​។ ក្រោយ​ឆ្នាំ ១៩៧៩ សង្គ្រាម​ស៊ីវិល​នៅ​តែ​បន្ត​នៅ​តំបន់​ខ្លះ​រហូត​ដល់​ឆ្នាំ ១៩៩៨ កម្ពុជា​មាន​សន្តិភាព​ពេញលេញ ទើប​វិស័យ​អគ្គិសនី​មាន​លទ្ធភាព​អភិវឌ្ឍ​បាន​យ៉ាង​ពិត​ប្រាកដ​។

បើ​តាម​លោក កែវ រតនៈ ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ក្រោយ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ចែកចាយ​ជា​ពីរ​ដំណាក់កាល​៖

-ដំណាក់​កាល​ស្តារ និង​រៀបចំ​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍន៍​
-ដំណាក់​កាល​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ពិត​ប្រាកដ

លោក​ថា ក្រោយ​មាន​សន្តិភាព​ពេញលេញ ផ្តើម​ចេញ​ពី​ស្ថានភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​មាន​ភាព​ទ្រុឌទ្រោម ការ​ផ្គត់ផ្គង់​មិន​មាន​ស្ថិរភាព មិន​ពេញ ២៤ ម៉ោង និង​មាន​តែ​កណ្ដាល​រាជធានី​ភ្នំពេញ និង​ក្រុង​សំខាន់ៗ​ខ្លះ វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ត្រូវ​ការ​ដំណាក់កាល​ដំបូង​ដែល​មាន​រយៈ​ពេល​ជិត ១០ ឆ្នាំ ដើម្បី​ធ្វើការ​ស្តារ​និង​កែ​លម្អ​ការ​ផ្គត់ផ្គង់​រួម​ទាំង​ការ​រៀបចំ​ច្បាប់ ​បទ​បញ្ញត្តិ​នានា ការ​កែ​ទម្រង់​ការ​ធ្វើ​អាជីវកម្ម​អគ្គិសនី​របស់​រដ្ឋ​ ការ​រៀបចំ​បើក​ឲ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​អគ្គិសនី ការ​រៀបចំ​ផែនការ​មេ​និង​ការ​រៀបចំ​គម្រោង​វិនិយោគ​ដំបូងៗ មុន​ឈាន​ដំណាក់កាល​ធ្វើការ​អភិវឌ្ឍ​ពិតប្រាកដ​ដោយ​ចាប់ផ្ដើម​ចេញ​ដំណើរ​ពី​ឆ្នាំ ២០០៨។

លោក​អះអាង​ថា ការអភិវឌ្ឍន៍​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ពិត​ប្រាកដ​សម្រាប់​កម្ពុជា នោះ​គឺ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បណ្តាញ​ជាតិ​មួយ​ដែល​មាន​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ និង​អនុ​ស្ថានីយ​ដើម្បី​តភ្ជាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទូទាំង​ប្រទេស ហើយ​បើក​ឱកាស​ឲ្យ​ប្រទេស​កម្ពុជា​អាច​ផ្លាស់ប្តូរ​ការ​ដោះស្រាយ​ប្រភព​អគ្គិសនី​ដែល​ពី​មុន​ធ្វើ​តាមរយៈ​ម៉ាស៊ីន​ផលិត​អគ្គិសនី​តូចៗ​តាម​តំបន់​ចែកចាយ​ដោយ​ឡែក​នីមួយៗ មក​ជា​ការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ធំៗ ដែល​មាន​ថ្លៃ​កាន់​តែ​ទាបនិង​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ថាមពល​ពី​ប្រទេស​ជិត​ខាង​។

លោក​បន្ត​ថា ប្រព័ន្ធ​បណ្ដាញ​ជាតិ​នឹង​ប្រមូល​ផ្តុំ​ប្រភព​អគ្គិសនី​ទាំងអស់​បញ្ចូល​គ្នា រួច​បញ្ជូន​ទៅ​អនុ​ស្ថានីយ​សម្រាប់​បែងចែក​ទៅ​បណ្ដាញ​​បញ្ជូន​រង​ និង​បណ្ដាញ​ចែកចាយ​ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស​។

លោក​រដ្ឋមន្រ្តី​បាន​លើកឡើង​ពីសមិទ្ធផល​សំខាន់ៗ​ដែល​វិស័យ​ថាមពល​នៅ​កម្ពុជា​សម្រេច​បាន​ពិតប្រាកដ ក្នុង​រយៈពេល ១៥ ឆ្នាំ ចាប់​ពី​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន​មាន​ដូច​តទៅ៖

ទី១. ការអភិវឌ្ឍន៍​ប្រភព​អគ្គិសនី​

ប្រភព​អគ្គិសនី​ត្រូវ​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដែល​អនុភាព​កើន​ឡើង​ពី ១៥០ មេហ្គាវ៉ាត់​នៅ​ឆ្នាំ ១៩៩៨ រហូត​ដល់​ ៤ ៤៩៥ មេហ្គាត់វ៉ាត់​នៅ​ចុង​ឆ្នាំ ២០២២ កំណើន​ជិត​៣០ ដង។ ចំណែក​ការ​អភិវឌ្ឍ​បណ្តាញ​បញ្ជូន​និង​អនុ​ស្ថានី​ចាប់ផ្តើម​ពី​គ្មាន​សោះ​​នៅ​ឆ្នាំ ២០០៨ រហូត​​មាន​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ដល់ ៣ ៤៨៦ គីឡូម៉ែត្រ និង​ចំនួន​អនុ​ស្ថានីយ​កើន​ឡើង​ដល់ ៦៣ កន្លែង ដែល​ធ្វើឲ្យ​ប្រព័ន្ធ​បណ្តាញ​ជាតិ​អាច​គ្រប​ដណ្ដប់​ទាំង ២៥ ខេត្ត​ក្រុង។

ដោយ​ឡែក​បណ្តាញ​ចែកចាយ​សរុប​ទាំង​តង់ស្យុង​មធ្យម​និង​ទាប​មាន​រហូតដល់ ៨​៧ ៥២៩ គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​ការ​ចែក​ចាយ​គ្រប​ដណ្តប់​ភូមិ ៩៨ ភាគរយ​និង ស្មើ ៨៨% នៃ​ខ្នង​ផ្ទះ​សរុប​ទូទាំង​ប្រទេស។

ការ​បន្ត​អភិវឌ្ឍ​ពង្រឹង​និង​ពង្រីក​សមត្ថភាព ​និង​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​ដោយ​យកចិត្តទុកដាក់​អភិវឌ្ឍ​ទាំង​ប្រព័ន្ធ​បណ្តាញ​ជាតិ ប្រភព​អគ្គិសនី ​បណ្តាញ​បញ្ជូន​រងនិង​បណ្តាញ​ចែកចាយ។​ ជាមួយគ្នានេះ​ការ​យកចិត្តទុកដាក់​ដោះស្រាយ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​ភូមិ​ដាច់​ស្រយាល​ជា​បណ្តើៗ​ដែល​ការ​ផ្គត់ផ្គង់​បណ្តាញ​ជាតិ​ទៅ​ពុំ​ទាន់​ដល់​តាមរយៈ​ការអភិវឌ្ឍ​អគ្គិសនី​ខ្នាត​តូច​ពី​ពន្លឺ​ព្រះអាទិត្យ​ និង​ផ្គុំ​ប្រព័ន្ធ​អាគុយ​ស្តុក​ទុក។

ទី២/ ការ​ឯកភាព​ថ្លៃ​ទូទាំង​ប្រទេស

ការ​ឧបត្ថម្ភធន​ (ការ​ចេញ​ខាត) ជាង ១០០ លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ពី​អាជីវកម្ម​អគ្គិសនី​ផ្ទាល់។ ថ្លៃ​លក់​អគ្គិសនី​ត្រូវ​បាន​កំណត់​អត្រា​ឯកភាព​ទូទាំង​ប្រទេស​។ បច្ចុប្បន្ន​ថ្លៃ​អគ្គិសនី​ឯកភាព​មាន​តម្លៃ ៣៨០ រៀល ៤៨០ រៀល និង ៦១០ រៀល​សម្រាប់​ជួយ​គ្រួសារ​មាន​ចំណូល​ទាប និង​មធ្យម​ដែល​ប្រើប្រាស់​អគ្គិសនី​តិច។

ថ្លៃ ៤៨០ រៀល​លើ​​ផ្នែក​កសិកម្ម​ដែល​ប្រើ​នៅ​ពេល​យប់​ចាប់​ពី​ម៉ោង ៩ យប់ ដល់ ៧ ព្រឹក​ និង​ថ្លៃ​អនុគ្រោះ ៦១០ រៀល ដល់​អ្នក​ប្រើប្រាស់​ប្រភេទជា​​សាលា​រៀន មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​សុខភាព​ទូទាំង​ប្រទេស។

ថ្លៃ​លក់​អគ្គិសនី​មាន​ការ​ថយ​ចុះ​បើ​ធៀប​នៅ​ឆ្នាំ ២០១៥ ដែល​ពេល​នោះ​តម្លៃ​ពី ១ ០០០ រៀល ដល់ ៦៥០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។​ យ៉ាងណា​នៅ​តាម​តំបន់​ទោលដែល​​ពុំ​ទាន់​មាន​ការ​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ នៅ​ពុំ​ទាន់​មាន​ការ​ឯកភាព​ថ្លៃ​នៅ​ឡើយ។

ថ្មីៗ​នេះ​សម្តេច​ធិបតី​បាន​សម្រេច​ឲ្យ​អគ្គិសនី​ចុះ​ថ្លៃ​បន្ថែម​ទៀតជូន​ចំពោះ​វិស័យ​កសិកម្ម ការ​កែច្នៃ​កសិ​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​ទេសចរណ៍ តាម​រដូវ​កាល​ដែល​មាន​កំណើន​ដើម្បី​ជំរុញ​ការ​ផលិត​ និង​បង្កើន​សកម្មភាព​ទេសចរណ៍​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជា​សកល​ពី​ជំងឺ​កូវីដ​និង​សង្គ្រាម​នៅ​អុយក្រែន។

ទី ៣ ការ​កែ​លម្អ​ការ​ផ្តល់​សេវា​អ្នក​ប្រើប្រាស់​អគ្គិសនី

ក្រៅពីគិតគូរ​អភិវឌ្ឍ​ប្រភព​ផ្គត់ផ្គង់ ការ​ធ្វើ​ឲ្យ​មាន​ថ្លៃ​លក់​ឯកភាព​អគ្គិសនី​ទូទាំង​ប្រទេស ការ​បន្ថយ​និង​ផ្តល់​ថ្លៃ​អនុគ្រោះ​អគ្គិសនី​ រដ្ឋាភិបាល​បាន​គិតគូរ​ដល់​កែ​លម្អ​​ការ​ផ្តល់​សេវា​ដល់​អ្នក​ប្រើប្រាស់​អគ្គិសនី​។ ដូចជា​កែ​សម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​បង្កើន​ស្ថិរភាព ​គុណភាព និង​ចាប់ផ្តើម​ការ​ដាក់​ឲ្យ​អនុវត្តការ​ស្នើ​សុំ ការ​ផ្តល់​សេវា​ ការ​ផ្តល់​ព័ត៌មាន ការ​ទូទាត់ ការ​ទំនាក់ទំនង​អ្នក​ប្រើប្រាស់​និង​ផ្គត់ផ្គង់ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីល​ឲ្យ​កាន់តែ​ទំនើប ងាយស្រួល តម្លាភាព និង​ប្រសិទ្ធភាព​។​

​ទី ៤ ការ​ធ្វើ​អន្តរកាល​ឆ្ពោះ​ទៅ​រក​អព្យាក្រឹត្យ​កាបូន

ស្រប​តាម​និន្នាការ​ពិភពលោក ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​អន្តរកាល​ទៅ​ជា​សង្គម​អព្យាក្រឹត្យ​កាបូន​នៅ​ឆ្នាំ ២០៥០។ ក្នុងនាម​សេនាធិការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដឹកនាំ វិស័យ​ថាមពល រយៈ​ពេល​កន្លងទៅ​នេះ ក្រសួង​រ៉ែ​និង​ថាមពល​មាន​ភារកិច្ច​មិន​ត្រឹម​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​ប្រកប​ដោយ​គុណភាព ស្ថិរភាព ប្រសិទ្ធភាព​និង​ថ្លៃ​សមរម្យ ក្រសួង​ក៏​ប្តេជ្ញា​ចូលរួម​អនុវត្ត​ធ្វើ​ឲ្យ​កម្ពុជា​ឈាន​ឆ្ពោះ​ទៅរក​អព្យាក្រឹត្យ​កាបូន​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល។ ក្រសួង​ត្រូវ​ធ្វើការ​ចំនួន​ពីរ​គឺ​ទី​មួយ​បង្កើន​ប្រសិទ្ធភាព​ថាមពល​អគ្គិសនី និង​ទី​ពីរ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ។

ដើម្បី​ឲ្យ​កម្ពុជា​បង្កើន​ការ​ផលិត​ និង​ប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឈាន​ឆ្ពោះ​ទៅ​រក​សង្គម​អព្យាក្រឹត្យ​កាបូន​នៅ​ឆ្នាំ ២០៥០ វិស័យ​ថាមពល​កម្ពុជា​ត្រូវ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រព័ន្ធ​ស្តុក​ថាមពល​ទុក​ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​ចុះ​ឡើង​នៃ​ប្រភព​ថាមពល​កកើត​ឡើង​វិញ និង​ដើម្បី​ស្តុក​ថាមពល​ទុក​សម្រាប់​បំពេញ​ការ​ផ្គត់ផ្គង់​នៅ​ពេល​ម៉ោង​ដែល​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់​ថយ​ចុះ​ឬ​គ្មាន។

កន្លងទៅ​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​សាកល្បង​ដាក់​បញ្ចូល​ការ​ប្រើប្រាស់​ប្រព័ន្ធ​អាគុយ​ស្តុក​ថាមពល​ទុក​នៅ​ក្នុង​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ទៅ​បណ្តាញ​ជាតិ​ចំនួន ៤ ដើម្បី​ជួយ​បន្សាប​ការ​ឡើង​ចុះ​មិន​ទៀងទាត់​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ហើយ​កំពុង​រៀបចំ​វិនិយោគ​គម្រោង​ស្តុក​មួយ​ទៀត​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី។

លើស​ពី​នេះ ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ស្នើ​សុំ​​ក្រុមហ៊ុនដែល​គ្រប់គ្រង​វារី​អគ្គិសនី ដែល​ដំណើការ​រួចហើយ​ឲ្យ​ជួយ​ធ្វើការ​សិក្សា​បឋម​ពីសក្តានុពល​ស្ថានីយវារី​អគ្គិសនី​បូម​ទឹក​ស្តុក​ទុកក្នុង​តំបន់​ភូមិសាស្រ្ត​នីមួយៗ។

តាម​ការ​សិក្សា​និង​ស្រាវជ្រាវ​ជា​បឋម​ ក្រសួង​រ៉ែនិង​ថាមពល​បាន​ទទួល​ព័ត៌មាន​ថា នៅ​តំបន់​ត្រីកោណនៅ​ខេត្ត​កោះកុង កំពង់ស្ពឺ​ និង​ពោធិ៍សាត់​ អាច​មាន​សក្ដានុពល​បង្កើត​ថាមពល​អគ្គិសនី​ស្តុក​ទុក​បាន​​រាប់​ពាន់​មេហ្គាត់វ៉ាត់។

ដោយឡែកនៅ​ទីតាំង​វារី​អគ្គិសនី​តាតៃ​​ក៏​មាន​លក្ខណៈ​ភូមិសាស្រ្ត​អំណោយផល​អាច​​បង្កើត​វារី​អគ្គិសនី​បូម​ទឹក​ស្តុកទុក​ក្នុង​អានុភាព ១ ពាន់​មេហ្កវាត់ ដែល​អាច​ជួយ​បង្កើន​អានុភាព​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា។

ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​ជា​បន្តបន្ទាប់​នេះ អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​បង្កើត​ថាមពល​កកើត​ឡើង​វិញ​ជា​អតិបរមា និង​អាច​លក់​ថាមពល​កកើត​ឡើង​វិញ​នៅ​ប្រទេស​ជិត​ខាង​ផង​ដែរ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន​កម្ពុជា​មាន​ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន ១១ កន្លែង កំពុង​ដំណើរការ​ដែល​មាន​អានុភាព​សរុប ៤២២ មេហ្កាវ៉ាត់។

​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​លើ​ការ​ប្រើប្រាស់​ថាមពលស្អាត។ កម្ពុជា​ទាញ​​ប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញចំនួន ៦២% និង​មានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ​២០៣០។

ក្រៅពី​វារីអគ្គិសនីចំនួន ០៨ ដែល​មានអានុភាពសរុប ១ ៣២៩ មេហ្កាវ៉ាត់ និង​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន ១១ កន្លែង មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់ ដែល​កំពុងដាក់​ឲ្យដំណើរការ កម្ពុជាកំពុង​សិក្សា​អភិវឌ្ឍ​​ប្រភពអគ្គិសនីដោយថាមពលខ្យល់​ផង​ដែរ។

បើតាម​លោក កែវ រតនៈ រដ្ឋាភិបាល​បាន​ដាក់​ផែនការឆ្នាំ ២០៣០ កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​​ឲ្យ​បាន ១៩% ស្មើ ២ ០០០ មេហ្គាវ៉ាត់។ ការ​ប្រើប្រាស់​ថាមពល​ដោយ​សន្សំសំចៃ​​​អាច​ធ្វើ​ឲ្យ​កម្ពុជា​មិន​បាច់​បង្កើត​រោងចក្រ​ផលិត​ថាមពល​​​ថ្មី​បន្ថែម​ចំនួន​ ២០០០ មេហ្គាវ៉ាត់ ​ដែល​​ជាការ​​រួម​ចំណែក​ដល់​កិច្ច​ការពារ​បរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម